អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Duterte ចង់​ឲ្យ​រុស្ស៊ី​ក្លាយជា​សម្ព័ន្ធមិត្ត​ដើម្បី​ការពារ​ហ្វីលីពីន​
07, Jan 2017 , 3:16 pm        
រូបភាព
រូបភាព៖ Manila Bulettin
រូបភាព៖ Manila Bulettin
​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte សង្ឃឹមថារ​ស្ស៊ី​នឹង​ក្លាយជា​សម្ព័ន្ធមិត្ត​ហ្វីលីពីន ហើយ​ជា​អ្នកការពារ​ហ្វីលីពីន​ដែរ​។​លោក​លើកឡើង​បែបនេះ​ក្នុងពេលដែល​លោក​បំពេញ​ទស្សនកិច្ច​ទៅលើ​នាវាចម្បាំង​រុស្ស៊ី​ដែល​ចូល​សំចត​នៅ​ក្រុង​ម៉ានីល​នោះ​។


 
​ក្នុងពេលដែល​ចាប់ដៃ​ជាមួយ​ឧ​ត្ត​មនា​វី​ទោ  Eduard Mikhailov ដែលជា​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​រុស្ស៊ី​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​អះអាងថា លោក​សង្ឃឹមថា​រុស្ស៊ី​នឹង​ក្លាយ​ជាស​ម្ព័​ន​មិត្ត​និង​ជួយ​ការពារ​ហ្វីលីពីន​នៅពេល​ខាងមុខ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ប្រធានាធិបតី​ហ្វីលីពីន Duterte បាន​ថ្លែង​ដូច្នេះ​ថា​៖« យើង​ស្វាគមន៍​មិត្ត​រុស្ស៊ី​។ បើសិនជា​មក អាចមក​សំចត​នៅទីនេះ​បាន​គ្រប់ពេល​, អាចមក​លេង ឬ​មក​ផ្គត់ផ្គង់​ភស្តុភា​, ឬ​មក​ធ្វើជា​សម្ព័ន្ធមិត្ត​ហ្វីលីពីន​ដើម្បី​ការពារ​យើងទាំងអស់គ្នា​»​។ 
 
​ការបញ្ជាក់​បែបនេះ​នេះ កើតឡើង​ក្រោយពេល​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​បាន​លើកឡើងថា រុស្ស៊ី​ត្រៀមខ្លួន​ផ្គត់ផ្គង់​អាវុធ​ទំនើបៗ​ឲ្យ​រុស្ស៊ី ហើយ​រុស្ស៊ី​ក៏​ចង់​ក្លាយជា​មិត្ត​ជិតស្និទ្ធ​របស់​ហ្វីលីពីន​ដែរ​។​
 
​តាំងពី​ឡើងកាន់​អំណាច​មក ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ​បានបង្ហាញ​ជំហរ​ចង់ទៅ​ពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​និង​ចិន ហើយ​បែរខ្នង​ដាក់​សម្ព័ន្ធមិត្ត​ប្រពៃណី​និង​ជា​អតីត​ម្ចាស់​អាណានិគម​របស់ខ្លួន​អាមេរិក​។ លោក​បន្ត​ទិតៀន​រដ្ឋបាល​អាមេរិក​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​លោក​ក៏​បញ្ជា​ឲ្យ​គេ​កាត់បន្ថយ​ទំនាក់ទំនង​យោធា រហូត​ចង់​បណ្តេញ​ទាហាន​អាមេរិក​ចេញពី​ហ្វីលីពីន​ទៀត​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល នៅ​ខែមេសា​ខាងមុខនេះ លោក Duterte អាច​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​មូ​ស្គូ​ផងដែ​លវា​បង្ហាញ​ពី​គោលជំហរ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​ហ្វីលីពីន​នោះ​។ កន្លងមក លោក Duterte បានលើកឡើង​ម្តង​ជា​ពីរដង​ថា​លោក​ចង់​ជួប​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ខ្លាំងជាងគេ​។   
 
​ត្រឡប់មកវិញ វត្តមាន​នាវាចម្បាំង​របស់​រុស្ស៊ី​នៅ​ហ្វីលីពីន​ជាការ​បង្កើត​ទំនាក់ទំនង​រវាង​កង​ទ័ពជើងទឹក​ប្រទេស​ទាំងពីរ​ក្នុង​លក្ខណៈ​ផ្លូវការ​ជា​លើកដំបូង​បំផុត​មួយ​។ ហើយ​ភាគី​ទាំងពីរ​ក៏​ត្រៀមលក្ខណៈ​ដើម្បី​រៀបចំ​សមយុទ្ធ​យោធា​ជាមួយគ្នា​ផង​នៅពេល​ខាងមុខ នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង ។​
 
​កាលពី​ខែ​មុន រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​និង​រដ្ឋមន្ត្រី​ការពារជាតិ​ទៅកាន់​ក្រុង​ម៉ូស្គូ​ដើម្បី​ជជែក​ពី​កិច្ចព្រមព្រៀង​លក់​អាវុធ​ថែម​ទៀតផង បន្ទាប់ពី​សមាជិក​ព្រឹទ្ធ​អាមេរិក​ប្រកាសថា​ខ្លួន​ហាមឃាត់​ការលក់​អាវុធ ២៦០០០​ដើម​ឲ្យ​ហ្វីលីពីន​។ ការហាមឃាត់​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​«​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី Duterte ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​៕ 
 

Tag:
 សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com