អន្តរជាតិ
នយោបាយអន្តរជាតិ
Duterte ចង់ឲ្យរុស្ស៊ីក្លាយជាសម្ព័ន្ធមិត្តដើម្បីការពារហ្វីលីពីន រូបភាព៖ Manila Bulettin
× ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte សង្ឃឹមថារស្ស៊ីនឹងក្លាយជាសម្ព័ន្ធមិត្តហ្វីលីពីន ហើយជាអ្នកការពារហ្វីលីពីនដែរ។លោកលើកឡើងបែបនេះក្នុងពេលដែលលោកបំពេញទស្សនកិច្ចទៅលើនាវាចម្បាំងរុស្ស៊ីដែលចូលសំចតនៅក្រុងម៉ានីលនោះ។
ក្នុងពេលដែលចាប់ដៃជាមួយឧត្តមនាវីទោ Eduard Mikhailov ដែលជាមេបញ្ជាការរងកងទ័ពជើងទឹករុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិក ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានអះអាងថា លោកសង្ឃឹមថារុស្ស៊ីនឹងក្លាយជាសម្ព័នមិត្តនិងជួយការពារហ្វីលីពីននៅពេលខាងមុខ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតីហ្វីលីពីន Duterte បានថ្លែងដូច្នេះថា៖« យើងស្វាគមន៍មិត្តរុស្ស៊ី។ បើសិនជាមក អាចមកសំចតនៅទីនេះបានគ្រប់ពេល, អាចមកលេង ឬមកផ្គត់ផ្គង់ភស្តុភា, ឬមកធ្វើជាសម្ព័ន្ធមិត្តហ្វីលីពីនដើម្បីការពារយើងទាំងអស់គ្នា»។
ការបញ្ជាក់បែបនេះនេះ កើតឡើងក្រោយពេលឯកអគ្គរដ្ឋទូតរុស្ស៊ីបានលើកឡើងថា រុស្ស៊ីត្រៀមខ្លួនផ្គត់ផ្គង់អាវុធទំនើបៗឲ្យរុស្ស៊ី ហើយរុស្ស៊ីក៏ចង់ក្លាយជាមិត្តជិតស្និទ្ធរបស់ហ្វីលីពីនដែរ។
តាំងពីឡើងកាន់អំណាចមក ប្រមុខរដ្ឋហ្វីលីពីនរូបនេះបានបង្ហាញជំហរចង់ទៅពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីនិងចិន ហើយបែរខ្នងដាក់សម្ព័ន្ធមិត្តប្រពៃណីនិងជាអតីតម្ចាស់អាណានិគមរបស់ខ្លួនអាមេរិក។ លោកបន្តទិតៀនរដ្ឋបាលអាមេរិករបស់លោក បារ៉ាក់ អូបាម៉ា ហើយលោកក៏បញ្ជាឲ្យគេកាត់បន្ថយទំនាក់ទំនងយោធា រហូតចង់បណ្តេញទាហានអាមេរិកចេញពីហ្វីលីពីនទៀត។
បើតាមទីភ្នាក់ងារព័ត៌មានដដែល នៅខែមេសាខាងមុខនេះ លោក Duterte អាចនឹងទៅបំពេញទស្សនកិច្ចនៅក្រុងមូស្គូផងដែលវាបង្ហាញពីគោលជំហរក្នុងការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ីនិងហ្វីលីពីននោះ។ កន្លងមក លោក Duterte បានលើកឡើងម្តងជាពីរដងថាលោកចង់ជួបប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខ្លាំងជាងគេ។
កាលពីខែមុន រដ្ឋាភិបាលក្រុងម៉ានីលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិទៅកាន់ក្រុងម៉ូស្គូដើម្បីជជែកពីកិច្ចព្រមព្រៀងលក់អាវុធថែមទៀតផង បន្ទាប់ពីសមាជិកព្រឹទ្ធអាមេរិកប្រកាសថាខ្លួនហាមឃាត់ការលក់អាវុធ ២៦០០០ដើមឲ្យហ្វីលីពីន។ ការហាមឃាត់នេះធ្វើឡើងដើម្បីឆ្លើយតបនឹង«សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី Duterte ដែលត្រូវបានគេចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ៕
Tag:
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com