ចាប់ពីខែមករាឆ្នាំ២០១៧ រដ្ឋាភិបាលចាប់ផ្ដើមដកពន្ធលើប្រាក់បៀវត្សចំពោះបុគ្គលិកក្រុមហ៊ុន ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានប្រាក់បៀវត្សចាប់ពី១លាននិង១រៀលឡើងទៅ។
អ្នកទទួលប្រាក់បៀវត្សចាប់ពី ១លាននិង១រៀល ដល់ ១,៥លានរៀល ត្រូវជាប់ពន្ធ ៥ភាគរយ ខណៈអ្នកមានបៀវត្សលើសពី ១,៥លានរៀល ដល់ ៨,៥លានរៀល ត្រូវបង់ពន្ធ ១០ភាគរយ។ ចំណែកប្រាក់បៀវត្សលើសពី ៨,៥លានរៀល ដល់ ១២,៥លានរៀល ត្រូវជាប់ពន្ធ ១៥ភាគរយ ហើយលើសពី ១២,៥លានរៀលត្រូវបង់ពន្ធ ២០ភាគរយ។
ប៉ុន្តែមន្ត្រីរាជការនិងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្ដីឬប្រពន្ធ មូលដ្ឋានគិតពន្ធរបស់ពួកគេត្រូវយកប្រាក់បៀវត្ស ដកចេញនូវបន្ទុកក្នុងម្នាក់ៗ ១៥ម៉ឺនរៀល។
ពាក្យ«ប្រាក់បៀវត្ស» ត្រូវបានច្បាប់ស្ដីពីសារពើពន្ធឲ្យនិយមន័យថា ប្រាក់បៀវត្សសំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ឲ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្មភាពបម្រើការងារ។
បើតាមសារាចររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីខែតុលាឆ្នាំ២០១៦ ប្រាក់ឧបត្ថម្ភមួយចំនួនរបស់កម្មករ និយោជិតនៃរោងចក្រ សហគ្រាស ត្រូវរួចផុតពីការយកពន្ធលើប្រាក់បៀវត្ស និងមិនមែនជាកម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍។ ប្រាក់ឧបត្ថម្ភទាំងនោះ រួមមាន៖ សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ, ប្រាក់ថ្លៃបាយ, មូលនិធិបេឡាសន្តិសុខសង្គម ឬមូលនិធិសុខមាលភាពសង្គម, ប្រាក់ធានារ៉ាប់រងសុខភាព ឬបុព្វលាភធានារ៉ាប់រងអាយុជីវិត ឬសុខភាព, ប្រាក់ឧត្ថមទារក ឬចំណាយទារកដ្ឋាន និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់បញ្ឈប់លែងឲ្យធ្វើការ។
បើតាមសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៦ បានកំណត់ពីលម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ ។ ប្រាក់បៀវត្សលើសពី១លានដល់១,៥លានរៀល មានលម្អៀងលើសប្រាក់ពន្ធ (លបព)៥ម៉ឺនរៀល , ប្រាក់បៀវត្សលើសពី ១,៥លានរៀល ដល់ ៨,៥លានរៀល មាន លបព ១២,៥ម៉ឺនរៀល, លើសពី ៨,៥លានរៀល ដល់ ១២,៥លានរៀល មាន លបព ៥៥,៥ម៉ឺនរៀល ហើយប្រាក់បៀវត្សលើសពី ១២,៥លានរៀល មាន លបព ១១៧៥០០០រៀល។
ដើម្បីគណនាពន្ធលើប្រាក់បៀវត្ស គេត្រូវរកមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស ដោយត្រូវយកចំនួនប្រាក់បៀវត្សសរុប ក្រៅពីប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភ ដូចមាននៅក្នុងសារាចរខាងលើ រួចដកចេញនូវបន្ទុកសហព័ន្ធនិងកូន។ បន្ទាប់មកត្រូវពិនិត្យមើលថា តើមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សស្ថិតក្នុងថ្នាក់អត្រាពន្ធមួយណា ទើបយកមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សនោះ ទៅគុណនឹងអត្រាពន្ធនីមួយៗ ហើយដកចេញនូវលម្អៀងលើប្រាក់ពន្ធសម្រាប់ថ្នាក់អត្រាពន្ធនោះ។ នេះបើតាមសេចក្ដីណែនាំខាងលើ។
ដើម្បីជ្រាបកាន់តែច្បាស់សូមអានឧទាហរណ៍ខាងក្រោមនេះ៖
ឧទាហរណ៍ និយោជិតម្នាក់មានប្រាក់បៀវត្ស ២លានរៀល។ ករណីនៅលីវ គេត្រូវយក ២លានរៀល គុណនឹង ១០%(១០លើ១០០) រួចដក ១២,៥ម៉ឺនរៀល ដែលស្មើ ៧៥០០០រៀល។ ដូច្នេះ និយោជិតម្នាក់នេះត្រូវបង់ពន្ធលើប្រាក់បៀវត្សចំនួន ៧៥០០០រៀល។
ក្នុងឧទាហរណ៍ដដែល តែក្នុងករណីនិយោជិតម្នាក់នេះមានសហព័ន្ធជាមេផ្ទះ និងកូនក្នុងបន្ទុកចំនួន៣នាក់។ ករណីនេះ គេត្រូវយក ២លានរៀល ដក៦០ម៉ឺនរៀល (១៥ម៉ឺន គុណ៤នាក់) ស្មើ ១,៤លានរៀល រួចយក ១,៤លានរៀល គុណ៥ភាគរយ និងដក ៥ម៉ឺនរៀល ស្មើ ២ម៉ឺនរៀល។ ដូចនេះ និយោជិតម្នាក់នេះត្រូវបង់ពន្ធលើប្រាក់បៀវត្សចំនួន ២ម៉ឺនរៀល។
ជាមួយឧទាហរណ៍ខាងលើនេះ តែនិយោជិតម្នាក់នេះមានសហព័ន្ធជាមេផ្ទះ និងកូនក្នុងបន្ទុកចំនួន ៦នាក់។ ក្នុងករណីនេះ គេត្រូវយក ២លានរៀល ដក ១០៥០០០០រៀល (១៥ម៉ឺនគុណ៧នាក់) ស្មើ ៩៥ម៉ឺនរៀល។ ដូច្នេះនិយោជិតម្នាក់នេះមិនជាប់ពន្ធនោះទេ៕