អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភា​អាមេរិក​ទាំងពីរ​បញ្ជាក់​ច្បាស់​ថា ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​ប្រធានាធិបតី​
07, Jan 2017 , 9:30 pm        
រូបភាព
​សភា​អាមេរិក​ទាំងពីរ​ថ្នាក់​បានរៀបចំ​ពី​ធី​រាប់​ប្រតិភូ​បោះឆ្នោត​ចុងក្រោយ នៅ​ថ្ងៃ​សុក្រ​ទី ៦ មករា​ដោយ​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ ពិតជា​ឈ្នះឆ្នោត​ប្រធានាធិបតី​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៦​។ ក្នុង​ពិធី​នេះ គេ​ឃើញ សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ប្រឹង​តស៊ូ​មតិ​ជំទាស់​លទ្ធផល​ដែរ តែ​ត្រូវ​អនុ​ប្រធានាធិបតី​លោក Joe Biden ប្រាប់​ឲ្យ​បញ្ឈប់​រាល់​ការតវ៉ា​។​


«​ដូ​ណា​ល់ ត្រាំ នៃ​ក្រុង​ញូវយ៉ក​បានទទួល បាន​ប្រតិភូ​គាំទ្រ​សរុប ៣០៤ ខណៈដែល​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជា​ធិ​តេ​យ្យ ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទទួលបាន ២២៧ ប្រតិភូ​»​។ នេះ​ជាការ​ប្រកាស​របស់​អនុ​ប្រធានាធិបតី Joe Biden ចំពោះមុខ​សមាជិកសភា​ទាំងពីរ​ក្នុង​ពិធី​រាប់​សន្លឹក​សន្លឹកឆ្នោត​ចុងក្រោយ​នា​ថ្ងៃ​សុក្រ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  ពិធី​រាប់​សន្លឹកឆ្នោត​ចុងក្រោយ​ក្នង​សភា​ទាំងពីរ​នេះ​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​ការបោះឆ្នោត​និង​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា លោក ដូ​ណា​ល់ ត្រាំ ពិតជា​បាន​ជាប់ឆ្នោត​ប្រធានាធិបតី​ពិតមែន​។​
 
​ប៉ុន្តែ​ក្នុង​ពិធី​ជា​ផ្លូវការ​នេះ គេ​ឃើញ​មាន​ប្រតិភូ​បោះឆ្នោត​នៅ​រដ្ឋ​ចំនួន ៧ បាន​តវ៉ា​ប្រឆាំង​លទ្ធផល​នៅ​រដ្ឋ​របស់ខ្លួន និង​ព្យាយាម​បង្អាក់​ការបន្ត​រាប់​សន្លឹកឆ្នោត ប៉ុន្តែ​ការតវ៉ា​នេះ​មិនមាន​ឥទ្ធិពល​អ្វី​លើ​ការសម្រេច​ចុងក្រោយ​នេះឡើយ​។​អ្វីដែល​សំខាន់​លោក Joe Biden ដែលជា​អនុ​ប្រធានាធិបតី​និង​ជា​ប្រធានព្រឹទ្ធសភា​ផង​នោះ បាន​បង្អាក់​រាល់​ការតវ៉ា​ទាំងអស់នេះ​។​
 
​លោក Joe Biden បាន​អះអាងថា ការរាប់​លទ្ធផល​ជា​ផ្លូវការ​នេះ វា​គ្រប់គ្រាន់​ដើម្បី​អាច​ប្រកាស​បាន​ថា លោក ដូ​ណា​ល់ ត្រាំ និង​លោក Mike Pence នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ ២០​មករា​ខាងមុខ​។ 
​ចំ​ណែ​ប្រធានរដ្ឋសភា លោក Paul Ryan បានប្រកាស​ក្រោយ​រាប់​លទ្ធផល​បោះឆ្នោត​រួចរាល់​ថា​៖« តាម​លទ្ធផល​បោះឆ្នោត ដូ​ណា​ល់ ត្រាំ នឹង​ក្លាយជា​ប្រធានាធិបតី​ទី ៤៥ នៃ​សហរដ្ឋអាមេរិក​»​។ 
 
​តាមពិតទៅ ពិធី​បែបនេះ​គ្មាន​អ្វីដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ឡើយ ព្រោះ​ការបោះឆ្នោត​របស់​ប្រតិភូ​បោះឆ្នោត​កាលពី​ថ្ងៃ ១៨ ធ្នូ​នោះបាន​សម្រេច​រួចទៅហើយ​ថា អ្នកណា​ជា​អ្នកឈ្នះ​។ 
​សូមបញ្ជាក់ថា ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ ៨ វិច្ឆិកា មិនមែនជា​ការបោះឆ្នោត​រើស​ប្រធានាធិបតី​ដោយផ្ទាល់​ឡើយ​។​ប៉ុន្តែ​គេ​ជ្រើសរើស​ប្រតិភូ​បោះឆ្នោត​ដែលមាន​សិទ្ធិ​បោះឆ្នោត​រើស​ប្រធានាធិបតី​បន្តទៀត​៕​

© រក្សាសិទ្ធិដោយ thmeythmey.com