អន្តរជាតិ
នយោបាយអន្តរជាតិ
សភាអាមេរិកទាំងពីរបញ្ជាក់ច្បាស់ថា ដូណាល់ ត្រាំ ឈ្នះឆ្នោតប្រធានាធិបតី
× សភាអាមេរិកទាំងពីរថ្នាក់បានរៀបចំពីធីរាប់ប្រតិភូបោះឆ្នោតចុងក្រោយ នៅថ្ងៃសុក្រទី ៦ មករាដោយបញ្ជាក់ថា លោក ដូណាល់ ត្រាំ ពិតជាឈ្នះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកាឆ្នាំ ២០១៦។ ក្នុងពិធីនេះ គេឃើញ សមាជិកសភាបក្សប្រជាធិបតេយ្យប្រឹងតស៊ូមតិជំទាស់លទ្ធផលដែរ តែត្រូវអនុប្រធានាធិបតីលោក Joe Biden ប្រាប់ឲ្យបញ្ឈប់រាល់ការតវ៉ា។
«ដូណាល់ ត្រាំ នៃក្រុងញូវយ៉កបានទទួល បានប្រតិភូគាំទ្រសរុប ៣០៤ ខណៈដែលបេក្ខជនប្រធានាធិបតីបក្សប្រជាធិតេយ្យ ហ៊ីឡារី គ្លីនតុន ទទួលបាន ២២៧ ប្រតិភូ»។ នេះជាការប្រកាសរបស់អនុប្រធានាធិបតី Joe Biden ចំពោះមុខសមាជិកសភាទាំងពីរក្នុងពិធីរាប់សន្លឹកសន្លឹកឆ្នោតចុងក្រោយនាថ្ងៃសុក្រ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ពិធីរាប់សន្លឹកឆ្នោតចុងក្រោយក្នងសភាទាំងពីរនេះបញ្ជាក់ពីភាពត្រឹមត្រូវនៃការបោះឆ្នោតនិងបញ្ជាក់ឲ្យឃើញច្បាស់ថា លោក ដូណាល់ ត្រាំ ពិតជាបានជាប់ឆ្នោតប្រធានាធិបតីពិតមែន។
ប៉ុន្តែក្នុងពិធីជាផ្លូវការនេះ គេឃើញមានប្រតិភូបោះឆ្នោតនៅរដ្ឋចំនួន ៧ បានតវ៉ាប្រឆាំងលទ្ធផលនៅរដ្ឋរបស់ខ្លួន និងព្យាយាមបង្អាក់ការបន្តរាប់សន្លឹកឆ្នោត ប៉ុន្តែការតវ៉ានេះមិនមានឥទ្ធិពលអ្វីលើការសម្រេចចុងក្រោយនេះឡើយ។អ្វីដែលសំខាន់លោក Joe Biden ដែលជាអនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាផងនោះ បានបង្អាក់រាល់ការតវ៉ាទាំងអស់នេះ។
លោក Joe Biden បានអះអាងថា ការរាប់លទ្ធផលជាផ្លូវការនេះ វាគ្រប់គ្រាន់ដើម្បីអាចប្រកាសបានថា លោក ដូណាល់ ត្រាំ និងលោក Mike Pence នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃ ២០មករាខាងមុខ។
ចំណែប្រធានរដ្ឋសភា លោក Paul Ryan បានប្រកាសក្រោយរាប់លទ្ធផលបោះឆ្នោតរួចរាល់ថា៖« តាមលទ្ធផលបោះឆ្នោត ដូណាល់ ត្រាំ នឹងក្លាយជាប្រធានាធិបតីទី ៤៥ នៃសហរដ្ឋអាមេរិក»។
តាមពិតទៅ ពិធីបែបនេះគ្មានអ្វីដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតឡើយ ព្រោះការបោះឆ្នោតរបស់ប្រតិភូបោះឆ្នោតកាលពីថ្ងៃ ១៨ ធ្នូនោះបានសម្រេចរួចទៅហើយថា អ្នកណាជាអ្នកឈ្នះ។
សូមបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃ ៨ វិច្ឆិកា មិនមែនជាការបោះឆ្នោតរើសប្រធានាធិបតីដោយផ្ទាល់ឡើយ។ប៉ុន្តែគេជ្រើសរើសប្រតិភូបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតរើសប្រធានាធិបតីបន្តទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com