ជាតិ
សេដ្ឋកិច្ច
លំនៅឋាន​តម្លៃ​ពី ២៥០០០ ទៅ​ជាង ៣ ម៉ឺន​ដុល្លារ ចាប់ផ្ដើម​សាងសង់
08, Jan 2017 , 10:33 am        
រូបភាព
ដោយ:
 
​កណ្តាល៖ គម្រោង​លំនៅឋាន​សាធារណៈ តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន Worldbridge Land ដែល​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៧​ខែមករា នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល​។ ផ្ទះ​ទាំងនេះ​នឹងត្រូវ​ប្រកាស​លក់​ក្នុងពេល​ឆាប់ៗ  ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​មួយចំនួន​ចំពោះ​ការទិញ​។​


​នៅក្នុង​ជំហាន​ដំបូង ក្រុមហ៊ុន​ចាប់ផ្ដើម​សាងសង់​ផ្ទះ​ចំនួន ២២៩៧ ល្វែងលើ​ផ្ទៃដី​២៤​ហិកតា ដែល​ស្ថិតនៅ​ក្នុងភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ចម្ងាយ ៨​គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ នៃ​បណ្តោយ​ផ្លូវជាតិ ២១ ។ ផ្ទះ​ទាំងនេះ​មាន​ពីរ​ប្រភេទ ដែល​ប្រភេទ​ទីមួយ មាន​ទំហំ​ដី ៤ ម៉ែត្រ​គុណ​១០​ម៉ែត្រ និង​ទំហំ​ផ្ទះ ៤ ម៉ែត្រ​គុណ​៧​ម៉ែត្រ និង​មាន​២​ជាន់ (​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​១) ។ ប្រភេទ​ទី​ពីរ មាន​ទំហំ​ដី ៦​ម៉ែត្រ​គុណ​១០​ម៉ែត្រ និង​មាន​ទំហំ​ផ្ទះ ៦​ម៉ែត្រ​គុន​៧​ម៉ែត្រ និង​មាន​២​ជាន់​ដូចគ្នា​។ ការសាងសង់​លំនៅឋាន​ទាំងនេះ នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ ។​
  
 
​លោក សៀ ឫទ្ធី អគ្គ​នាយ​ក្រុមហ៊ុន Worldbridge Land ឲ្យ​ដឹងថា ផ្ទះ​តម្លៃ​សមរម្យ​នឹង​លក់​ជូន​មន្ត្រីរាជការ មន្ត្រី​ចូលនិវត្តន៍ និង​ជនពិការ ជា​អាទិភាព​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ជា​អាទិភាព​យើង​លក់​ឲ្យ​មន្ត្រីរាជការ​មុន ប៉ុន្តែ​ទន្ទឹមនឹងនេះ​យើង​មាន​ចំណែក​ខ្លះ​លក់​ឲ្យ​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ត្រូវមាន​ចំណូល​ទាប​នឹង​មធ្យម មានន័យថា​ក្រោម​៥ រយ​​ដុល្លារ (​ក្នុង​១​ខែ​)​។ 
 
​ចំពោះ​លក្ខខណ្ឌ​ទិញ​ផ្ទះ​ក្នុង​គម្រោង​នេះ គឺ​អ្នកទិញ​ត្រូវមាន​គ្រួសារ ដែល​យ៉ាងហោច​ក៏ត្រូវ​មាន​ប្ដី ឬ​ប្រពន្ធ​។ ទិញ​ផ្ទះ​បាន​រយៈពេល​៥​ឆ្នាំ ទើប​អាច​លក់ ឬ​ជួល​បាន​។ នេះ​បើតាម​លោក សៀ ឬ​ទ្ធី ដែល​បញ្ជាក់ទៀតថា ចំពោះ​ប្រាក់​កក់​ទិញ​ផ្ទះ លោក​នឹង​ព្យាយាម​កំណត់​ក្នុងតម្លៃ​ទាប ហើយនឹង​ប្រកាស​នៅក្នុងពេល​១​ឬ​២​សប្ដាហ៍​ខាងមុខ​។ លោក សៀ ឬ​ទ្ធី ឲ្យ​ដឹងថា ផ្ទះ​ទាំងនេះ​នឹងត្រូវ​លក់​ក្នុងតម្លៃ​ចាប់ពី ២៥០០០​ដុល្លារ ទៅ​ជាង ៣​ម៉ឺន​ដុល្លារ​។​
 
 
​អគ្គនាយក​ក្រុមហ៊ុន  Worldbridge Land រូបនេះ បញ្ជាក់ទៀតថា លោក​កំពុង​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​បន្ទាប​តម្លៃ​អត្រា​ការប្រាក់​ជូន​ដល់​អតិថិជន​ដែល​ខ្ចីប្រាក់​ទិញ​ផ្ទះ​តម្លៃ​សមរម្យ​នេះ​។ លោក​បន្តថា ក្រុមហ៊ុន​នឹង​កំណត់​តម្លៃ​បង់​រំ​លួស​ផ្ទះ ក្នុងតម្លៃ​មួយ​សមស្រប​នឹង​លទ្ធភាព​របស់​អ្នកទិញ​។ ចំពោះ​គោលបំណង​នៃ​គម្រោង​មួយ​នេះ លោក សៀ ឫទ្ធី មានប្រសាសន៍ថា លោក​ចង់​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​អ្នកមាន​ចំណូល​ទាប​និង​មធ្យម  អាច​ទទួលបាន​លំនៅឋាន​តម្លៃ​សមរម្យ ដើម្បី​រស់នៅ​ប្រកបដោយ​សុខមាលភាព សន្តិសុខ និង​សេចក្ដីថ្លៃថ្នូរ​។​
 
​គម្រោង​ដែលមាន​តម្លៃ​ប្រមាណ ៦០ លាន​ដុល្លារ​នេះ ត្រូវបាន លោក សៀ ឫទ្ធី អះអាងថា  ក្រុមហ៊ុន​នឹង​រៀបចំ​ទីតាំង​លំនៅដ្ឋាន​សមរម្យ​នេះ​ទៅជា​សហគមន៍ ដែលមាន​ប្រព័ន្ធ​អគ្គិសនី ទឹកស្អាត មតេយ្យ​សាលា ផ្សារ គ្លីនិក​ព្យាបាល​ជំងឺ ជាដើម​។ 
  
 
​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​នេះ​ថា នេះ​គឺជា​គម្រោង​ទីមួយ​នៅ​កម្ពុជា ហើយ​គម្រោង​នេះ​គឺ​ស្រប​នឹង​គោលនយោបាយ​ជាតិ​ស្ដីពី​លំនៅឋាន​របស់​រដ្ឋាភិបាល​។ លោក​ថ្លែង​ទៀតថា គម្រោង​នេះ​នឹង​ក្លាយ​បទពិសោធន៍​សម្រាប់​ការអនុវត្ត​គម្រោង​លំនៅឋាន​សាធារណៈ​តម្លៃ​សមរម្យ​ដទៃទៀត​។​
 
​លោក ជា សុផារ៉ា បានស្នើ​ឲ្យ​ក្រុមហ៊ុន​ពិចារណា​ឲ្យ​អ្នកទិញ​ត្រូវ​បង់​រំ​លួស​ក្នុង​១​ខែ​ត្រឹម​៨០​ដុល្លារ ក្នុង​រយៈពេល​វែង​។​
​លោក សៀ ឫទ្ធី ក៏បាន​បញ្ជាក់ថា លោក​មានបំណង​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ​នេះ​នៅ​ទីតាំង​ផ្សេងទៀត​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​៕
 
 
 


Tag:
 លំនៅឋាន​តម្លៃ​សមរម្យ​
  សៀ ឫទ្ធី​
  ជា សុផារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com