អន្តរជាតិ
នយោបាយអន្តរជាតិ
ជនសង្ស័យបណ្តាញក្រុមរដ្ឋឥស្លាមពីរនាក់ត្រូវទាហានហ្វីលីពីនសម្លាប់
×
កងកម្លាំងសន្តិសុខហ្វីលីពីនបានសម្លាប់ជនសង្ស័យពីរនាក់ដែលពាក់ព័ន្ធបណ្តាញក្រុមភេរវជនដែលគាំទ្រក្រុមរដ្ឋឥស្លាម។ មុនមានការបាញ់សម្លាប់នេះ ជនសង្ស័យបានព្យាយាមរត់គេចពីការឃាត់ខ្លួននិងព្យាយាមគប់គ្រាប់បែកលើក្រុមប៉ូលិសនិងទាហានថែមទៀតោង។
ជនសង្ស័យពីរនាក់ត្រូវបានកងម្លាំងសន្តិសុខហ្វីលីពីនបាញ់សម្លាប់នៅថ្ងៃ ៧មករាឆ្នាំ ២០១៧ ។ ជនទាំងពីរនាក់នេះជាជនសង្ស័យដែលជាប់ពាក់ព័ន្ធបណ្តាញក្រុមប្រដាប់អាវុធដែលគាំទ្រក្រុមភេរវជនរដ្ឋឥស្លាម។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីប៉ូលីសហ្វីលីពីនបានអះអាងថាជនសង្ស័យដែលស្លាប់មានគ្នាពីរនាក់ម្នាក់ជាបុរសនិងម្នាក់ទៀតជាស្ត្រី។ មកទល់ពេលនេះប៉ូលីសកំពុងព្យាយាមកំណត់អត្តសញ្ញាណជនសង្ស័យជាស្ត្រីដែលជាជនបរទេសនៅឡើយ។
រីឯជនសង្ស័យភេទប្រុសនោះត្រូវបានគេកំណត់អត្តសញ្ញាណបានថាជាជនជាតិប៉ាគីស្ថាន ហើយមានឈ្មោះ Abu Naila ។ មុនមានការបាញ់សម្លាប់នេះ ជនខាងលើបានព្យាយាមរត់គេចពីការឃាត់ខ្លួន ហើយថែមទាំងប៉ុនប៉ងបោកគ្រាប់បែកលើកងកម្លាំងប៉ូលិសនិងទាហានខណៈកងម្លាំងទាំងនេះបំពេញប្រតិបត្តិការតាមប្រមាញ់ភេរវជននៅខេត្ត Sarangani។
ក្រុមកងកម្លាំងប៉ូលិសនិងទាហានហ្វីលីពីន បានបំពេញប្រតិបត្តិការប្រឆាំងបណ្តាញក្រុមសកម្មប្រយុទ្ធ Ansar Al-Khilafah ដែលជាក្រុមដែលបានប្រកាសបង្ហាញភក្តីភាពចំពោះក្រុមភេរវជនរដ្ឋឥស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់ដែរ។ ក្រុមនេះល្បីឈ្មោះខាងបង្កអសន្តិសុខនៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីនអស់រាប់ឆ្នាំមកនេះ។
កាលពីថ្ងៃព្រហស្បតិ៍មេប៉ូលីសហ្វីលីពីន លោក Ronald dela Rosa បានបញ្ជាក់ថា កងកម្លាំងសន្តិសុខហ្វីលីពីនបានបំបាក់ធ្មុងក្រុមសកម្មប្រយុទ្ធខាងលើរួចទៅហើយ ដោយពួកគេបានសម្លាប់មេដឹកនាំក្រុមនេះ Mohamma Jaafar Maguid និងចាប់ខ្លួនមេដឹកនាំក្រុមនេះបីនាក់ផ្សេងទៀត។
ប៉ុន្តែលោកបានព្រមានជាមុនថា ក្រុមប្រដាប់អាវុធនេះអាចនឹងចាប់ផ្តើមសងសឹកចំពោះសកម្មភាពរបស់កងកម្លាំងសន្តិសុខហ្វីលីពីន ហើយលោកបញ្ជាឲ្យមានការប្រុងជើងការខ្ពស់ដើម្បីការពារសន្តិសុខ។
ចំណែកលោកប្រធានាធិបតី Rodrigo Duterte ក៏បានព្រមានផងដែរពីលទ្ធភាពនៃការឈានទៅបង្កើតបណ្តាញក្រុមរដ្ឋឥស្លាមកាន់តែច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ហើយលោកសង្កត់ធ្ងន់ថា វាចាំបាច់ត្រូវមានវិធានការមួយដើម្បីបញ្ចៀសការរឿងរ៉ាវដ៏អាក្រក់នេះ៕
Tag:
IS
ហ្វីលីពីន
Ansar Al-Khilafah
Rodriog Duterte
© រក្សាសិទ្ធិដោយ thmeythmey.com