អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Marine Le Pen សន្យា​នាំ​បារាំង​ចេញពី​សហភាព​អឺរ៉ុប បើ​ស្ថាប័ន​នេះ​មិន​រម្លែក​អំណាច​ឲ្យ​បារាំង​
08, Jan 2017 , 7:39 pm        
រូបភាព
 
​ប្រធាន​បក្ស​ស្តាំនិយម​និង​ជា​បេក្ខជន​ប្រធានាធិបតី​បារាំង​លោកស្រី Marine Le Pen បាន​សន្យាថា​នឹង​រៀបចំ​យុទ្ធនា​ការជំរុញ​ឲ្យ​បារាំង​ចាក​ចេញពី​សហភាព​អឺរ៉ុប (Frexit) បើសិនជា​សហភាព​អឺរ៉ុប​មិន​ចែករម្លែក​អំណាច​ខ្លះមក​ឲ្យ​បារាំង​ទេ​។ លោកស្រី​ទាមទារ​ឲ្យ​ស្ថាប័ន​ព្រុយ​សែ​ល​ផ្តល់​អំណាច​គ្រប់គ្រង​ជនអន្តោប្រវេសន៍ និង​សេដ្ឋកិច្ច​មក​បារាំង​ទាំងស្រុង​វិញ​។


-
​ការចាកចេញ​របស់​បារាំង​ពី​សហភាព​អឺរ៉ុប​ក្លាយជា​ប្រធានបទ​ក្តៅ​មួយទៀត​ហើយ​នៅ​ដើមឆ្នាំ ២០១៧ ខណៈដែល​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​កាន់តែ​ជិត​មកដល់​នោះ​។ អ្នកនយោបាយ​បារាំង​ចាប់ផ្តើម​ទាញយក​បញ្ហា​នេះ​មក​ធ្វើ​ប្រធានបទ​ឃោសនា​ដើម្បី​ទាកទាញ​ប្រជាប្រិយភាព​។ 
 
​លោកស្រី Marine Le Pen ដែលជា​អ្នកនយោបាយ​ស្តាំនិយម​បក្ស​រណសិរ្ស​ជាតិ និង​ជា​បេក្ខជន​ប្រធានាធិបតី​ដ៏​លេចធ្លោរ​ម្នាក់​ផង​នោះ បាន​សង្កត់ធ្ងន់​ជាថ្មី​ថា លោកស្រី​នឹង​បំផុស​បំផុត​ចលនា​ប្រឆាំង​សហភាព​អឺរ៉ុប​ដូច​នៅ​អង់គ្លេស  ក្នុងករណី​ដែល​ស្ថាប័ន​អឺរ៉ុប​មិន​ចែករម្លែក​អំណាច​មួយចំនួន​មក​ឲ្យ​បារាំង​ទេនោះ​។ 
 
​លោកស្រី Le Pen បាន​សន្យា​ដូច្នេះ ក្នុងពេលដែល​លោកស្រី​ជួប​ជាមួយ​បណ្តា​ក្រុម​អ្នកសារព័ត៌មាន​បរទេស តែ​លោកស្រី​ហាក់ដូចជា​បន្ទន់​ជំហរ​ខ្លះ​ចំពោះ​បញ្ហា​មួយចំនួន​ជាពិសេស​ពាក់ព័ន្ធ​បញ្ហា​ការ​លុយ​រួមគ្នា​។ លោកស្រី​អធិប្បាយ​ថា គេ​អាច​ប្រើប្រាស់​លុយ​រួមគ្នា​បាន ប៉ុន្តែ​តែ​វា​ត្រូវ​ប្រើ​រួមគ្នា​ជាមួយ​រូបី​យ​វត្ថុ​របស់​ជាតិ​។​
 
​ក្នុងករណី​ដែល​អ្នកស្រី​ជាប់ឆ្នោត​ថ្ងៃ ៧​ខែឧសភា ខាងមុខ លោកស្រី​នឹង​ចាប់ផ្តើម​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ភ្លាមៗ​លើ​ដោយ​ទាមទារ​យក​អំណាច​មក​វិញ​មក​គ្រប់គ្រង​បញ្ហា​ធំ​ចំនួន ៤ ក្នុងនោះ​មានការ​គ្រប់គ្រង​សេដ្ឋកិច្ច​, ព្រំដែន​, រូបិយប័ណ្ណ និង​ច្បាប់​ផង​។  
 
​លោកស្រី Le Pen បាន​សង្កត់​ធ្ង​ន​ថា​៖ «​យើង​នឹងធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​ថា អំណាច​បួន​នឹងត្រូវ​ផ្ទេរ​មក​បារាំង​វិញ ហើយ​ខ្ញុំ​នឹង​ផ្តល់​ប្រឹក្សា​ដល់​បារាំង​ថា​យើង​នឹង​គួរ​នាំ​បន្ត​ជា​ផ្នែ​ម​មួយ​នៃ​ក្រុម​រដ្ឋ​អឺរ៉ុប ឬក៏​មិនគួរ​បន្ត​ទេ​»​។ 
 
​ជារួម​ការចរចា​នេះ​វា​នឹង​ផ្តោតលើ​ការទាមទារ​របស់​បារាំង​ដើម្បី​យក​អំណាច​គ្រប់គ្រង​ព្រំដែន​មកវិញ​, បញ្ចប់​អំណាច​ស្ថាប័ន​ព្រុយ​សែ​ល​លើ​ការបង្កើត​ច្បាប់​និង​បទបញ្ញត្តិ​របស់​រដ្ឋ និង​ឈានទៅ​អនុម័ត​គោលនយោបាយ​សេដ្ឋកិច្ច​មាន​លក្ខណៈ​គាំពារ​និយម​ដោយឡែក​។ 
 
​សូមបញ្ជាក់​បន្តិច​ថា គោលនយោបាយ​សំខាន់​របស់លោក​ស្រី Marine Le Pen ក្នុងការ​ប្រកួតប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី គឺ​ប្រឆាំង​ជនអន្តោប្រវេសន៍ ស្រប​ពេលដែល​ប្រជាជន​បារាំង​ក្លាយជា​ជនរងគ្រោះ​នៃ​បញ្ហា​សេដ្ឋកិច្ច និង​បារម្ភ​ពី​បញ្ហា​ភេរវកម្ម​ដែល​អុកឡុក​បារាំង​កន្លងមក​។ ហើយ​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ និង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​រឹតតែ​ធ្វើ​ឲ្យ អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​លោកស្រី Marine Le Pen នេះ​មាន​ក្តីសង្ឃឹម​ក្នុងការ​យកជ័យ​ជម្នះ​នៅក្នុង​ការបោះឆ្នោត​ខែឧសភា​ខាងមុខ​ថែមទៀត​៕​

Tag:
 Marine Le Pen
  Frexit
© រក្សាសិទ្ធិដោយ thmeythmey.com