ប្រធានបក្សស្តាំនិយមនិងជាបេក្ខជនប្រធានាធិបតីបារាំងលោកស្រី Marine Le Pen បានសន្យាថានឹងរៀបចំយុទ្ធនាការជំរុញឲ្យបារាំងចាកចេញពីសហភាពអឺរ៉ុប (Frexit) បើសិនជាសហភាពអឺរ៉ុបមិនចែករម្លែកអំណាចខ្លះមកឲ្យបារាំងទេ។ លោកស្រីទាមទារឲ្យស្ថាប័នព្រុយសែលផ្តល់អំណាចគ្រប់គ្រងជនអន្តោប្រវេសន៍ និងសេដ្ឋកិច្ចមកបារាំងទាំងស្រុងវិញ។
ការចាកចេញរបស់បារាំងពីសហភាពអឺរ៉ុបក្លាយជាប្រធានបទក្តៅមួយទៀតហើយនៅដើមឆ្នាំ ២០១៧ ខណៈដែលការបោះឆ្នោតប្រធានាធិបតីបារាំងកាន់តែជិតមកដល់នោះ។ អ្នកនយោបាយបារាំងចាប់ផ្តើមទាញយកបញ្ហានេះមកធ្វើប្រធានបទឃោសនាដើម្បីទាកទាញប្រជាប្រិយភាព។
លោកស្រី Marine Le Pen ដែលជាអ្នកនយោបាយស្តាំនិយមបក្សរណសិរ្សជាតិ និងជាបេក្ខជនប្រធានាធិបតីដ៏លេចធ្លោរម្នាក់ផងនោះ បានសង្កត់ធ្ងន់ជាថ្មីថា លោកស្រីនឹងបំផុសបំផុតចលនាប្រឆាំងសហភាពអឺរ៉ុបដូចនៅអង់គ្លេស ក្នុងករណីដែលស្ថាប័នអឺរ៉ុបមិនចែករម្លែកអំណាចមួយចំនួនមកឲ្យបារាំងទេនោះ។
លោកស្រី Le Pen បានសន្យាដូច្នេះ ក្នុងពេលដែលលោកស្រីជួបជាមួយបណ្តាក្រុមអ្នកសារព័ត៌មានបរទេស តែលោកស្រីហាក់ដូចជាបន្ទន់ជំហរខ្លះចំពោះបញ្ហាមួយចំនួនជាពិសេសពាក់ព័ន្ធបញ្ហាការលុយរួមគ្នា។ លោកស្រីអធិប្បាយថា គេអាចប្រើប្រាស់លុយរួមគ្នាបាន ប៉ុន្តែតែវាត្រូវប្រើរួមគ្នាជាមួយរូបីយវត្ថុរបស់ជាតិ។
ក្នុងករណីដែលអ្នកស្រីជាប់ឆ្នោតថ្ងៃ ៧ខែឧសភា ខាងមុខ លោកស្រីនឹងចាប់ផ្តើមចរចាជាមួយសហភាពអឺរ៉ុបភ្លាមៗលើដោយទាមទារយកអំណាចមកវិញមកគ្រប់គ្រងបញ្ហាធំចំនួន ៤ ក្នុងនោះមានការគ្រប់គ្រងសេដ្ឋកិច្ច, ព្រំដែន, រូបិយប័ណ្ណ និងច្បាប់ផង។
លោកស្រី Le Pen បានសង្កត់ធ្ងនថា៖ «យើងនឹងធ្វើយ៉ាងណាធានាឲ្យបានថា អំណាចបួននឹងត្រូវផ្ទេរមកបារាំងវិញ ហើយខ្ញុំនឹងផ្តល់ប្រឹក្សាដល់បារាំងថាយើងនឹងគួរនាំបន្តជាផ្នែមមួយនៃក្រុមរដ្ឋអឺរ៉ុប ឬក៏មិនគួរបន្តទេ»។
ជារួមការចរចានេះវានឹងផ្តោតលើការទាមទាររបស់បារាំងដើម្បីយកអំណាចគ្រប់គ្រងព្រំដែនមកវិញ, បញ្ចប់អំណាចស្ថាប័នព្រុយសែលលើការបង្កើតច្បាប់និងបទបញ្ញត្តិរបស់រដ្ឋ និងឈានទៅអនុម័តគោលនយោបាយសេដ្ឋកិច្ចមានលក្ខណៈគាំពារនិយមដោយឡែក។
សូមបញ្ជាក់បន្តិចថា គោលនយោបាយសំខាន់របស់លោកស្រី Marine Le Pen ក្នុងការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតី គឺប្រឆាំងជនអន្តោប្រវេសន៍ ស្របពេលដែលប្រជាជនបារាំងក្លាយជាជនរងគ្រោះនៃបញ្ហាសេដ្ឋកិច្ច និងបារម្ភពីបញ្ហាភេរវកម្មដែលអុកឡុកបារាំងកន្លងមក។ ហើយជ័យជម្នះរបស់លោក ដូណាល់ ត្រាំ និងការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសរឹតតែធ្វើឲ្យ អ្នកនយោបាយស្តាំនិយមជ្រុលលោកស្រី Marine Le Pen នេះមានក្តីសង្ឃឹមក្នុងការយកជ័យជម្នះនៅក្នុងការបោះឆ្នោតខែឧសភាខាងមុខថែមទៀត៕