ប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំំ បានទិតៀនបណ្តាអ្នកដែលរិះគន់គោលជំហរស្តារទំនាក់ទំនងជាមួយរុស្ស៊ីរបស់រដ្ឋបាលលោក ដោយបញ្ជាក់មានតែមនុស្សឆ្កួតប៉ុណ្ណោះដែលមិនចង់ឲ្យអាមេរិកត្រូវរ៉ូវគ្នាជាមួយរុស្ស៊ី។ លោកអះអាងថា រុស្ស៊ីនឹងគោរពអាមេរិកពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតី មិនមែនដូចពេលនេះឡើយ។
នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាផ្លូវការហើយ។ លោកនៅតែរក្សាបំណងចង់ស្តារទំនាក់ទំនងជាមួយរុស្ស៊ីដដែល ទោះបីជាមានការរិះគន់ ឬការវាយតម្លៃថាជាគ្រោះថ្នាក់យ៉ាងណាក៏ដោយ។
នៅព្រឹកថ្ងៃសៅរ៍ទី ៧មករា លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះក្នុងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា ការមានទំនាក់ទំនងល្អជាមួយរុស្ស៊ីជារឿងល្អមួយ ហើយលោកទិតៀនមិនសំចៃមាត់ចំពោះអ្នកដែលចាំចាប់កំហុសនិងគិតថា វាជារឿងអាក្រក់។ មានតែមនុស្សឆ្កួតប៉ុណ្ណោះដែលគិតថា ការបង្កើតទំនាក់ទំនងល្អរវាងរុស្ស៊ី និងអាមេរិកជារឿងគ្រោះថ្នាក់នោះ។
«មានទំនាក់ទំនងល្អជាមួយរុស្ស៊ីជារឿងមួយដ៏ល្អ មិនមែនជារឿងអាក្រក់ឡើយ។ មានតែមនុស្សឆ្កួតទេដែលគិតថា វាអាក្រក់។ មានបញ្ហាច្រើនគ្រប់គ្រាន់ហើយនៅលើពិភពលោក។ នៅពេលដែលខ្ញុំក្លាយជាប្រធានាធិបតី រុស្ស៊ីនឹងគោរពអាមេរិកឆ្ងាយជាពេលបច្ចុប្បន្ននេះ។ ប្រទេសយើងទាំងពីរនឹងអាចធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាធំៗរបស់ពិភពលោក»។
ការលើកឡើងបែបនេះ ក្រៅពីបង្ហាញជំហរឥតងាករេក្នុងការឈានទៅចាប់ដៃរុស្ស៊ី លោក ដូណាល់ ត្រាំ ក៏ព្រលះអ្នកនយោបាយអាមេរិកមួយចំនួនដែលតែងចោទប្រកាន់លោក និងរិះគន់គោលនយោបាយស្តារទំនាក់ទំនងជាមួយរុស្ស៊ី។ មួយទៀតលោកចង់ផ្ញើសារទៅកាន់បណ្តាក្រុមអ្នកប្រជាធិបតេយ្យដែលបន្តចោទរុស្ស៊ីថាបានលូកលាន់ចូលក្នុងការបោះឆ្នោតនិងជួយឲ្យលោកឈ្នះឆ្នោតកន្លងមកនោះ។
ដើមឡើយលោក ទាត់ចោលរបាយការណ៍ចារកម្មរឿងរុស្ស៊ីចូលលួចទិន្នន័យនិងវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែក្រោយពេលជួបជាមួយបណ្តាស្ថាប័នចារកម្មកាលពីថ្ងៃសុក្រទី ៦មករា លោកបានទទួលស្គាល់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះតែមិនមែនមានតែរស្ស៊ីឡើយ។ ប្រទេសផ្សេងទៀតមានដូចជាចិនក៏ជាគ្រោះថ្នាក់សម្រាប់អាមេរិកដែរ។
តាំងពីយូរមកហើយលោក ដូណាល់ ត្រាំតែងតែកោតសរសើរុស្ស៊ី ហើយលោកប្តេជ្ញាចិត្តថានឹងស្តារទំនាក់ទំនងជាមួយរុស្ស៊ីឲ្យខាងតែបាននៅពេលដែលលោកចូលកាន់តំណែង។ លោករៀបចំគោលនយោបាយខ្លះៗដែលអាចជំរុញឲ្យរុស្ស៊ី និងអាមេរិកត្រឡប់ទៅចាប់ដៃគ្នានិងសហការគ្នាដើម្បីដោះស្រាយបញ្ហាពិភពលោក។ ក្នុងនោះមានការដកទណ្ឌកម្ម និងទទួលស្គាល់ទឹកដី Crimea ជាផ្នែកមួយរបស់រុស្ស៊ីស្របច្បាប់៕