ជាតិ
សេដ្ឋកិច្ច
មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នាំផ្លូវអ្នកជំនួញ និងទេសចរចិនមកកម្ពុជា ប៉ាន សូរស័ក្ដិ(រូបភាពពីក្រសួងពាណិជ្ជកម្ម)
× ភ្នំពេញ៖ រដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅប្រទេសចិនជាបន្តបន្ទាប់ ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរកម្ពុជា-ចិន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ។
ការបង្កើតមជ្ឈមណ្ឌលនេះឡើង ស្របពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរបានកំណត់ទិសដៅជំរុញទំហំពាណិជ្ជកម្មទ្វេរភាគីឲ្យឡើងដល់ ៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០១៧នេះ។ ជាមួយគ្នានេះដែរ កម្ពុជាបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរចិនចំនួន ២លាននាក់នៅឆ្នាំ២០២០ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសន្និសីទកាសែតស្ដីពីកម្ពុជាធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅថ្ងៃទី៦ខែមករា លោក ប៉ាន សូរស័ក្ដិ ឲ្យដឹងថា កម្ពុជាជ្រើសរើសបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់យុទ្ធសាស្ត្ររបស់ចិន ដែលអាចឲ្យវិនិយោគិន និងទេសចរចិន ស្រាវជ្រាវរកព័ត៌មានអំពីកម្ពុជា មុននឹងពួកគេសម្រេចបោះទុន ក៏ដូចជាមកទេសចរណ៍នៅកម្ពុជា។ លោកបញ្ជាក់ថា កម្ពុជាមានមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅទីក្រុងណាននីង និងមួយទៀតនៅខេត្តក្វាងចូវ ហើយអាចនឹងបង្កើតចំនួន៤កន្លែងទៀតនៅ ទីក្រុងប៉េកាំង ម៉ាកាវ សៀងហៃ និងទីក្រុងស៊ីអាន ខេត្តសានស៊ី។
សូមស្ដាប់ប្រសាសន៍ លោក ប៉ាន សូរស័ក្ដិ ខាងក្រោមនេះ៖
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស្រី សឿង សុផារី មជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងណាននីង គឺផ្ដោតទៅលើវិស័យពាណិជ្ជកម្ម និងវិនិយោគ រីឯមជ្ឈមណ្ឌលដែលបង្កើតបន្តបន្ទាប់ទៀតគ្របដណ្ដាប់ទៅលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌។ លោកស្រីបន្ថែមថា មជ្ឈមណ្ឌលទាំងនេះជួយផ្ដល់ព័ត៌មានដល់ប្រជាជនទាំងសងខាងអំពីប្រទេសកម្ពុជា និងចិន។
យោងតាមតួលេខរបស់ស្ថានទូតចិនប្រចាំកម្ពជា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន នៅក្នុងឆមាសទី១ដើមឆ្នាំ២០១៦ មានចំនួន ២,៣ពាន់លានដុល្លារ កើនឡើង១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ។ នៅក្នុងឆ្នាំ២០១៥ ការជួញដូររបស់ប្រទេសទាំងពីរសម្រេចបាន ៤,៤ពាន់លានដុល្លារ៕
Tag:
មជ្ឈមណ្ឌលពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com