អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ ទទួលស្គាល់ថា រុស្ស៊ី​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុងពេល​បោះឆ្នោត​
10, Jan 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​ការសន្និដ្ឋាន​ចុងក្រោយ​របស់​បណ្តា​ក្រុម​ជំនាញ​ចារកម្ម​អាមេរិក​ដែល​អះអាងថា​រុស្ស៊ី​ពិតជា​ពាក់ព័ន្ធ​ការចូល​លូកលាន់​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​កន្លងមក​។ ការផ្លាស់ប្តូរ​ជំហរ​នេះ​អាច​បណ្តា​មកពី​លោក​រង​សម្ពាធ​ខ្លាំង​ពី​បណ្តា​ក្រុម​អ្នក​សាធារណរដ្ឋ​កន្លងមក ស្របពេល​លោក​ជិត​ចូលកាន់​តំណែង​។

 
​នាយក​បុគ្គលិក​សេត​វិមាន​របស់លោក ដូ​ណា​ល់ ត្រាំ លោក Reince Priebus  បាន​អះអាង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Fox News ថា ប្រធានាធិបតី​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ទទួលស្គាល់ថា រុស្ស៊ី​មាន​ជាប់​ពាក់ព័ន្ធ​ការ​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ក្នុងពេល​បោះឆ្នោត​កន្លងមក​។ 
 
​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា ដូ​ណា​ល់ ត្រាំ ពិតជា​ទទួលស្គាល់ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ជា​អ្នកបញ្ជា​ផ្ទាល់​នោះឡើយ​។ 
 
​លោក Reince Priebus បាន​បញ្ជាក់ថា​៖ «​គាត់​បាន​ទទួលស្គាល់ថា រឿង​វាយប្រហារ​តាម​អ៊ីនធឺណិត​នេះ​បង្កដោយ​នីតិបុគ្គល​មួយចំនួន​នៅ​រុស្ស៊ី​។ ដូច្នេះ​វា​មិនមែនជា​បញ្ហា​អ្វី​ឡើយ​»​។​
 
​នេះ​ជា​លើកដំបូង​បំផុត​ដែល​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុម​អន្តរកាល​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​របាយការណ៍​ស៊ើបអង្កេត​របស់​ក្រុម​ចារកម្ម​អាមេរិក​ដែល​បញ្ជាក់ថា​រុស្ស៊ី​លួច​លូកលាន់​ចូលក្នុង​ដំណើរការ​បោះឆ្នោត​និង​លួច​ទម្លាយ​អ៊ី​ម៉ែ​ល​របស់​គណកម្មាធិការ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នោះ​។  
 
​កាលពី​សប្តាហ៍​មុន របាយ​ការ​ចារកម្ម​អាមេរិក​អះអាងថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មាន​ឥទ្ធិពល​ផ្ទាល់​លើ​ការបោះឆ្នោត​ដោយ​វាយប្រហារ​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​ហើយ​គាំទ្រ ដូ​ណា​ល់ ត្រាំ និង​ធ្វើ​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ចាញ់​ប្រៀប​ទៅវិញ​។​.
 
​តាំងពីដើម​មក លោក ដូ​ណា​ល់ ត្រាំ តែងតែ​បដិសេធ​រាល់​ការចោទប្រកាន់ថា រុស្ស៊ី​នៅ​ពីក្រោយ​ការ​លូកលាន់​ក្នុងការ​បោះឆ្នោត​និង​ជួយ​ឲ្យ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។ ហើយ​លោក​ថែមទាំង​ហ៊ាន​អះអាងថា មិនមែន​តែ​រុស្ស៊ី​ទេ សូម្បីតែ​ចិន​ក៏មាន​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែរ​។​
 
​តាមពិតទៅ​ការឈាន​ទៅ​ទទួលស្គាល់​របាយការណ៍​នេះ អាច​បណ្តាលមកពី​លោក ដូ​ណា​ល់ ត្រាំ ទទួលរង​សម្ពាធ​ខ្លាំង​ពី​បណ្តា​ក្រុម​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​។ ពួកគេ​ជឿជាក់ថា រុស្ស៊ី​ពិតជា​នៅ​ពីក្រោយ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នេះ​មែន ហើយ​គេ​ថែមទាំង​អំពាវនាវ​ឲ្យ​មានការ​ចាត់វិធានការ​ប្រឆាំង​រុស្ស៊ី​ថែម​ទៀតផង​។​
 
​ថ្វីបើ​មានការ​ផ្លាស់ប្តូរ​ជំហរ​ដោយ​ត្រឡប់​ទៅ​ទទួលស្គាល់ថា​រុស្ស៊ី​នៅ​ពីក្រោយ​បញ្ហា​នេះ​ក៏ដោយ គេ​មិន​រំពឹងថា​លោក ដូ​ណា​ល់ ត្រាំ នឹងមាន​វិធានការ​ណាមួយ​ឆ្លើយតប​រុស្ស៊ី​ឡើយ​។ គោលជំហរ​តែមួយគត់​របស់លោក ដូ​ណា​ល់ ត្រាំ គឺ​ធ្វើយ៉ាងណា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឲ្យ​កាន់តែ​ជិតស្និទ្ធ​និង​ដោះស្រាយ​បញ្ហា​ពិភពលោក​រួមគ្នា​៕

© រក្សាសិទ្ធិដោយ thmeythmey.com