ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ទទួលស្គាល់ការសន្និដ្ឋានចុងក្រោយរបស់បណ្តាក្រុមជំនាញចារកម្មអាមេរិកដែលអះអាងថារុស្ស៊ីពិតជាពាក់ព័ន្ធការចូលលូកលាន់ក្នុងប្រព័ន្ធបោះឆ្នោតអាមេរិកកន្លងមក។ ការផ្លាស់ប្តូរជំហរនេះអាចបណ្តាមកពីលោករងសម្ពាធខ្លាំងពីបណ្តាក្រុមអ្នកសាធារណរដ្ឋកន្លងមក ស្របពេលលោកជិតចូលកាន់តំណែង។
នាយកបុគ្គលិកសេតវិមានរបស់លោក ដូណាល់ ត្រាំ លោក Reince Priebus បានអះអាងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ទទួលស្គាល់ថា រុស្ស៊ីមានជាប់ពាក់ព័ន្ធការលួចវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតក្នុងពេលបោះឆ្នោតកន្លងមក។
ប៉ុន្តែលោកមិនបានបញ្ជាក់ថា ដូណាល់ ត្រាំ ពិតជាទទួលស្គាល់ថា លោក វ្ល៉ាឌីមៀ ពូទីនជាអ្នកបញ្ជាផ្ទាល់នោះឡើយ។
លោក Reince Priebus បានបញ្ជាក់ថា៖ «គាត់បានទទួលស្គាល់ថា រឿងវាយប្រហារតាមអ៊ីនធឺណិតនេះបង្កដោយនីតិបុគ្គលមួយចំនួននៅរុស្ស៊ី។ ដូច្នេះវាមិនមែនជាបញ្ហាអ្វីឡើយ»។
នេះជាលើកដំបូងបំផុតដែលមន្ត្រីជាន់ខ្ពស់នៃក្រុមអន្តរកាលរដ្ឋបាលលោក ដូណាល់ ត្រាំ ទទួលស្គាល់របាយការណ៍ស៊ើបអង្កេតរបស់ក្រុមចារកម្មអាមេរិកដែលបញ្ជាក់ថារុស្ស៊ីលួចលូកលាន់ចូលក្នុងដំណើរការបោះឆ្នោតនិងលួចទម្លាយអ៊ីម៉ែលរបស់គណកម្មាធិការជាតិនៃគណបក្សប្រជាធិបតេយ្យនោះ។
កាលពីសប្តាហ៍មុន របាយការចារកម្មអាមេរិកអះអាងថា លោក វ្ល៉ាឌីមៀ ពូទីន មានឥទ្ធិពលផ្ទាល់លើការបោះឆ្នោតដោយវាយប្រហារប្រព័ន្ធបោះឆ្នោតអាមេរិកហើយគាំទ្រ ដូណាល់ ត្រាំ និងធ្វើឲ្យលោកស្រី ហ៊ីឡារី គ្លីនតុនចាញ់ប្រៀបទៅវិញ។.
តាំងពីដើមមក លោក ដូណាល់ ត្រាំ តែងតែបដិសេធរាល់ការចោទប្រកាន់ថា រុស្ស៊ីនៅពីក្រោយការលូកលាន់ក្នុងការបោះឆ្នោតនិងជួយឲ្យលោកជាប់ឆ្នោតជាប្រធានាធិបតី។ ហើយលោកថែមទាំងហ៊ានអះអាងថា មិនមែនតែរុស្ស៊ីទេ សូម្បីតែចិនក៏មានលួចវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដែរ។
តាមពិតទៅការឈានទៅទទួលស្គាល់របាយការណ៍នេះ អាចបណ្តាលមកពីលោក ដូណាល់ ត្រាំ ទទួលរងសម្ពាធខ្លាំងពីបណ្តាក្រុមអ្នកនយោបាយបក្សសាធារណរដ្ឋ។ ពួកគេជឿជាក់ថា រុស្ស៊ីពិតជានៅពីក្រោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតនេះមែន ហើយគេថែមទាំងអំពាវនាវឲ្យមានការចាត់វិធានការប្រឆាំងរុស្ស៊ីថែមទៀតផង។
ថ្វីបើមានការផ្លាស់ប្តូរជំហរដោយត្រឡប់ទៅទទួលស្គាល់ថារុស្ស៊ីនៅពីក្រោយបញ្ហានេះក៏ដោយ គេមិនរំពឹងថាលោក ដូណាល់ ត្រាំ នឹងមានវិធានការណាមួយឆ្លើយតបរុស្ស៊ីឡើយ។ គោលជំហរតែមួយគត់របស់លោក ដូណាល់ ត្រាំ គឺធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីឲ្យកាន់តែជិតស្និទ្ធនិងដោះស្រាយបញ្ហាពិភពលោករួមគ្នា៕