ជាតិ
ប៉ូលិស ឈាន ពិសិដ្ឋ អាច​ត្រូវ​ប្តូរ​ចេញពី​ច្រកទ្វារ​ប៉ោយប៉ែត
10, Jan 2017 , 11:38 am        
រូបភាព
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
​នាយរង​ប៉ុស្តិ៍​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ អាច​ត្រូវ​ប្តូរ​ចេញពី​ច្រកទ្វារ​ប៉ោយប៉ែត​។ នេះ​បើតាម​ការបញ្ជាក់​របស់​អភិបាលខេត្ត​បន្ទាយមានជ័យ លោក សួន បវរ​។ គម្រោង​ផ្លាស់ប្តូរ​នេះ អាច​ជាប់​ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​នាពេល​ចុងក្រោយ​នេះ​។



​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១០ ខែមករា​ថា លោក ឈាន ពិសិដ្ឋ ទំនង​ត្រូវ​ផ្លាស់ប្តូរ​ចេញពី​ច្រកទ្វារ​ប៉ោយប៉ែត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់​អារម្មណ៍​។ លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​នេះ គឺពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​កើតឡើង​កន្លងមក​។ តែ​យ៉ាងណាក៏ដោយ លោក​អភិបាលខេត្ត មិន​ច្បាស់​ថា​ប៉ូលិស​ស័ក្តិ​៤ ឈាន ពិសិដ្ឋ នឹងត្រូវ​ប្តូរ​ទៅធ្វើ​ការ​នៅ​កន្លែង​ណា​ទេ ការផ្លាស់ប្តូរ​គឺ​អាស្រ័យ​លើ​ស្ថាប័ន​សា​មី (​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​)​។

​លោក សួន បវរ បន្ត​ដោយ​លើក​ពីស​ម្តី​របស់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដូច្នេះ​ថា​៖« មិន​ជាក់លាក់​ថា​នឹង​ផ្លាស់ប្តូរ​យ៉ាងម៉េច​ទេ ប៉ុន្តែ​បើតាម​លោក សុខ ផល បើ​ឲ្យ​គាត់​(​ឈាន ពិសិដ្ឋ​) នៅ​កន្លែង​ហ្នឹង​ទៀត អាច​កើតមាន​បញ្ហា​ដដែល បញ្ហា​ដែល​ចម្រូងចម្រាស​»​។

​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ ក៏​ចង់​ឲ្យ​លោក ឈាន ពិសិដ្ឋ សម្របសម្រួល​បញ្ចប់រឿង​ជាមួយ លោក ឌិន ពុ​ទ្ធី ដែល​រង​ការចោទប្រកាន់ថា​បាន​បើកឡាន​បុក​ខ្លួន​ឲ្យ​សន្លប់​កាលពីពេល​កន្លងមក​នោះ​។ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែង​ដូច្នេះ​៖«​របួស​គាត់​ដូចជា​សះស្បើយ​អស់ហើយ យើង​ចង់​ឲ្យ​បញ្ចប់​បញ្ហា ចង់​ឲ្យ​ស្ងប់ស្ងាត់ ម្យ៉ាង​គ្រោះថ្នាក់​នោះ​មិន​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ជីវិត​ដែរ​»​។​

​ទាក់ទង​នឹង​ព័ត៌មាន​ពី​ការប្តូរ​ទីកន្លែង​ធ្វើការ​របស់លោក ឈាន ពិសិដ្ឋ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណ​ថន មិន​អត្ថាធិប្បាយ​ឡើយ ដោយ​បញ្ជាក់ថា​បញ្ហា​នេះ​លោក​មិនទាន់​ក្តាប់បាន​។​

​វីដេអូ និង​រូបថត ប៉ូលិស ដួលសន្លប់​មុខ​រថយន្ត បាន​កើតឡើង​តាំងពីព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ នៅ ក្បែរ​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មន្ត្រី​ប៉ូលិស​ឈ្មោះ ឈាន ពិសិដ្ឋ ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ ដោយមាន​ស្នាម​ជាំ​ជាប់​ភ្លៅ និង​ដាក់​រណប​បំពង​ករ និង​មាន​លិខិតបញ្ជាក់​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ផងដែរ​។

​ក្រសួងមហាផ្ទៃ បាន​វាយតម្លៃ​ករណីនេះ​ថា ម្ចាស់​រថយន្ត​លោក ឌិន ពុ​ទ្ធី មាន​ចេតនា​បើករថយន្ត​បុក​លោក ឈាន ពិសិដ្ឋ មន្ត្រីប៉ូលិស​នាយរង​ប៉ុស្តិ៍​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ប៉ោយប៉ែត​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អយ្យការ​អម សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក៏បាន​បញ្ជាក់ដែរថា  ប៉ូលិស​ឈ្មោះ ឈាន ពិសិដ្ឋ ពិតជា​ត្រូវ​រថយន្ត​របស់ ឈ្មោះ​ឌិន ពុ​ទ្ធី បុក​រហូតដល់​សន្លប់​ពិតមែន ។ អយ្យការ​អម សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បើក​ការស៊ើបអង្កេត​លើ​ឈ្មោះ ឌិន ពុ​ទ្ធី ពីបទ​អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​៕


Tag:
 ឈាន ពិសិដ្ឋ​
  ​សួន បវរ​
 ​ ឌិន ពុ​ទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com