អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Duterte ព្រមាន​អភិបាលក្រុង​ពាក់ព័ន្ធ​គ្រឿងញៀន​ឲ្យ​លាលែង បើ​មិន​ចង់​ស្លាប់​
10, Jan 2017 , 1:33 pm        
រូបភាព
ប្រធានាធិបតី Rodrigo Duterte កាន់បញ្ជីឈ្មោះមន្ត្រីស៊ីវិលនិងប៉ូលិសជាប់ពាក់ព័ន្ធគ្រឿងញៀន (រូបថត Rappler)
ប្រធានាធិបតី Rodrigo Duterte កាន់បញ្ជីឈ្មោះមន្ត្រីស៊ីវិលនិងប៉ូលិសជាប់ពាក់ព័ន្ធគ្រឿងញៀន (រូបថត Rappler)
​ជាង​៦​ខែ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​មកហើយ​នោះ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte មិនបាន​បន្ធូរដៃ​ឡើយ​។ លោក​នៅតែ​ដាក់​បញ្ជា​ឲ្យ​បោសសម្អាត​ឧក្រិដ្ឋជន​គ្រឿងញៀន​ឲ្យ​អស់ពី​សង្គម​ហ្វីលីពីន​។ មិន​ត្រឹមតែ​ជន​ស៊ីវិល​ឡើយ សូម្បីតែ​មន្ត្រីជាន់ខ្ពស់​ថ្នាក់​អភិបាលក្រុង ក៏​ស្ថិតក្រោម​គោលដៅ​នៃ​យុទ្ធនាការ​នេះដែរ​។ លោក Duterte កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​អភិបាលក្រុង​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន និង​បាន​ប្រាប់​ឲ្យ​ពួកគេ​លាលែង បើ​មិន​ចង់​អស់​ជីវិត​ទេនោះ​។​



​បុរស​ខ្លាំង​ហ្វីលីពីន Rodrigo Duterte បាន​បង្វែរ​គោលដៅ​ថ្មី​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក គឺ​បណ្ដា​អភិបាលក្រុង​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ជនសង្ស័យ​គ្រឿងញៀន​។ លោក បាន​ព្រមាន​ខ្លាំងៗ​លើ​អភិបាលក្រុង​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់លោក ហើយ​បាន​ប្រាប់​ពួកគេ​ឲ្យ​លាលែង​ពី​តំណែង និង​ត្រូវ​បញ្ឈប់​ជំនួញ​គ្រឿងញៀន​របស់​ពួកគេ បើ​ពួកគេ​ចង់​រក្សា​ជីវិត​ពួកគេ​រស់នៅ​លើ​ផែនដី​តទៅទៀត​។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​មន្ត្រី​ជាង​២០០​នាក់​នៅ​ថ្ងៃទី​៩ ខែមករា លោក Duterte ព្រមាន​ធ្ងន់ៗ​ថា លោក​នឹង​ហៅ​អភិបាលក្រុង​ទាំងនោះ​មកជួប​លោក​ផ្ទាល់ ហើយ​លោក​នឹង​ប្រាប់​ពួកគេ​ពី​បញ្ជី​ឈ្មោះ​ដ៏​ក្រាស់​នៃ​អ្នក​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន និង​ឲ្យ​អភិបាលក្រុង​ទាំងនោះ​រក​ឈ្មោះ​ពួកគេ​។ លោក​បន្តថា ប្រសិនបើ​មានឈ្មោះ​ពួកគេ​ក្នុង​បញ្ជី​នេះ ពួកគេ​នឹងមាន​បញ្ហា​មិន​ខាន ហើយ​លោក​នឹង​សម្លាប់​ពួកគេ​តែម្ដង​។​

​ប្រធានាធិបតី​រូបនេះ​អះអាងថា លោក​សុខចិត្ត​ឲ្យ​ប្រវត្តិសាស្ត្រ​ចារ​ឈ្មោះ​របស់លោក «​ជា​ឃាតករ​»​។ លោក Duterte សង្កត់ធ្ងន់ថា ប្រសិនបើ​រូបលោក​ត្រូវគេ​ចងចាំ​ជា​អ្នក​សម្លាប់​មនុស្ស អ៊ីចឹង​ឲ្យ​វា​ទៅតាម​ដំណើរ​ទៅ​ចុះ​។ បើតាម​សារព័ត៌មាន Rappler លោក​ក៏​បញ្ជាក់ដែរថា ពួកគេ​អាច​លាលែង​ពី​តំណែង ឬក៏​ដកខ្លួន​ឲ្យ​បាន​ឆាប់​ពី​សកម្មភាព​ខុសច្បាប់រ​បស់​ពួកគេ ហើយ​បន្ទាប់ពីនោះ លោក​អាច​ពិភាក្សា​ជាមួយ​អភិបាលក្រុង​ទាំងនោះ​បាន​។​

​កន្លងមក ប្រធានាធិបតី Duterte ធ្លាប់​លើកឡើង​ពី​ការសង្ស័យ​របស់លោក​ចំពោះ​សកម្មភាព​របស់​បណ្ដា​អភិបាល​មួយចំនួន​ក្នុង​ជំនួញ​គ្រឿងញៀន​។ លោក​សង្ស័យថា អភិបាលក្រុង​ទាំងនោះ ប្រើប្រាស់​អំណាច​របស់​ពួកគេ​ក្នុងការ​តែងតាំង​មន្ត្រីប៉ូលិស​ក្នុង​ទីក្រុង​ដែល​ពួកគេ​គ្រប់គ្រង ដើម្បី​ធានាថា ប៉ូលិស​ទាំងនោះ មិន​រារាំង​សកម្មភាព​រកស៊ី​គ្រឿងញៀន​របស់​ពួកគេ​ឡើយ​។​

​ដោយសារ​រឿងនេះ លោក Duterte ក៏មាន​ផែនការ​ដកយក​អំណាច​ខ្លះ​ពី​អភិបាលក្រុង​ដែល​ជាប់​សង្ស័យ​ទាំងនោះ​។ លោក​បញ្ជាក់ថា លោក​នឹង​ដកយក​អំណាច​តែងតាំង​មេ​ប៉ូលិស​ប្រចាំ​ទីក្រុង បន្ទាប់មក​លោក​នឹង​បណ្ដេញចេញ​ក្រុម​សន្តិសុខ​ដែល​ការពារ​អភិបាលក្រុង​ទាំងនោះ ដ្បិត​ពួកគេ​ការពារ​មេ​កើយ​ពុករលួយ និង​ជួយ​មេ​កើយ​របស់​ពួកគេ​ក្នុងការ​បំភិតបំភ័យ​អ្នកដទៃ​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com