អន្តរជាតិ
នយោបាយអន្តរជាតិ
Duterte ព្រមានអភិបាលក្រុងពាក់ព័ន្ធគ្រឿងញៀនឲ្យលាលែង បើមិនចង់ស្លាប់ ប្រធានាធិបតី Rodrigo Duterte កាន់បញ្ជីឈ្មោះមន្ត្រីស៊ីវិលនិងប៉ូលិសជាប់ពាក់ព័ន្ធគ្រឿងញៀន (រូបថត Rappler)
× ជាង៦ខែនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលសម្លាប់មនុស្សរាប់ពាន់នាក់មកហើយនោះ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មិនបានបន្ធូរដៃឡើយ។ លោកនៅតែដាក់បញ្ជាឲ្យបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឲ្យអស់ពីសង្គមហ្វីលីពីន។ មិនត្រឹមតែជនស៊ីវិលឡើយ សូម្បីតែមន្ត្រីជាន់ខ្ពស់ថ្នាក់អភិបាលក្រុង ក៏ស្ថិតក្រោមគោលដៅនៃយុទ្ធនាការនេះដែរ។ លោក Duterte កំពុងរៀបចំបញ្ជីឈ្មោះអភិបាលក្រុងជាប់ពាក់ព័ន្ធគ្រឿងញៀន និងបានប្រាប់ឲ្យពួកគេលាលែង បើមិនចង់អស់ជីវិតទេនោះ។
បុរសខ្លាំងហ្វីលីពីន Rodrigo Duterte បានបង្វែរគោលដៅថ្មីនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក គឺបណ្ដាអភិបាលក្រុងដែលមានឈ្មោះក្នុងបញ្ជីជនសង្ស័យគ្រឿងញៀន។ លោក បានព្រមានខ្លាំងៗលើអភិបាលក្រុងដែលជាប់ឈ្មោះក្នុងបញ្ជីរបស់លោក ហើយបានប្រាប់ពួកគេឲ្យលាលែងពីតំណែង និងត្រូវបញ្ឈប់ជំនួញគ្រឿងញៀនរបស់ពួកគេ បើពួកគេចង់រក្សាជីវិតពួកគេរស់នៅលើផែនដីតទៅទៀត។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងមន្ត្រីជាង២០០នាក់នៅថ្ងៃទី៩ ខែមករា លោក Duterte ព្រមានធ្ងន់ៗថា លោកនឹងហៅអភិបាលក្រុងទាំងនោះមកជួបលោកផ្ទាល់ ហើយលោកនឹងប្រាប់ពួកគេពីបញ្ជីឈ្មោះដ៏ក្រាស់នៃអ្នកជាប់ពាក់ព័ន្ធគ្រឿងញៀន និងឲ្យអភិបាលក្រុងទាំងនោះរកឈ្មោះពួកគេ។ លោកបន្តថា ប្រសិនបើមានឈ្មោះពួកគេក្នុងបញ្ជីនេះ ពួកគេនឹងមានបញ្ហាមិនខាន ហើយលោកនឹងសម្លាប់ពួកគេតែម្ដង។
ប្រធានាធិបតីរូបនេះអះអាងថា លោកសុខចិត្តឲ្យប្រវត្តិសាស្ត្រចារឈ្មោះរបស់លោក «ជាឃាតករ»។ លោក Duterte សង្កត់ធ្ងន់ថា ប្រសិនបើរូបលោកត្រូវគេចងចាំជាអ្នកសម្លាប់មនុស្ស អ៊ីចឹងឲ្យវាទៅតាមដំណើរទៅចុះ។ បើតាមសារព័ត៌មាន Rappler លោកក៏បញ្ជាក់ដែរថា ពួកគេអាចលាលែងពីតំណែង ឬក៏ដកខ្លួនឲ្យបានឆាប់ពីសកម្មភាពខុសច្បាប់របស់ពួកគេ ហើយបន្ទាប់ពីនោះ លោកអាចពិភាក្សាជាមួយអភិបាលក្រុងទាំងនោះបាន។
កន្លងមក ប្រធានាធិបតី Duterte ធ្លាប់លើកឡើងពីការសង្ស័យរបស់លោកចំពោះសកម្មភាពរបស់បណ្ដាអភិបាលមួយចំនួនក្នុងជំនួញគ្រឿងញៀន។ លោកសង្ស័យថា អភិបាលក្រុងទាំងនោះ ប្រើប្រាស់អំណាចរបស់ពួកគេក្នុងការតែងតាំងមន្ត្រីប៉ូលិសក្នុងទីក្រុងដែលពួកគេគ្រប់គ្រង ដើម្បីធានាថា ប៉ូលិសទាំងនោះ មិនរារាំងសកម្មភាពរកស៊ីគ្រឿងញៀនរបស់ពួកគេឡើយ។
ដោយសាររឿងនេះ លោក Duterte ក៏មានផែនការដកយកអំណាចខ្លះពីអភិបាលក្រុងដែលជាប់សង្ស័យទាំងនោះ។ លោកបញ្ជាក់ថា លោកនឹងដកយកអំណាចតែងតាំងមេប៉ូលិសប្រចាំទីក្រុង បន្ទាប់មកលោកនឹងបណ្ដេញចេញក្រុមសន្តិសុខដែលការពារអភិបាលក្រុងទាំងនោះ ដ្បិតពួកគេការពារមេកើយពុករលួយ និងជួយមេកើយរបស់ពួកគេក្នុងការបំភិតបំភ័យអ្នកដទៃ៕
Tag:
ហ្វីលីពីន
Rodrigo Duterte
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com