កីឡាអន្តរជាតិ
អន្តរជាតិ
Subri ជា​កីឡា​ករបាល់​ទាត់​អាស៊ី​ទីមួយ ដែល​ឈ្នះ​ពាន Puskas Award
10, Jan 2017 , 8:19 pm        
រូបភាព
Mohd Faiz Subri ក្លាយជា​កីឡារ​បាល់ទាត់​របស់​អា​ស៊ី​ដំបូង​បំផុត​ដែល​បានឈ្នះ​ពាន FIFA Puskas Award 2016 (​គ្រាប់​បាល់ទាត់​បញ្ចូល​ទី​ល្អ​ដាច់​គេ​ក្នុង​លោក​ប្រចាំឆ្នាំ​២០១៦) តាមរយៈ​ការបោះឆ្នោត​តាម​អន​ឡាញ​របស់​ក្រុម​អ្នកគាំទ្រ​នៅលើ​ពិភពលោក​។



​នា​ពិធី​ចែក​រង្វាន់ The Best FIFA Football Awards នៅ​ថ្ងៃទី​៩ ខែមករា នៅក្នុង​ទីក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានផ្តល់​ឱកាស​ដល់​អ្ន​ក​គាំទ្រ​បន្ត​សម្រេចចិត្ត​បោះឆ្នោត​ជ្រើសរើស​គ្រាប់​បាល់​បញ្ចូល​ទី​ឆ្នើម​ប្រចាំឆ្នាំ​រហូតដល់​នាទីចុងក្រោយ មុននឹង​ប្រកាស​រង្វាន់​។ លទ្ធផល​បាន​បង្ហាញថា កីឡាករ​ម៉ាឡេស៊ី Mohd Faiz Subri ទទួលបាន​សំឡេងគាំទ្រ ៥៩,៤៦​ភាគរយ ដោយ​នាំមុខ​កីឡាករ​ប្រេ​ស៊ី​ល Marlone (២២,៨៦​ភាគរយ​) និង​កីឡាការិនី​វេ​ណេ​ស៊ុយ​អេ​ឡា Daniuska Rodriguez (១០,០១​ភាគរយ​)​។​



​ខ្សែប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​បស់​ក្លិប Penang FA រូបនេះ មាន​គ្រាប់​បាល់​ពិន័យ​ចំងាយ​ឆ្ងាយ (Free Kick) ដ៏​អស្ចារ្យ ដែល​ទាត់​ចេញពី​ស្លាប​ខាងឆ្វេង​នៃ​ទីលាន នា​ការប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​របស់​ម៉ាឡេស៊ី Malaysia Super League រវាង​ក្រុម Penang FA ជាមួយ​ក្រុម Pahang FA កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​។

Subri បាន​ក្លាយជា​កីឡាករ​អាស៊ី​ទីមួយ​ដែល​ឈ្នះ​ពាន Puskas​។ កីឡាករ​ដែល​ឈ្នះ​កន្លងមក​រួមមាន Cristiano Ronaldo (​ឆ្នាំ ២០០៩) Hamit Altintop កាល​លេង​នៅ Bayern Munich (​ឆ្នាំ​២០១០) Neymar របស់ Barcelona (​ឆ្នាំ​២០១១) កីឡាករ Miroslav Stoch នៃ​ក្លិប Fenerbahce (​ឆ្នាំ​២០១២)  ខ្សែប្រយុទ្ធ​ឆ្នើម​របស់​បិសាច​ក្រហម​បច្ចុប្បន្ន Zlatan Ibrahimovic ធ្លាប់​ឈ្នះ​កាលពី​ឆ្នាំ​២០១៣  James Rodriguez របស់ Real Madrid ទទួលបាន​នៅ​ឆ្នាំ​២០១៤, និង Wendell Lira អតីត​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​ទទួលបាន​កាលពី​ឆ្នាំ​២០១៥៕

 
​ទស្សនា​វីដេអូ​






Tag:
 FIFA Puskas Award
  Mohd Faiz Subri
  Best FIFA Player
© រក្សាសិទ្ធិដោយ thmeythmey.com