Mohd Faiz Subri ក្លាយជាកីឡារបាល់ទាត់របស់អាស៊ីដំបូងបំផុតដែលបានឈ្នះពាន FIFA Puskas Award 2016 (គ្រាប់បាល់ទាត់បញ្ចូលទីល្អដាច់គេក្នុងលោកប្រចាំឆ្នាំ២០១៦) តាមរយៈការបោះឆ្នោតតាមអនឡាញរបស់ក្រុមអ្នកគាំទ្រនៅលើពិភពលោក។
នាពិធីចែករង្វាន់ The Best FIFA Football Awards នៅថ្ងៃទី៩ ខែមករា នៅក្នុងទីក្រុងហ្សួរិច ប្រទេសស្វីស សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្តល់ឱកាសដល់អ្នកគាំទ្របន្តសម្រេចចិត្តបោះឆ្នោតជ្រើសរើសគ្រាប់បាល់បញ្ចូលទីឆ្នើមប្រចាំឆ្នាំរហូតដល់នាទីចុងក្រោយ មុននឹងប្រកាសរង្វាន់។ លទ្ធផលបានបង្ហាញថា កីឡាករម៉ាឡេស៊ី Mohd Faiz Subri ទទួលបានសំឡេងគាំទ្រ ៥៩,៤៦ភាគរយ ដោយនាំមុខកីឡាករប្រេស៊ីល Marlone (២២,៨៦ភាគរយ) និងកីឡាការិនីវេណេស៊ុយអេឡា Daniuska Rodriguez (១០,០១ភាគរយ)។
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំបស់ក្លិប Penang FA រូបនេះ មានគ្រាប់បាល់ពិន័យចំងាយឆ្ងាយ (Free Kick) ដ៏អស្ចារ្យ ដែលទាត់ចេញពីស្លាបខាងឆ្វេងនៃទីលាន នាការប្រកួតក្នុងក្របខណ្ឌកំពូលរបស់ម៉ាឡេស៊ី Malaysia Super League រវាងក្រុម Penang FA ជាមួយក្រុម Pahang FA កាលពីឆ្នាំ២០១៦ កន្លងទៅ។
Subri បានក្លាយជាកីឡាករអាស៊ីទីមួយដែលឈ្នះពាន Puskas។ កីឡាករដែលឈ្នះកន្លងមករួមមាន Cristiano Ronaldo (ឆ្នាំ ២០០៩) Hamit Altintop កាលលេងនៅ Bayern Munich (ឆ្នាំ២០១០) Neymar របស់ Barcelona (ឆ្នាំ២០១១) កីឡាករ Miroslav Stoch នៃក្លិប Fenerbahce (ឆ្នាំ២០១២) ខ្សែប្រយុទ្ធឆ្នើមរបស់បិសាចក្រហមបច្ចុប្បន្ន Zlatan Ibrahimovic ធ្លាប់ឈ្នះកាលពីឆ្នាំ២០១៣ James Rodriguez របស់ Real Madrid ទទួលបាននៅឆ្នាំ២០១៤, និង Wendell Lira អតីតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលទទួលបានកាលពីឆ្នាំ២០១៥៕