ជាតិ
បទវិភាគ
អ្នកប្រើហ្វេសប៊ុកជាច្រើនកំពុងរំលោភជីវិតឯកជនញាតិសន្តានខ្លួនឯង
× ហ្វេសប៊ុកមិនមែនជារឿងថ្មីទៀតទេនៅកម្ពុជា។ ប៉ុន្តែមនុស្សខ្មែរអ្នកលេងហ្វេសប៊ុកជាច្រើន នៅតែជាមនុស្សថ្មីក្នុងការប្រើប្រាស់បណ្តាញសង្គមយក្សមួយនេះ។ ពួកគេមិនទាន់បានយកចិត្តទុកដាក់ថា ការប្រើប្រាស់ហ្វេសប៊ុក (លេងហ្វេសប៊ុក)របស់ពួកគេ ពេលខ្លះបានរំលោភឯកជនភាពរបស់មនុស្សជុំវិញរបស់ពួកគេ រួមទាំងកូន ប្រពន្ធ ឪពុកម្តាយ មិត្តភក្តិនោះឡើយ។ ពេលខ្លះ មនុស្សដែលត្រូវបានគេថតបង្ហោះផ្សព្វផ្សាយ មិនបានដឹងខ្លួនទៀតផង។
គ្រាន់តែយល់តែមួយជ្រុងថា វាជាការបង្ហោះជូនដំណឹងដល់ញាតិមិត្ត អ្នកខ្លះបានបង្ហោះរូបថតឪពុកឬម្តាយ, ជីដូន ឬជីតា ដែលស្ថិតក្នុងស្ថានភាពឈឺធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ឬនៅក្នុងផ្ទះ។ ពេលខ្លះទៀត វាជារូបថតដែលអ្នកជំងឺកំពុងទទួលការសង្គ្រោះបន្ទាន់ ដោយមានបន្តោងខ្សែសេរ៉ូម និងបំពង់ជំនួយអុកស៊ីហ្សែនផង ឬក៏ជារូបថតអ្នកជំងឺដែលរៀបនឹងលាចាកលោកទៀតផង។ តើទាំងនេះ វាជារូបភាពដ៏គួរឲ្យអាណិតអាសូរចំពោះពួកគាត់ ឬក៏ជារូបដែលធ្វើឲ្យមនុស្សទូទៅខ្លាចទៅវិញ? តើពួកគាត់ចង់បង្ហាញទិដ្ឋភាពអាក្រក់មើលរបស់ពួកគាត់ ឬក៏ពួកគាត់ក៏ចង់បានបង្ហាញតែរូបភាពល្អៗ ស្អាតៗ ដូចមនុស្សទូទៅដែរ?
តាមពិត អ្វីដែលបានកើតឡើងជាក់ស្តែង អ្នកបង្ហោះរូបភាព ដែលអាចជាកូន ជាចៅ ជាក្មួយ ឬសាច់ញាតិ គ្រាន់តែបានសម្រេចចិត្តបែបអត្តនោម័តិថា រូបភាពទាំងនោះ គឺជារូបភាពរបស់សាច់ញាតិ ដែលវានឹងមិនបង្កឲ្យមានបញ្ហាតែប៉ុណ្ណោះ។ ប៉ុន្តែពួកគេភ្លេចគិតថា ជីដូន ជីតា ឬឪពុកម្តាយសាច់ញាតិ ក៏មានឯកជនភាព (សិទ្ធិ) ឬមានគំនិតរបស់គេផ្ទាល់ខ្លួន ដែលពេលខ្លះ គឺពួកគេមិនបានចង់ឲ្យរូបភាពដ៏អាក្រក់របស់ពួកគេ ត្រូវបានបង្ហោះជាសាធារណៈនោះទេ។ អ្នកខ្លះទៀតបង្ហោះរូបភាពសាកសពរបស់សាច់ញាតិដែលមិនគួរឲ្យមើលទៀតផង។
ពួកគេក៏ប្រហែលជាមិនបានដឹងថា ជំពូកទី៥នៃក្រមព្រហ្មទណ្ឌក៏មានចែងអំពីការដាក់ទោសទណ្ឌទៅលើការប៉ះពាល់ដល់ការគោរពដែលតម្រូវឲ្យមានចំពោះអ្នកស្លាប់។
និយាយបែបម្យ៉ាងទៀត ដោយសារតែនៅកម្ពុជា ពលរដ្ឋខ្មែរមិនទាន់ទម្លាប់ ឬយល់ដឹងអំពីជីវិតឯកជន អ្នកដែលត្រូវគេបង្ហោះរូបភាពរបស់ខ្លួនមិនដឹងថា សិទ្ធិជាឯកជនភាពរបស់ខ្លួនត្រូវបានគេបំពាននោះឡើយ។
ដោយសារមិនធ្លាប់មានចំណាប់អារម្មណ៍ជាស្វ័យប្រវត្តិទៅលើភាពជាឯកជននេះហើយ បានជាពេលខ្លះ មានអ្នកបង្ហោះរូបប្តី ឬប្រពន្ធ តាំងតែពីលើគ្រែដែលជារូបភាពទាក់ទាញការរិះគន់ ជាជាងការស្ងើចសរសើរ។ និយាយមកដល់ត្រង់នេះ វាមិនត្រឹមតែជាបញ្ហារំលោភលើឯកជនភាពនោះទេ ប៉ុន្តែវាឈានដល់ការបំពានផ្នែកសីលធម៌ទៅទៀតផង។
បណ្តាញសង្គមហ្វេសប៊ុក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅក្នុងខែកុម្ភៈឆ្នាំ២០០៤។ ហ្វេសប៊ុក ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងពិភពលោក ត្រូវបានប្រើប្រាស់នៅកម្ពុជានៅក្នុងឆ្នាំ២០០៦ មុននឹងវាត្រូវបានពលរដ្ឋខ្មែរប្រើប្រាស់ខ្លាំងនៅអំឡុងឆ្នាំ២០១០ និងកើនឡើងរឹតតែខ្លាំងនៅក្នុងឆ្នាំបោះឆ្នោតតំណាងរាស្ត្រ២០១៣។
យុវជន និងមនុស្សចាស់ ក៏បានហក់ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមិនដែលបានខ្វល់ខ្វាយអំពីផលប៉ះពាល់ ឬផលអវិជ្ជមាន ឬរបៀបនៃការប្រើប្រាស់មិនត្រឹមត្រូវនោះឡើយ។ ហ្វេសប៊ុកគឺជាឧបករណ៍មួយដែលត្រូវបានប្រើប្រាស់ដើម្បីចែករម្លែកព័ត៌មានក៏ពិតមែន ប៉ុន្តែការចែករំលែកព័ត៌មានក្លែងក្លាយកាន់តែច្រើន ក៏កំពុងធ្វើឲ្យសង្គមខ្មែរ ដែលនៅក្មេងខ្ចីលើបញ្ហាបច្ចេកវិទ្យា ច្របូកច្របល់ពិបាកគ្រប់គ្រងដែរ។
គេហទំព័រ Geeks in Cambodia បានចុះផ្សាយអត្ថបទមួយ ដោយស្រង់ប្រភពជាភ្នាក់ងារបណ្តាញសង្គមមួយរបស់ប្រទេសសិង្ហបុរីឈ្មោះ We are Social ដែលរកឃើញថា មកដល់ឆ្នាំ២០១៦នេះ នៅកម្ពុជាមានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន៣លាន៤សែននាក់។ នេះជាចំនួនដ៏ធំមួយ ដែលទាមទារឲ្យមានការគិតគូរអំពីការផ្តល់ចំណេះដឹងមូលដ្ឋានដែលទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គមដល់អ្នកប្រើប្រាស់។
វិធានការដ៏មានប្រសិទ្ធភាព ហើយលឿនរហ័សមួយគឺការជំរុញឲ្យមានការបង្រៀនតៗគ្នានៅក្នុងរង្វង់គ្រួសារ។ អ្នកដែលយល់ដឹងអំពីរបៀបនៃការប្រើប្រាស់ហ្វេសប៊ុកដោយត្រឹមត្រូវនោះ ត្រូវពន្យល់ និងបង្រៀនបងប្អូន ពិសេសឪពុកម្តាយ សាច់ញាតិ អំពីដំណើរការនៃហ្វេសប៊ុក វិសាលភាពរបស់វា សិទ្ធិនៃឯកជនភាពរបស់បុគ្គល បច្ច័យល្អ និងអាក្រក់របស់ហ្វេសប៊ុក ជាដើម ។ល។
ធ្វើយ៉ាងនេះបាន នោះការប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា នឹងដើរនៅលើផ្លូវត្រឹមត្រូវ ដែលនឹងផ្តល់ប្រយោជន៍ដល់សង្គមកម្ពុជាច្រើនជាងផលអវិជ្ជមាន។ ការគោរពសិទ្ធិឯកជននៅលើបណ្តាញសង្គមនឹងត្រូវបានអនុវត្ត ហើយការចែករំលែកព័ត៌មានដោយការពិចារណាក៏នឹងត្រូវបានពង្រឹងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com