កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ FIFA សម្រេចបន្ថែមក្រុមពី ៣២ រហូតដល់ ៤៨ក្រុម
× ចាប់ពីឆ្នាំ២០២៦ ការប្រកួតបាល់ទាត់ពិភពលោក World Cup នឹងត្រូវបន្ថែមរហូតដល់ទៅ៤៨ក្រុម។ ការសម្រេចបន្ថែមនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA នៅទីស្នាក់ការក្នុងក្រុង Zurich ប្រទេសស្វ៊ីស។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានសម្រេចផ្លាស់ប្ដូររូបមន្តនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោក World Cup ដែលតែងធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង។ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១០ ខែមករា FIFA បានសម្រេចបន្ថែមចំនួនក្រុមប្រកួតឡើងដល់៤៨ក្រុម ខណៈដែលការប្រកួតកន្លងមក មានតែ៣២ក្រុមប៉ុណ្ណោះ។
ទន្ទឹមនឹងការបង្កើនចំនួនក្រុមចូលរួមប្រកួតនោះ FIFA ក៏បានកែប្រែរូបមន្តប្រកួតផងដែរ។ បើតាមសារព័ត៌មាន BBC រូបមន្តថ្មីនេះ នឹងបែងចែកក្រុមទាំង៤៨ ទៅជា១៦ពូល ដោយពូលនីមួយៗមានក្រុមជម្រើសជាតិចំនួន៣ និងត្រូវប្រជែងយកពីរក្រុម ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ ពោល គឺខុសគ្នាពីរូបមន្តចាស់ ដែលមានចំនួន៨ពូល ដោយមួយពូលមាន៤ក្រុម។
ជាមួយនឹងការបង្កើនចំនួនក្រុមនេះ ការប្រកួតទាំងអស់នៃពានរង្វាន់ពិភពលោកនេះ ក៏មានការកើនឡើងដែរ គឺកើនឡើងពី៦៤ប្រកួត ទៅដល់៨០ប្រកួត។ ប៉ុន្តែរូបមន្តប្រកួតចាប់ពីវគ្គ១៦ក្រុមចុងក្រោយ នៅតែរក្សាដូចមុនដដែល។
នេះជាការប្រែប្រួលដ៏ធំមួយសម្រាប់ការប្រកួតពានរង្វាន់ World Cup ចាប់ពីឆ្នាំ១៩៩៨ មក។ ហើយការបង្កើនចំនួនក្រុមនេះ គឺស្របតាមបំណងរបស់ប្រធាន FIFA លោក Gianni Infantino ដែលទើបកាន់តំណែងនេះកាលពីឆ្នាំមុន៕
© រក្សាសិទ្ធិដោយ thmeythmey.com