កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ FIFA សម្រេច​បន្ថែម​ក្រុម​ពី ៣២ រហូតដល់ ៤៨​ក្រុម​
10, Jan 2017 , 5:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ចាប់ពី​ឆ្នាំ​២០២៦ ការប្រកួត​បាល់ទាត់​ពិភពលោក World Cup នឹងត្រូវ​បន្ថែម​រហូតដល់​ទៅ​៤៨​ក្រុម​។ ការសម្រេច​បន្ថែម​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA នៅ​ទីស្នាក់ការ​ក្នុង​ក្រុង Zurich ប្រទេស​ស្វ៊ី​ស​។​



​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បានសម្រេច​ផ្លាស់ប្ដូរ​រូបមន្ត​នៃ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក World Cup ដែល​តែង​ធ្វើឡើង​រៀងរាល់​៤​ឆ្នាំ​ម្ដង​។ ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១០ ខែមករា FIFA បានសម្រេច​បន្ថែមចំនួន​ក្រុម​ប្រកួត​ឡើងដល់​៤៨​ក្រុម ខណៈដែល​ការប្រកួត​កន្លងមក មានតែ​៣២​ក្រុម​ប៉ុណ្ណោះ​។​

​ទន្ទឹមនឹង​ការបង្កើន​ចំនួន​ក្រុម​ចូលរួម​ប្រកួត​នោះ FIFA ក៏បាន​កែប្រែ​រូបមន្ត​ប្រកួត​ផងដែរ​។ បើតាម​សារព័ត៌មាន BBC រូបមន្ត​ថ្មី​នេះ នឹង​បែងចែក​ក្រុម​ទាំង​៤៨ ទៅជា​១៦​ពូ​ល ដោយ​ពូ​ល​នីមួយៗ​មាន​ក្រុម​ជម្រើសជាតិ​ចំនួន​៣ និង​ត្រូវ​ប្រជែង​យក​ពីរ​ក្រុម ដើម្បី​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ពោល គឺ​ខុសគ្នា​ពី​រូបមន្ត​ចាស់ ដែលមាន​ចំនួន​៨​ពូ​ល ដោយ​មួយ​ពូ​ល​មាន​៤​ក្រុម​។

​ជាមួយនឹង​ការបង្កើន​ចំនួន​ក្រុម​នេះ ការប្រកួត​ទាំង​អស់នៃ​ពានរង្វាន់​ពិភពលោក​នេះ ក៏មាន​ការកើនឡើង​ដែរ គឺ​កើនឡើង​ពី​៦៤​ប្រកួត ទៅដល់​៨០​ប្រកួត​។ ប៉ុន្តែ​រូបមន្ត​ប្រកួត​ចាប់ពី​វគ្គ​១៦​ក្រុម​ចុងក្រោយ នៅតែ​រក្សា​ដូច​មុន​ដដែល​។​

​នេះ​ជាការ​ប្រែប្រួល​ដ៏​ធំ​មួយ​សម្រាប់​ការប្រកួត​ពានរង្វាន់ World Cup ចាប់ពី​ឆ្នាំ​១៩៩៨ មក​។ ហើយ​ការបង្កើន​ចំនួន​ក្រុម​នេះ គឺ​ស្របតាម​បំណង​របស់​ប្រធាន FIFA លោក Gianni Infantino ដែល​ទើប​កាន់តំណែង​នេះ​កាលពី​ឆ្នាំមុន​៕


Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com