អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន ដុតដៃដុតជើង​ប្រមែប្រមូល​ព័ត៌មាន​ពី​ផែនការ​សាកល្បង​បាញ់​មី​ស៊ី​ល​កូរ៉េខាងជើង​
11, Jan 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ដូច​សព្វមួយដង ជប៉ុន ដែលមាន​ភូមិសាស្ត្រ​ជិតបង្កើយ​នឹង​កូរ៉េខាងជើង​នោះ មិន​បណ្តែតបណ្តោយ​ឲ្យ​សន្តិសុខ​របស់ខ្លួន​ត្រូវ​រង​ការគំរាមកំហែង​ដោយ​ងាយៗ​តាមរយៈ​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ឡើយ​។ ឆ្លើយតប​នឹង​របាយការណ៍​ចុងក្រោយ​នៃ​ផែនការ​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ជប៉ុន ក៏​កំពុងតែ​ប្រមែ​ល​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​វិធានការ​ទប់ស្កាត់​វិញ​ផងដែរ​។

 
​នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga នៅ​ថ្ងៃទី​១០ មករា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​ថា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាននិងកំពុង​តែ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​តបត ក៏ដូចជា តាមឃ្លាំមើល​ឥរិយាបថ​របស់​កូរ៉េខាងជើង​ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ដែល​អាច​បង្កឡើង​ដោយ​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​០៨ មករា កន្លងទៅ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​និយាយថា ក្រុង​ព្យុងយ៉ាង បាន​អភិវឌ្ឍ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ស្តង់ដា​រួចហើយ​ដែរ​។ អ្នកនាំពាក្យ​នោះ បាន​បន្ទោស​អាមេរិក​ថា បាន​បន្តសកម្មភាព​បង្កហេតុ​មកលើ​ខ្លួន ហើយ​រឿងនេះ​ជា​មូល​ហេតុដែល​បង្ខំ​ខ្លួន​ឲ្យ​អភិវឌ្ឍ​អាវុធ​នោះ​។​
 
​អ្វី​គួរកត់សម្គាល់​នោះ ការប្រកាស​ខាងលើនេះ ធ្វើឡើង​ក្រោយពេល​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ប្រកាសថា កូរ៉េខាងជើង បាន​មកដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការរៀបចំ​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប (ICBM) ។ ប្រសិនបើ​សាកល្បង​ជោគជ័យ មី​ស៊ី​ល​អន្តរទ្វីប​នេះ មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក ដែលមាន​ចម្ងាយ​ជាង​៩​ពាន់​គីឡូម៉ែត្រ​ពី​កូរ៉េខាងជើង​។ មី​ស៊ី​ល​ប្រភេទ​នេះ អាច​បាញ់​គោលដៅ​ក្នុង​រង្វង់​អ​ប្បរមា​៥​ពាន់​គីឡូម៉ែត្រ និង​អាច​បង្កើន​សមត្ថភាព​វាយប្រហារ​គោលដៅ​ចម្ងាយ​លើស​មួយ​ម៉ឺន​គីឡូម៉ែត្រ​ផងដែរ​។   
 
​ដូច​សព្វមួយដង​អាមេរិក ដែលជា​អាណាព្យាបាល​សន្តិសុខ​រប​ស់ជ​ប៉ុន និង​កូរ៉េខាងត្បូង មិន​បណ្តែតបណ្តោយ​ឲ្យ​កូរ៉េខាងជើង ធ្វើតាម​ចិត្ត​ឡើយ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Ashton Carter នៅ​ថ្ងៃទី​៨ មករា​កន្លងទៅ បាន​អះអាងថា អាមេរិក​នឹង​បាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​ដែល​ហោះ​សំដៅ​ទឹកដី​អាមេរិក​។ ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន NBC ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​បញ្ជាក់ថា អាមេរិក នឹង​បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​បាញ់​ដោយ​កូរ៉េខាងជើង ក្នុងករណី​មី​ស៊ី​ល​នោះ បាញ់​តម្រង់​មកកាន់​អាមេរិក ឬ​ទឹកដី​របស់​សម្ព័ន្ធមិត្ត​អាមេរិក​។​
 
​លោក Carter សង្កត់ធ្ងន់ថា អាមេរិក​បាញ់​ទម្លាក់​មី​ស៊ី​ល​ណា​ដែល​ជាការ​គំរាម​សន្តិសុខ​អាមេរិក និង​សម្ព័ន្ធមិត្ត​ប៉ុណ្ណោះ​។ តែបើ​មី​ស៊ី​ល​កូរ៉េខាងជើង បាញ់​តម្រង់​ចូល​សមុទ្រ​នោះ ក្រុង​វ៉ាស៊ីនតោន នឹងមិន​បាញ់​ស្កាត់​អ្វី​ឡើយ​។ គេ​មិនទាន់​ដឹង​ទេ​ថា កូរ៉េខាងជើង នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​ខ្លូន​នៅពេលណា​ឡើយ ប៉ុន្តែ​បើតាម​ព័ត៌មាន​លេច​ធ្លាយ​កន្លងមក កូរ៉េខាងជើង ទំនងជា​បាញ់​មី​ស៊ី​ល ពេល ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​៕

Tag:
 ជប៉ុន​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com