កីឡាជាតិ
អ្នកជំនាញ៖ កងកម្លាំងប្រដាប់អាវុធជាប្រភពធនធានកីឡាករជំនាញដ៏សំខាន់
× អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោក វ៉ាត់ ចំរើន ដែលជាអ្នកជំនាញផ្នែកកីឡាបានចាត់ទុកកងកម្លាំងប្រដាប់អាវុធជាប្រភពធនធានកីឡាករជំនាញដ៏សំខាន់មួយនៅកម្ពុជា ព្រោះកងទ័ពមានកម្លាំងនិងវិន័យល្អ។ ការលើកឡើងបែបនេះធ្វើឡើងនៅសាលមហោស្រពកោះពេជ្រក្នុងថ្ងៃបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ(កីឡាកងទ័ព)កាលពីថ្ងៃទី៨ ខែមករា កន្លងទៅ។
អ្នកជំនាញផ្នែកកីឡាលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកកងកម្លាំងប្រដាប់អាវុធជាប្រភពកម្លាំងផ្នែកកីឡាមួយដ៏សំខាន់នៅកម្ពុជា។ ការចាត់ទុកបែបនេះដោយសារកងកម្លាំងប្រដាប់អាវុធមានវិន័យ និងកម្លាំងល្អ ដែលអាចធ្វើឲ្យពួកគេក្លាយជាកីឡាករជំនាញផ្នែកកីឡាណាមួយបានយ៉ាងល្អ។
«កម្លាំងដែលល្អជាងគេផ្នែកកីឡាគឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ ដែលអាចលេងកីឡាជំនាញដ៏ល្អ ព្រោះកងទ័ពមានវិន័យ និងកម្លាំងស្រាប់។ អ៊ីចឹងគាត់អាចមានការហ្វឹកហាត់នឹងចូលលេងផ្នែកកីឡាជំនាញបានយ៉ាងល្អ ហើយគាត់អាចចូលរួមដុសខាត់ជំនាញរបស់គាត់ឲ្យក្លាយជាកីឡាករជំនាញផ្នែកកីឡាណាមួយរបស់គាត់»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន នៅថ្ងៃបិទការប្រកួតកីឡាកងទ័ពកាលពីថ្ងៃទី៨ ខែមករា កន្លងទៅ។
ក្រោយទទួលបានការគាំទ្រ និងចូលរួមច្រើនពីសំណាក់មហាជន ជាពិសេសយុវជនសម្រាប់ការរៀបចំលើកដំបូងនៅទីធ្លាសាធារណៈរបស់ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ(កីឡាកងទ័ព)។ អ្នកជំនាញផ្នែកកីឡារូបនេះបានចាត់ទុកព្រឹត្តិការណ៍នេះ ជាចលនាបំផុសស្មារតីមួយដ៏សំខាន់ក្នុងការទាក់ទាញយុវជនឲ្យចូលរួមលេងនិងហ្វឹកហាត់កីឡាដើម្បីត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន ដែលបានចូលរួមទស្សនាព្រឹត្តិការណ៍កងទ័ពបានរៀបរាប់បន្ថែមថា៖«វាជាសញ្ញាណមួយនៃការបំផុសចលនាកីឡា ព្រោះទាំងក្រុមកងទ័ព ប្រជាពលរដ្ឋ និងមហាជន ដែលបានចូលរួម គឺភាគច្រើនជាយុវជន។ ទោះបីជាពួកគេមិនទាន់ក្លាយជាកីឡាករអាជីព ប៉ុន្តែវាជាចលនាក្នុងការឈានឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ព្រោះវាជាវិធីសាស្ត្រទាក់ទាញបេះដូងយុវជនឲ្យចូលរួមលេងកីឡា និងស្គាល់ពីតម្លៃកីឡា។ យើងធ្វើសមាហរណកម្មកីឡាកងទ័ពទៅនឹងមហាជនធ្វើឲ្យមហាជនមានការគាំទ្រដល់កងទ័ព»៕
Tag:
វ៉ាត់ ចំរើន
កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com