ប៉ា​ឡេ​ស្ទី​ន​ទទូច​សុំ ដូ​ណា​ល់ ត្រាំ កុំ​ប្តូរ​ស្ថានទូត​អាមេរិក​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


អន្តរជាតិ, ​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ា​ឡេ​ស្ទី​ន​ទទូច​សុំ ដូ​ណា​ល់ ត្រាំ កុំ​ប្តូរ​ស្ថានទូត​អាមេរិក​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​
អត្ថបទ : សៅ ផលនិស្ស័យ       January-11-2017, 8:39 am         1047
រូបភាព
 
​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas ទទូច​សុំ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ថ្មី ដូ​ណា​ល់ ត្រាំ កុំ​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ កន្លងមក​លោក​ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា លោក​នឹង​ប្តូរ​ទីតាំង​ស្ថានទូត​និង​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​របស់​អ៊ីស្រាអែល​។​

​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​លោក ដូ​ណា​ល់ ត្រាំ នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រ​ធនា​ធិបតី​ទី ៤៥​អាមេរិក​។ វត្តមាន​របស់លោក​នៅ​សេត​វិមាន​ក្លាយជា​ក្តីកង្វល់​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ព្រោះ​លោក​អាច​នឹងធ្វើ​រឿងចម្រូងចម្រាស​ច្រើន​ពាក់ព័ន្ធ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។ ក្នុងចំណោម​នោះ​មានការ​ប្តូរ​ទីតាំង​ស្ថានទូត​ទៅកាន់​ភាគ​ខាងកើត​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។​
 
​ដោយសារ​ព្រួយបារម្ភ​ខ្លាំង ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas បាន​ដាច់ចិត្ត​សរសេរ​លិខិត​មួយច្បាប់​ទទូច​សុំ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ បញ្ឈប់​បំណង​ប្តូរ​ទីតាំង​ស្ថានទូត​ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅពេល​ខាងមុខ​ដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ប៉ា​ឡេ​ស្ទី​ន Wafa លោក Mahmoud Abbas បាន​ផ្ញើលិខិត​ទៅ​លោក ដូ​ណា​ល់ ត្រាំ ហើយ​លោក​បាន​ឆ្លៀត​ព្រមាន​ថា ការ​ឈានទៅ​ប្តូរ​ទីតាំង​ស្ថាន​ទត​នោះ​នឹងមាន​ផល​អាក្រក់​និង​គ្រោះថ្នាក់​ខ្លាំង​។ វា​បំផ្លាញ​ដំណោះស្រាយ​រដ្ឋ​ពីរ និង​រារាំង​ដំណើរ​ការកសាង​សន្តិភាព​, សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​ផង​។​
 
​ក្រៅពី​បញ្ជូន​លិខិត​ទៅ​លោក ដូ​ណា​ល់ ត្រាំ លោក Mahmoud Abbas ក៏បាន​ផ្ញើលិខិត​ទៅកាន់​មេដឹកនាំ​រុស្ស៊ី​, ចិន និង​សហភាព​អឺរ៉ុប​ផងដែរ​ដោយ​លោក​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំងនោះ​រារាំង​អាមេរិក​កុំ​ឲ្យ​ប្តូរ​ទីតាំង​ស្ថានទូត​នេះ​។ 
 
​សូមបញ្ជាក់​បន្តិច​ថា ក្រៅពី​ភាព​ពិសិដ្ឋ ហ្ស៊េ​រុយ​សា​ឡិ​ម​ជាទី​ក្រុង​មួយ​ដ៏​ចម្រូងចម្រាស​ដែល​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ថា​ជា​របស់​ភាគី​ណា ទោះជា​វា​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​ក៏ដោយ​។ ហើយ​វា​ក៏​ជា​ចំណុច​ស្នូល​នៃ​ការចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​។ 
 
​តាមពិតទៅ អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​។ 
 
​ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី សហរដ្ឋអាមេរិក និង​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ​មិនបាន​ទទួលស្គាល់​សកម្ម​ភាព​របស់​អ៊ីស្រាអែល​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ​។ គេ​ចាត់ទុកថា​ការកំណត់​លក្ខន្តិក​នៃ​ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ចំណុច​ស្នូល​មួយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ផង​។​
 
​មិនមាន​ប្រទេស​ណា​ដាក់​ស្ថានទូត​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ ដោយសារតែ​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ពី​អ្នកមាន​សិទ្ធិ​កាន់កាប់​។ គេ​ដាក់​ស្ថានទូត​នៅ​នៅ​ទីក្រុង Tel Aviv តែ​អាមេរិក​និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​ដាក់​ស្ថាន​កុងស៊ុល​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​។ 
 
​ត្រឡប់មកវិញ នៅ​អាមេរិក សមាជិកសភា​ច្រើន​ដែរ​ដែល​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការផ្លាស់ប្តូរ​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម ដោយ​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ផ្នែក​មួយ​របស់​អ៊ីស្រាអែល​។ ដូច​ឃើញស្រាប់​នៅ​ឆ្នាំ ១៩៩៥ សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការប្តូរ​ទីតាំង​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​។​
 
​ប៉ុន្តែ​តាំងពី​ពេល​នោះមក ទាំង​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​មិនបាន​អនុវត្ត​ច្បាប់​នេះឡើយ ដោយសារ​វា​រំលោភ​លើ​អំណាច​ប្រតិបត្តិ​ពាក់ព័ន្ធ​ការអនុវត្ត​គោលនយោបាយ​ការបរទេស​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​អ្នកនយោបាយ​ម្នាក់​ដែល​ខ្វាយខ្វល់​ខ្លាំង​រឿង​ដោះស្រាយ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដោយ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ដំណោះស្រាយ​រដ្ឋ​ពីរ (Two State Solution) បដិសេធ​ដាច់ខាត​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​។​
 
​ទោះជា​យ៉ាងណា​ក៍ដោយ នៅ​ថ្ងៃ​អង្គារ​ទី​១០ មករា​នេះ បណ្តា​សមាជិកសភា​បក្ស​សាធារណរដ្ឋ​មួយចំនួន​មាន​លោក Ted Cruz, លោក Marco Rubio និង​លោក Dean Heller បានបង្ហាញ​ការគាំទ្រ​ការអនុម័ត​ច្បាប់​ខាងលើ ពេល​ពួកគេ​ស្បថ​ចូលកាន់​តំណែង​សមាជិក​ព្រឹទ្ធសភា​។ ដូច​បានបញ្ជាក់​ខាងលើ វា​មិនមែនជា​រឿង​ថ្មី​ឡើយ ព្រោះ​ក្រុម​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ធ្លាប់ធ្វើ​បែបនេះ​ច្រើនដង​ហើយ​កន្លងមក​។ ប៉ុន្តែ​អ្វីដែល​សំខាន់​លើក​នេះ ប្រធានាធិបតី​អាមេរិក គាំទ្រ គម្រោង​ប្តូរ​ទីតាំង​ស្ថានទូត​នៅ​អ៊ីស្រាអែល​នេះ​៕ 
 
Tag:
 Mahmoud Abbas
  ហ្ស៊េ​រុយ​សា​ឡិ​ម​
  អ៊ីស្រាអែល​
   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានដែលទាក់ទង
3 week - 2010
ព័ត៌មានចម្រុះ
3 hrs - 343
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃទី​១៦ មករា​នេះ បាន​ព្រលះ​មី​យ៉ាន់​ម៉ា​ជាថ្មី​ក្នុង​វេទិកា​ប្រទេស​ឥស្លាម​លើ​បញ្ហា​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ថែមទាំង​ទទូច​ឲ្យ​ប្រទេស​ឥស្លាម​ចូលរួម​គ្នា​ដើម្បី​បញ្ចប់​សកម្មភាព​ធ្វើ​ទុក​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​នោះ​។ នេះ គឺ​សេចក្តីថ្លែងការណ៍​មិន​ពេញចិត្ត​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​ធ្វើ​ឡើងជា​លើក​ទី​ពីរ​ហើយ​ទៅ​មិត្ត​អាស៊ាន​មី​យ៉ាន់​ម៉ា​នោះ​។
5 hrs - 3158
​ប្រធានាធិបតី​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួប​ផ្តែរ​ផ្តាំ​អ្នកសារព័ត៌មាន​ប្រចាំ​សេត​វិមាន​ដែល​ធ្លាប់​បំពេញការងារ​អស់​រយៈពេល ៨​ឆ្នាំកន្លងមក​ជា​លើកចុងក្រោយ​នៅ​ថ្ងៃ​ពុធ​ទី ១៨ មករា​។លោក​បាន​ថ្លែងអំណរគុណ និង​ប្រាប់​អ្នកសារព័ត៌មាន​ទាំងនោះ​ថា ពួកគេ​បានធ្វើ​ឲ្យ​គ្រប់យ៉ាង​ប្រសើរឡើង ហើយ​ប្រជាជន​និង​ប្រជាធិបតេយ្យ​អាមេរិក​មិនអាច​ខ្វះ​ពួកគេ​បានឡើយ​។ លោក​បាន​ទទូច​ឲ្យ​អ្នកសារព័ត៌មាន​បន្តធ្វើ​កិច្ចការ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជំរុញ​ឲ្យ​អាមេរិក​ដើរទៅ​មុខ​ហើយ​លោក​ធានាថា គ្រប់យ៉ាង​នឹង​ល្អប្រសើរ​នៅពេល​ខាងមុខ​។
5 hrs - 522
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​ជាថ្មី​ម្តងទៀត​ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកា​នៃ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ និង​វី​ថី​មួយ​» ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក ឌើ​ទើ​តេ ក៏រ​ពឹង​ថា​នឹង​អាច​ជួប​ជាមួយនឹង​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង​ជាថ្មីទៀត​ផងដែរ​។
6 hrs - 1070
​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការលើកលែងទោស​ដ៏​ភ្ញាក់ផ្អើល​ដល់​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ដល់​អ្នក​វិភាគ​ស៊ើបការណ៍​សម្ងាត់​យោធា​ម្នាក់​ដែល​បានធ្វើ​ឲ្យ​បែកធ្លាយ​ឯកសារ​របស់​យោធា​។
9 hrs - 4588
​នៅសល់​មិន​ដល់​៤៨​ម៉ោង​ឡើយ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​លោក​ស្រី្ត​ទីមួយ Michelle Obama រួមជាមួយ​បុត្រី​ទាំងពីរ​នឹង​ចាក​ចេញពី​សេត​វិមាន​ហើយ​។ លោកស្រី Michelle បាន​អរគុណ​ស្វាមី​លោកស្រី និង​បញ្ជាក់ថា លោកស្រី​មាន​កិត្តិយស​បំផុត​ដែល​បាន​ធ្វើជា​ស្ត្រី​ទីមួយ​។ 

19 Jan 2017