ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ទទូចសុំឲ្យប្រធានាធិបតីអាមេរិកថ្មី ដូណាល់ ត្រាំ កុំប្តូរទីតាំងស្ថានទូតអាមេរិកពីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។ កន្លងមកលោកដូណាល់ ត្រាំ បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកនឹងប្តូរទីតាំងស្ថានទូតនិងទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមទាំងមូលជារបស់អ៊ីស្រាអែល។
នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះលោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាផ្លូវការជាប្រធនាធិបតីទី ៤៥អាមេរិក។ វត្តមានរបស់លោកនៅសេតវិមានក្លាយជាក្តីកង្វល់របស់ប្រជាជនប៉ាឡេស្ទីន ព្រោះលោកអាចនឹងធ្វើរឿងចម្រូងចម្រាសច្រើនពាក់ព័ន្ធបញ្ហាអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ក្នុងចំណោមនោះមានការប្តូរទីតាំងស្ថានទូតទៅកាន់ភាគខាងកើតក្រុងហ្ស៊េរុយសាឡិម។
ដោយសារព្រួយបារម្ភខ្លាំង ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានដាច់ចិត្តសរសេរលិខិតមួយច្បាប់ទទូចសុំឲ្យលោក ដូណាល់ ត្រាំ បញ្ឈប់បំណងប្តូរទីតាំងស្ថានទូតទៅកាន់ក្រុងហ្ស៊េរុយសាឡិមនៅពេលខាងមុខដែរ។
យោងតាមទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa លោក Mahmoud Abbas បានផ្ញើលិខិតទៅលោក ដូណាល់ ត្រាំ ហើយលោកបានឆ្លៀតព្រមានថា ការឈានទៅប្តូរទីតាំងស្ថានទតនោះនឹងមានផលអាក្រក់និងគ្រោះថ្នាក់ខ្លាំង។ វាបំផ្លាញដំណោះស្រាយរដ្ឋពីរ និងរារាំងដំណើរការកសាងសន្តិភាព, សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ផង។
ក្រៅពីបញ្ជូនលិខិតទៅលោក ដូណាល់ ត្រាំ លោក Mahmoud Abbas ក៏បានផ្ញើលិខិតទៅកាន់មេដឹកនាំរុស្ស៊ី, ចិន និងសហភាពអឺរ៉ុបផងដែរដោយលោកអំពាវនាវឲ្យមេដឹកនាំពិភពលោកទាំងនោះរារាំងអាមេរិកកុំឲ្យប្តូរទីតាំងស្ថានទូតនេះ។
សូមបញ្ជាក់បន្តិចថា ក្រៅពីភាពពិសិដ្ឋ ហ្ស៊េរុយសាឡិមជាទីក្រុងមួយដ៏ចម្រូងចម្រាសដែលគេមិនទាន់កំណត់ដាច់ស្រេចថាជារបស់ភាគីណា ទោះជាវាស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែលក៏ដោយ។ ហើយវាក៏ជាចំណុចស្នូលនៃការចរចាសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែរ។
តាមពិតទៅ អ៊ីស្រាអែល បានវាយដណ្តើមកាន់កាប់តំបន់នៅភាគខាងកើតហ្ស៊េរុយសាឡិមនៅក្នុងសង្គ្រាម ៦ថ្ងៃ រវាងអារ៉ាប់-អ៊ីស្រាអែលនៅក្នុងឆ្នាំ ១៩៦៧។ ហើយអាជ្ញាធរអ៊ីស្រាអែលក៏បានភ្ជាប់ទឹកដីនេះនិងដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនដោយបង្រួបបង្រួមទីក្រុងហ្ស៊េរុយសាឡិមទាំងមូលជាផ្លូវការក្នុងឆ្នាំ ១៩៨០ តែម្តង។ ចាប់ពីពេលនោះមក ទឹកដី ហ្ស៊េរុយសាឡិមស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល។
ប៉ុន្តែទោះជាបែបនេះក្តី សហរដ្ឋអាមេរិក និងសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិមិនបានទទួលស្គាល់សកម្មភាពរបស់អ៊ីស្រាអែលនៅក្រុងហ្ស៊េរុយសាឡិមឡើយ។ គេចាត់ទុកថាការកំណត់លក្ខន្តិកនៃទឹកដីហ្ស៊េរុយសាឡិមជាចំណុចស្នូលមួយក្នុងការដោះស្រាយជម្លោះរវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីនផង។
មិនមានប្រទេសណាដាក់ស្ថានទូតនៅក្រុងហ្ស៊េរុយសាឡិមឡើយ ដោយសារតែគេមិនទាន់កំណត់ដាច់ស្រេចពីអ្នកមានសិទ្ធិកាន់កាប់។ គេដាក់ស្ថានទូតនៅនៅទីក្រុង Tel Aviv តែអាមេរិកនិងប្រទេសជាច្រើនផ្សេងទៀតនៅដាក់ស្ថានកុងស៊ុលនៅក្រុងហ្ស៊េរុយសាឡិមវិញ។
ត្រឡប់មកវិញ នៅអាមេរិក សមាជិកសភាច្រើនដែរដែលបានបង្ហាញការគាំទ្រចំពោះការផ្លាស់ប្តូរស្ថានទូតពីទីក្រុង Tel Aviv ទៅហ្ស៊េរុយសាឡិម ដោយទទួលស្គាល់ហ្ស៊េរុយសាឡិមជាផ្នែកមួយរបស់អ៊ីស្រាអែល។ ដូចឃើញស្រាប់នៅឆ្នាំ ១៩៩៥ សភាអាមេរិកបានបោះឆ្នោតអនុម័តច្បាប់មួយដែលទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែលជាផ្លូវការ និងឧបត្ថម្ភថវិកាសម្រាប់ការប្តូរទីតាំងស្ថានទូតពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិមវិញ។
ប៉ុន្តែតាំងពីពេលនោះមក ទាំងប្រធានាធិបតីបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យមិនបានអនុវត្តច្បាប់នេះឡើយ ដោយសារវារំលោភលើអំណាចប្រតិបត្តិពាក់ព័ន្ធការអនុវត្តគោលនយោបាយការបរទេស។ លោក បារ៉ាក់ អូបាម៉ា ដែលជាអ្នកនយោបាយម្នាក់ដែលខ្វាយខ្វល់ខ្លាំងរឿងដោះស្រាយបញ្ហាអ៊ីស្រាអែលនិងប៉ាឡេស្ទីនដោយជំរុញឲ្យមានការអនុវត្តដំណោះស្រាយរដ្ឋពីរ (Two State Solution) បដិសេធដាច់ខាតចុះហត្ថលេខាលើច្បាប់នេះ។
ទោះជាយ៉ាងណាក៍ដោយ នៅថ្ងៃអង្គារទី១០ មករានេះ បណ្តាសមាជិកសភាបក្សសាធារណរដ្ឋមួយចំនួនមានលោក Ted Cruz, លោក Marco Rubio និងលោក Dean Heller បានបង្ហាញការគាំទ្រការអនុម័តច្បាប់ខាងលើ ពេលពួកគេស្បថចូលកាន់តំណែងសមាជិកព្រឹទ្ធសភា។ ដូចបានបញ្ជាក់ខាងលើ វាមិនមែនជារឿងថ្មីឡើយ ព្រោះក្រុមសមាជិកសភាបក្សសាធារណរដ្ឋធ្លាប់ធ្វើបែបនេះច្រើនដងហើយកន្លងមក។ ប៉ុន្តែអ្វីដែលសំខាន់លើកនេះ ប្រធានាធិបតីអាមេរិក គាំទ្រ គម្រោងប្តូរទីតាំងស្ថានទូតនៅអ៊ីស្រាអែលនេះ៕