ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី បន្ត​ប្រើ​សម្តី​វាយប្រហារ ខណៈ​បក្ស​ទាំងពីរ គ្រោង​ជួបគ្នា​ ​
10, Jan 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ឯកឧត្តម សម រង្ស៊ី បាន​វាយប្រហារ​សម្តេច ហ៊ុន សែន ខណៈ​បក្ស​ទាំងពីរ​គ្រោង​ជួបគ្នា​ក្នុងពេល​ឆាប់ៗ​នេះ​។ អ្នកវិភាគ​នយោបាយ មើលឃើញថា សារ​នយោបាយ​បែប​វាយប្រហារ​របស់​មេបក្ស​ប្រឆាំង អាច​ផ្តល់​ផល​មិនល្អ ដល់​គម្រោង​នៃ​ការចរចា​។ តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច បែរជា​អះអាងថា សម្តី​របស់​មេបក្ស​ប្រឆាំង មិនមាន​ឥទ្ធិពល ដល់​គម្រោង​នៃ​ការចរចា នោះទេ​។ ចំណែកឯ អ្នកនាំពាក្យ​បក្សប្រឆាំង​ឯណោះ​វិញ សូម​មិន​បកស្រាយ​អ្វី​ទាំងអស់ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​


​បើ​គ្មាន​ការប្រែប្រួល​នោះទេ បក្ស​កាន់អំណាច និង​បក្សប្រឆាំង អាច​នឹងមាន​ជំនួប​ជាមួយគ្នា នៅក្រោយ​ថ្ងៃទី​១១ មករា ឆ្នាំ​២០១៧​នេះ​។ គម្រោង​នៃ​ការរៀបចំ​កិច្ចចរចា​នយោបាយ​នេះ ត្រូវបាន​សម្តេច ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​កាលពី​ប៉ុន្មាន​ថ្ងៃមុន ក្រោយ​ទទួលបាន​សំណើ​ពី​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។

ខណៈដែល​ការចរចា​ខាង​នយោបាយ ជិត​នឹង​កើតឡើង ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រាប់តែ​ឆ្លៀត​វាយប្រហារ​យ៉ាង​ធ្ងន់ៗ ទៅលើ​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ កាលពី​ថ្ងៃទី​៩ មករា មេបក្ស​ប្រឆាំង ដែល​ត្រូវបាន​រដ្ឋាភិបាល​ទប់​ស្តា​ត់​មិន​ឲ្យ​វិល​មក​កម្ពុជា​វិញ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បែបនេះ​ថា​៖«​អ្នកទោសនយោបាយ​នៅ​ប្រទេស​កម្ពុជា គ្រាន់តែ​ជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ដែល​គាត់​ប្រើប្រាស់​ជា​ថ្នូរ ដើម្បី​បង្ខំ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ធ្វើ​អ្វីៗ​តាមតែ​គាត់​ចង់បាន​»​។​

ការសរសេរ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី គឺ​អម​ជាមួយនឹង​អត្ថបទ​របស់​កាសែត ខេ​ម​បូ​ឌា ដេលី ដែល​បាន​ចុះផ្សាយ​ពី​លិខិត​បែកធ្លាយ​មួយ ដោយ​បង្ហាញថា​បក្ស​កាន់អំណាច មាន​ចេតនា​ក្នុងការ​បំបែក​ផ្ទៃក្នុង​បក្សប្រឆាំង​។ ខេ​ម​បូ​ឌា ដេលី ដែល​អះអាងថា មាន​គេ​ផ្ញើលិខិត​បែកធ្លាយ​នោះ ទៅកាន់​ស្ថាប័ន​ខ្លួន បានសរសេរថា សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​ឯកឧត្តម កឹម សុខា ចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ជន​ណា ដែល​ប្រមាថ​លើ​គ្រួសារ សម្តេច ហ៊ុន សែន​។

ខេ​ម​បូ​ឌា ដេលី បាន​ដកស្រង់​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​នោះ មក​សរសេរ​បែបនេះ​ថា​៖« ក្នុងករណី ដែល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ណាមួយ មាន​ចេតនា​អាក្រក់​ទាំងនេះ ហើយ​ត្រូវបាន​រកឃើញ នោះ​គណបក្ស​មាន​សិទ្ធិ​បណ្ដេញ​ជន​ទាំងនេះ​ចេញ​»​។​

បើតាម​ខ្លឹមសារ​ក្នុង​អត្ថបទ​របស់​កាសែត ខេ​ម​បូ​ឌា ដេលី ដដែល ការប្រមាថ​ចំពោះ​គ្រួសារ​របស់​សម្តេច ហ៊ុន សែន  គឺ​សំដៅ​ទៅលើ ការ​លើកឡើងថា លោក ហ៊ុន ម៉ា​ណែ​ត ជា​កូនប្រុស​របស់​សម្តេច ប៊ុន រា​នី ជាមួយនឹង​ឧ​ត្ត​ម​សេនីយ៍​វៀតណាម​។ 

តាមរយៈ​លិខិត​បែកធ្លាយ​នោះ ឯកឧត្តម សម រង្ស៊ី សង្ស័យថា រដ្ឋាភិបាល កំពុង​រិះរក​មធ្យោបាយ ដើម្បី​ធ្វើយ៉ាងណា ឱ្យមាន​ការបណ្ដេញ​ឯកឧត្តម ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើតាម​ខេ​ម​បូ​ឌា ដេលី ដដែល​។

អ្នកវិភាគ​នយោបាយ លោក មាស នី មិនបាន​លើកឡើង​អ្វី​ចំពោះ​លិខិត​បែកធ្លាយ ដែល​ត្រូវបាន​ខេ​ម​បូ​ឌា ដេលី និង​សារព័ត៌មាន​មួយចំនួនទៀត បាន​ចុះផ្សាយ​នោះទេ​។ លោក មាស នី បែរមក​ចំអក​ឲ្យ​ឯកឧត្តម សម រង្ស៊ី ថា ប្រើ​សារ​នយោបាយ​ដដែលៗ ដែល​បណ្តាល​ឲ្យ​សម្តី​របស់ខ្លួន បាត់បង់​ឥទ្ធិពល​។

លោក មាស នី រិះគន់ថា ឯកឧត្តម សម រង្ស៊ី ហាក់ដូចជា​មិន​ស្គាល់​កាលៈទេសៈ ដែល​ឆ្លៀត​ប្រើ​សម្តី​ធ្ងន់​បែបនេះ ខណៈ​អ្នកនយោបាយ​ក្នុងប្រទេស​កម្ពុជា គ្រោង​ជួបគ្នា នៅពេល​ខាងមុខនេះ ដែលជា​ចំណុច​ចាម់ផ្តើម នាំ​ឲ្យ​ស្ថានការណ៍​នយោបាយ ឈានទៅរក​ភាពល្អប្រសើរ​។ អ្នកវិភាគ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលទៅ អ្នកនយោបាយ​ខ្មែរ ដូចជា​មិនមាន​ទេពកោសល្យ​ក្នុងការ​ប្រើពាក្យ​សម្តី​។ គាត់ គួរតែ​ដឹងថា ក្នុង​កាលៈទេសៈ​នេះ អ្វីដែល​គួរ​និយាយ ហើយ​អ្វី​មិនគួរ​និយាយ​។ គាត់​គួរតែ​អត់ធ្មត់ ហើយ​រង់ចាំ​មើល​សិន​»​។

លោក មាស នី បញ្ជាក់​ចុងក្រោយ​ថា គណបក្សប្រឆាំង អាច​នឹង​បែកបាក់​ផ្ទៃក្នុង ប្រសិនបើ​ឯកឧត្តម សម រង្ស៊ី នៅតែ​បន្ត​​ឥរិយាបថ​បែបនេះ​។

ចំណែកឯ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឆ្លើយតប​យ៉ាងខ្លី​ថា​ កម្ពុជា មិនមាន​អ្នកទោសនយោបាយ​នោះទេ គឺ​មានតែ​អ្នកនយោបាយ ដែលមាន​ទោស​។ ជាពិសេស លោក សុខ ឥសាន បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា សម្តេច ហ៊ុន សែន ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្តីថ្លែងការណ៍​ខាងលើ ហើយ​មាន​ចេតនា ក្នុងការ​បែក​បំបាក់​បក្សប្រឆាំង​។

លោក សុខ ឥសាន បាន​ចោទ​ទៅ​ឯកឧត្តម សម រង្ស៊ី វិញ ថា ជា​អ្នកបង្កើត​បញ្ហា​នេះ​ឡើង ដោយ​ខ្លួនឯង ហើយ​ព្យាយាម​ទម្លាក់កំហុស​ឲ្យ​អ្នកដទៃ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​វាយប្រហារ​ធ្ងន់ៗ​ទៅកាន់​ឯកឧត្តម សម រង្ស៊ី បែបនេះ​ថា​៖«​គាត់ អស់​អ្វីៗ ពី​ខ្លួន​ហើយ​។ អ៊ីចឹង​ហើយ បានជា​គាត់ ចេះតែ​ភ័យ​។ […..] ដល់ពេល​អ៊ីចឹងទៅ គាត់ ចេះតែ​និយាយ​ទៅ​។ គាត់ និយាយ លែងមាន​ទំនួល​ខុសត្រូវ​ហើយ​»​។

សម្រាប់​លោក សុខ ឥសាន ឯកឧត្តម សម រង្ស៊ី ហាក់ដូចជា​បាត់បង់​តម្លៃ​ក្នុងនាម​ជា​អ្នកនយោបាយ នៅ​ប្រទេស​កម្ពុជា​ទៅហើយ​។ ដូច្នេះ លោក ចាត់ទុក​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ថា​មិនមាន​ឥទ្ធិពល​អ្វី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនាក់​រវាង​បក្ស​ទាំងពីរ នោះទេ​។ លោក បន្ថែមថា គម្រោង​នៃ​ការចរចា ក៏​ប្រហែលជា​មិនមាន​ឧបសគ្គ ព្រោះតែ​សម្តី​របស់​ឯកឧត្តម សម រង្ស៊ី ដែរ​។

ដោយឡែក អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ សូម​មិន​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ដោយសារតែ​លោក មិន​បានដឹង​ច្បាស់លាស់ ពី​ព័ត៌មាន ដែល​ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍ នោះទេ​។ លោក យឹម សុវណ្ណ និយាយថា​៖«​បើ​អាច សួរ​ទៅ​លោក​ប្រធាន សម រង្ស៊ី ផ្ទាល់​តែម្តងទៅ ឬក៏​យក​ប្រសាសន៍​របស់គាត់ នៅលើ​ហ្វេ​ស​ប៊ុ​ក​ហ្នឹង​តែម្តង ក៏បាន​ដែរ ព្រោះ​រឿង​ខ្លះ ខ្ញុំ​មិនបាន​ដឹង​ទេ​»​។

អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ ក៏​មិនបាន​បំភ្លឺ​ដែរ​ថា ហេតុការណ៍ ដែល​បាន​កើតឡើង​នេះ អាច​នឹង​ប៉ះពាល់​ដល់​គម្រោង​នៃ​ការចរចា​នាពេល​ខាង​មុន ឬ​យ៉ាងណា​នោះទេ​។ លោក យឹម សុវណ្ណ សង្កត់ធ្ងន់ៗ​ថា អ្វីដែល​លោក កំពុង​ផ្តោតអារម្មណ៍​ខ្លាំងជាងគេ គឺ​រក្សា​ស្ថានភាព​នយោបាយ​ឲ្យ​មាន​ភាពល្អប្រសើរ ដើម្បី​ឈានទៅដល់​ការចរចា ក្នុង​ការសុំ​ឲ្យ​ដោះលែង​អ្នកទោសនយោបាយ រួមទាំង​និច្ច​ការបោះ​ឆោះ​ឆ្នោត​។

លោក បញ្ជាក់ថា​៖«​រាល់ថ្ងៃ​ហ្នឹង​ខ្ញុំ​គិតតែ​ពី​រឿង​ហ្នឹង ព្រោះ​វា សំខាន់​ណាស់​សម្រាប់​ប្រទេសជាតិ​។ ខ្ញុំ​មិន​គិត​អ្វី​ផ្សេង​ទេ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com