ជាតិ
អតីត​តារា​សម្តែង ថៃ នរ​ពិ​ទូ និង​ភរិយា ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​
11, Jan 2017 , 9:24 am        
រូបភាព
ដោយ: ថ្មីៗ
​ថៃ នរ​ពិ​ទូ អតីត​តារា​សម្តែង និង​ភរិយា រួមទាំង​ជនសង្ស័យ​៤​នាក់ ត្រូវ​នគរបាល​ខេត្តបាត់ដំបង ចាប់ខ្លួន​ពីបទ​ផ្តល់​ទីកន្លែង​ឲ្យ​ប្រើប្រាស់ និង​រក្សាទុក​គ្រឿងញៀន​។ ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ខារ៉ាអូខេ ដឹ​សោ​នហ្វា​មី​លី ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វា​យ​ប៉ោ ក្រុង​បាត់ដំបង​។



​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ក្នុងការ​បង្ក្រាប​នេះ នគរបាល​ដកហូត​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(Ketamine ខេ​) ទម្ងន់​០.៨៨​ក្រាម ឧបករណ៍​(​ពុ​ម្ភ​) សម្រាប់​កែច្នៃ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​២ ថ្នាំ​អំពូល Diazepam​ចំនួន​២​អំពូល ថ្នាំ​គ្រាប់ Zepam ចំនួន​១៦​បន្ទះ ដែកកេះ​ចំនួន​៣ គម្រប​ដប​កែច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​១ បំពង់​ទុយោ​ប៉ឺ​ត​ចំនួន​១​ដុំ ថង់​ស​ម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន ក្រដាស​អាលុយមីញ៉ូម​ចំនួន ១​ដុំ និង​សំបក​ថ្នាំ​មួយចំនួន​។ 
 
​សមត្ថកិច្ច​ជំនាញ​បានរៀបចំ​សំណុំ​រឿងនេះ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៦​នាក់​។ ថៃ នរ​ពិ​ទូ គឺជា​កូនប្រុស​របស់​មន្ត្រីជាន់ខ្ពស់​មួយរូប ហើយក៏​ជា​អតីត​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ប្រុស​ស្អាត ហ្វ្រែ​ស​ស៊ី​ប៊​យ​ផងដែរ​៕

Tag:
 ថៃ នរ​ពិ​ទូ​
  ​គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com