ជាតិ
សង្គមជាតិ
ពលករខ្មែរខុសច្បាប់៤៤នាក់ ត្រូវតម្រួតថៃឃាត់ខ្លួន
× ភ្នំពេញ៖ កម្លាំងតម្រួតថៃបានឃាត់ខ្លួន ពលករខ្មែរចំនួន៤៤នាក់ ដែលលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈការសម្របសម្រួលពីមេខ្យល់។ ពលករខ្មែរទាំងនេះ ចំណាកស្រុកពីខេត្តសៀមរាប។
បើតាមអគ្គស្នងការនគរបាលជាតិ ពលរដ្ឋខ្មែរទាំង៤៤នាក់នេះ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនបាននៅលើរថយន្តចំនួនពីរគ្រឿង ដែលបើកបរដោយជនជាតិថៃ ក្នុងគោលបំណងនាំទៅកន្លែងការងារ ដែលមានការធានាពីមេខ្យល់។
អាជ្ញាធរថៃ បានឲ្យដឹងថា តាមការសាកសួរលើពលករខ្មែរទាំងនោះ ពួកគេត្រូវបានមេខ្យល់សន្យានាំមករកការងារនៅទីក្រុងបាងកក ដោយមេខ្យល់នោះទាមទារឲ្យពួកគេចំណាយប្រាក់ក្នុងម្នាក់ៗ ២ ៥០០ បាត (ជិត៣០ម៉ឺនរៀល)។
អាជ្ញាធរថៃ បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃ កំពុងរឹតបន្តឹងទៅលើការលបលួចឆ្លងដែនខុសច្បាប់របស់ពលករក្រៅប្រទេស ដើម្បីរក្សាសន្តិសុខប្រទេសថៃ។ ហើយអាជ្ញាធរថៃ ក៏កំពុងស្វែងរកតាមចាប់មេខ្យល់ ដែលនាំពលករខុសច្បាប់ចូលទៅរកការងារផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com