អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាក្សត្រ​ថៃ ប្រាប់​របប​យោធា​ឲ្យ​កែ​មាត្រា​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​អំណាច​របស់​ស្ដេច​
11, Jan 2017 , 10:11 am        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានសម្រេច​ទទួលយក​សំណើ​របស់​មហាក្សត្រ Maha Vajiralongkorn ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់លោក កែប្រែ​មាត្រា​មួយចំនួន​ក្នុង​ជំពូក​ស្ដីពី​មហាក្សត្រ​ក្នុងសេចក្ដីព្រាង​រដ្ឋធម្មនុញ្ញថ្មី។ សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះ ​ត្រូវបានអនុម័តដោយ​ប្រជាមតិ​​កាលពី​ខែសីហា ឆ្នាំ​២០១៦ ។ យ៉ាងណាក្ដី សំណើ​កែប្រែ​នេះ នឹងមិន​ប៉ះពាល់​ដល់​ផែនទី​ចង្អុល​ផ្លូវ​របស់​របប​យោធា​ដែល​កំណត់​ពី​ការផ្ទេរអំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​ឡើយ​។​

 
​ប្រមុខ​របប​យោធា​ថៃ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១០ ខែមករា បាន​និយាយថា មហាក្សត្រ Maha Vajiralongkorn បាន​ប្រាប់​ក្រុមទី​ប្រឹក្សា​ព្រះអង្គ​ពី​រាជបំណង​ក្នុងការ​កែប្រែ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​និយាយ​ពី «​មហាក្សត្រ​»​។ ហើយ​លោក ក៏​នឹង​ធ្វើតាម​រាជបំណង​នេះ ដោយ​ចាត់តាំង​មន្ត្រី​ឲ្យ​ពិនិត្យមើល​មាត្រា​ទាំងនោះ ក៏ដូចជា​ច្បាប់​ពាក់ព័ន្ធ​ផ្សេងទៀត និង​ត្រូវ​ធានាថា សំណើ​នេះ មិន​ប៉ះពាល់​ផែនទី​ចង្អុល​ផ្លូវ​ឡើយ​។​
 
​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ មិនបាន​បញ្ជាក់​ច្បាស់​ពី​ចំណុច​ដែល​មហាក្សត្រ Maha Vajiralongkorn ចង់​ឲ្យ​សរសេរ​ឡើងវិញ​ទេ​។ ថ្លែងប្រាប់​អ្នកកាសែត​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក ប្រា​យុទ្ធ គ្រាន់តែ​អះអាងថា នឹងមាន​មាត្រា​ចំនួន​៣ ឬ​៤ ដែល​ត្រូវ​ពិនិត្យឡើងវិញ ដើម្បី​ធានា​ពី​អំណាច​មហាក្សត្រ ហើយ​ការ​បញ្ហា​នៃ​ការកែប្រែ​នេះ ក៏​មិន​ប៉ះពាល់​សិទ្ធិ និង​សេរីភាព​របស់​ប្រជាជន​ទូទៅ​ដែរ​។​
 
​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ ដែល​ត្រូវបាន​យល់ព្រម​ដោយ​ប្រជាជន​ថៃ​ក្នុងការ​ប្រជាមតិ​ខែសីហា ឆ្នាំមុន គឺជា​ចំណុច​ស្នូល​នៃ​ផែនការ​របស់​របប​យោធា ក្នុងការ​ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​។ សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី បញ្ជូន​ទៅកាន់​រាជវាំង​ដើម្បី​ស្នើសុំ​ការយល់ព្រម​ពី​មហាក្សត្រ Maha Vajiralongkorn ដែល​គ្រងរាជ្យ​កាលពី​ខែធ្នូ ឆ្នាំ​២០១៦ ។ ប៉ុន្តែ​ព្រះអង្គ មិនទាន់​យល់ព្រម​នៅឡើយ ហើយ​ពេលនេះ​ក៏​ស្នើ​ឲ្យ​កែប្រែ​មាត្រា​ខ្លះ​តែម្ដង​។ 
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ឧបនាយករដ្ឋមន្ត្រី លោក Wissanu Krea-ngam និយាយ​ដែរ​ថា ដើម្បី​ធ្វើតាម​រាជបំណង​នេះ រដ្ឋាភិបាល នឹងធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​ឆ្នាំ​២០១៤ សិន ដូច្នេះ​ទើប​គណៈរដ្ឋមន្ត្រី អាច​ស្នើសុំ​យក​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ពី​មហាក្សត្រ ដើម្បី​កែប្រែ​មាត្រា​ដែលមាន​បញ្ហា​។ នេះ​ក៏​ព្រោះតែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៤ មិន​អនុញ្ញាត​ឲ្យ​មានការ​កែប្រែ​ណាមួយ​លើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ឡើយ​។ 
 
​យ៉ាងណាក្ដី គេ​មិនដឹង​ច្បាស់​ពី​ថា បញ្ហា​លម្អិត​ដែល​ត្រូវ​នឹង​បន្ថែម ឬក៏​ត្រូវ​លុបចោល​ឡើយ​។ ប៉ុន្តែ​សមាជិក​មួយរូប​នេះ​សភា​ថៃ បញ្ជាក់ថា សភា នឹង​ពិភាក្សា​លើ​ការកែប្រែ​នេះ ហើយ​បញ្ហា​ដែល​ពាក់ព័ន្ធ​អាចជា​មាត្រា​និយាយ​ពី​តួនាទី​រា​ជានុ​សិទ្ធិ ក៏ដូចជា​ពេលវេលា​ដែល​តម្រូវ​ឲ្យ​មហាក្សត្រ​ពិចារណា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​។ នៅក្រោម​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន មហាក្សត្រ Maha Vajiralongkorn មាន​ពេល​៩០​ថ្ងៃ ដើម្បី​ពិនិត្យ​យល់ព្រម​លើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​៕

Tag:
 ថៃ​
  Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com