កីឡាជាតិ
ជាតិ
គោព្រៃ​កម្ពុជា ចេញទៅ​ជួប​ស្ទាំង​បៃតង​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ទឹកដី​អារ៉ាប់​រួម អេ​មី​រ៉េត​
11, Jan 2017 , 11:34 am        
រូបភាព
ខ្សែប្រយុទ្ធវ័យក្មេងភ្នំពេញក្រោន អ៊ិន សូដាវីត ស្ថិត​ក្នុងជម្រើស​របស់​លោក​ Lee សម្រាប់​ការប្រកួតមិត្តភាពជាមួយអារ៉ាប៊ីសាអូឌីត
ខ្សែប្រយុទ្ធវ័យក្មេងភ្នំពេញក្រោន អ៊ិន សូដាវីត ស្ថិត​ក្នុងជម្រើស​របស់​លោក​ Lee សម្រាប់​ការប្រកួតមិត្តភាពជាមួយអារ៉ាប៊ីសាអូឌីត
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ចាក​ចេញពី​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ដើម្បី​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត​នា​ថ្ងៃទី​១៤ ខែមករា ខាងមុខ​។ ប៉ុន្តែ​មុន​ការចាកចេញ​ក្រុម​គោព្រៃ​កម្ពុជា បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​ក្នុងជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​កាលពី​ម្សិលមិញ​។​

 
​គោព្រៃ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ២-០ នា​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​កីឡដ្ឋាន RSN កាលពី​ថ្ងៃទី​១០ ខែមករា ម្សិលមិញ​។ នេះ​ជាការ​ប្រកួត​លើកដំបូង​របស់​ក្រុម​គោព្រៃ​កម្ពុជា​តាំងពី​ធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​កន្លងទៅ​។ 
 
​បន្ទាប់ពី​ជំនួប​កំដៅ​សាច់ដុំ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ចាក​ចេញពី​កម្ពុជា​នៅថ្ងៃនេះ ដើម្បី​ត្រៀម​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត (Green Falcons) នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត​នា​ថ្ងៃទី​១៤ ខែមករា​។ ក្រុម​ស្ទាំង​បៃតង​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ក្រុម​ខ្លាំង​មួយ​ដែល​បច្ចុប្បន្នកំពុង​ឈរ​ចំណាត់ថ្នាក់​ទី​៥៤​លើ​ពិភពលោក​។ 
 
​ជំនួប​មិត្តភាព​អន្តរជាតិ​នេះ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុងការ​ដកស្រង់​បទពិសោធន៍​ដើម្បី​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​របស់ខ្លួន ដើម្បី​ត្រៀម​ប្រជែង​ការប្រកួត​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩​។ ហើយ​វា​ក៏​ជាការ​ពង្រឹង​ផងដែរ​សម្រាប់​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងការ​ប្រជែង​យក​កៅអី​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​។ នៅមុន​ប៉ះ​កម្ពុជា ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយ​ស្លូ​វេ​នី​។​
 
​ក្រុម​កីឡាករ​ជម្រើស​កម្ពុជា​ដែល​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា រួមមាន អ៊ុំ សេរី​រ័ត្ន​, ឆេង ម៉េង​, នេន សុធា​រ័ត្ន​, សឿ​យ វិសាល​, ណុប តុលា​, រស់ គង់​សំរេច​, កែវ សុខ​សិលា​, លី វ៉ា​ហេ​ទ​, អ៊ិន សូ​ដា​វីត​, ច្រឹង ពលរដ្ឋ​, ទិ​ត្យ ឌី​ណា​, សុះ ស៊ូ​ហា​ណា​, ហួយ ផល្លី​ន​, សុខ សំណាង​, សំអឿន ពិដោរ​, ឈិន ឈឿន​, រស់ សំអឿន​, សឿត បារាំង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, កែវ សុខ​ផេង​, ឃួន ឡា​បូ​រ៉ាវី​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ស៊ុន វ៉ាន់​ដេ​ត និង លី មី​ហ្សា​ន​៕

Tag:
 បាល់ទាត់​
 ​ក្រុម​ជម្រើសជាតិ​កម្ពុជា​
  មិត្តភាព​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com