ចិន សប្បាយចិត្ត​ខ្លាំង ពេល​ហ្វីលីពីន មិន​ដាក់​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​អាស៊ាន

អន្តរជាតិ
ចិន សប្បាយចិត្ត​ខ្លាំង ពេល​ហ្វីលីពីន មិន​ដាក់​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​អាស៊ាន
11, Jan 2017 , 12:29 pm         2550
រូបភាព
ប្រធានាធិបតីហ្វីលីពីន (ខាងឆ្វេង) ចាប់ដៃប្រធានាធិបតីចិន (ខាងស្តាំ) នាពេលប្រធានាធិបតីហ្វីលីពីនបំពេញទស្សនកិច្ចទៅកាន់ចិន
ប្រធានាធិបតីហ្វីលីពីន (ខាងឆ្វេង) ចាប់ដៃប្រធានាធិបតីចិន (ខាងស្តាំ) នាពេលប្រធានាធិបតីហ្វីលីពីនបំពេញទស្សនកិច្ចទៅកាន់ចិន
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​សាទរ និង​រីករាយ​ចំពោះ​ប្រធាន​វិលជុំ​អាស៊ាន​ហ្វីលីពីន ដែល​បាន​និយាយថា​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង ដែលជា​លិ​ខិ​តូ​បក​រណ៍​ដ៏​ចម្រូងចម្រាស​រវាង​ចិន និង​ហ្វីលីពីន នឹងមិន​ត្រូវដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំនេះ​។ ក្រុង​ប៉េកាំង ក៏បាន​បញ្ជាក់​ជាថ្មី​ដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិនដែល​ធ្លាប់ ហើយ ក៏​នឹង​មិនមែនជា​បញ្ហា​រវាង​ចិន និង​អាស៊ាន​ឡើយ​។
 
 
​អនុរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Enrique Manalo នៅ​ថ្ងៃទី​៥ មករា កន្លងទៅ បាន​អះអាងថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មាននៅ​ក្នុង​របៀបវារៈ​របស់​អាស៊ាន ហើយ អាស៊ាន នឹង​បន្ត​ធ្វើការ​ជាមួយនឹង​គ្នា​នៅក្នុង​ឆ្នាំនេះ​ដោយ​ផ្តោត​សំខាន់​លើ ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​មិនទាន់​បញ្ចប់​នៅឡើយ​នោះ និង​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង និង​គោលការណ៍​នៃ​ក្រម​ប្រតិបត្តិ​។ 
 
​លោក​អនុរដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់ថា សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​របស់​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​ក្រុងឡាអេ មិនមាន​នៅក្នុង​របៀប​វារៈ​អាស៊ាន​នោះទេ ដោយ​លោក ពន្យល់ថា សាលក្រម​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ច្បាប់​អន្តរជាតិ​រួចទៅហើយ​។ ជាងនេះទៅទៀត​នោះ លោក យល់ឃើញថា បើ​ដាក់​សាល​ក្រុម​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​របៀបវារៈ នោះ​បរិយាកាស​នៃ​កិច្ចប្រជុំ នឹង​មិនល្អ​នោះទេ​។​
 
​សេចក្តីថ្លែងការណ៍​នេះ បានធ្វើ​ឲ្យ​ក្រុង​ប៉េកាំង សប្បាយចិត្ត​ខ្លាំង​។ តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​នា​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១០ មករា ក្រុង​ប៉េកាំង ពិតជា​ស្វាគមន៍​សេចក្តីថ្លែងការណ៍​របស់​ហ្វីលីពីន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ក៏បាន​សង្កត់ធ្ងន់ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​រវាង​ចិន និង​ប្រទេស​អាស៊ាន​មួយចំនួន​ប៉ុណ្ណោះ ពោលគឺ មិនមែនជា​បញ្ហា​រវាង​ចិន និ​អាស៊ាន​ទាំងមូល​ឡើយ​។ 
 
​នាឱកាស​ដដែល ក្រុង​ប៉េកាំង ក៏បាន​អះអាង​ជាថ្មី​ម្តង​ទៀតថា ចិន នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ដោយផ្ទាល់​តាមរយៈ​ការចរចា និង​ពិគ្រោះ​យោបល់ និង​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ជាមួយនឹង​ប្រទេស​អាស៊ាន​ផងដែរ​។ 
 
​សូម​ជម្រាប​ផងដែរ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ផលប្រយោជន៍​អធិបតេយ្យ ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា​រដ្ឋ​អាស៊ាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ រៀងរាល់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អាស៊ាន មិនដែល​រំលង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ នោះ ក៏​ព្រោះ​បញ្ហា​នេះ មានរឿង​ចម្រូងចម្រាស​ច្រើន ដែល​មិនទាន់​ដោះស្រាយ​ឲ្យ​បាន​ចប់សព្វគ្រប់​។ ចិន ដែល​កំពុង​បង្កើន​វត្តមាន​យោធា​នៅក្នុង​តំបន់​ជម្លោះ​នោះ បានទាមទារ​តំបន់​ជម្លោះ​ស្ទើរតែ​ទាំងស្រុង ដោយ​យោងតាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន​ទាមទារ​ដោយ​អាងច្បាប់​។ 
 
​នៅ​ថ្ងៃទី​១២ កក្កដា ឆ្នាំ​២០១៦ កន្លងទៅ តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍​ក្រុងឡាអេ បានចេញ​សាលក្រម​តាម​បណ្តឹង​របស់​ហ្វីលីពីន ដោយ​សម្រេច​ឲ្យ​ហ្វីលីពីន ឈ្នះក្តី​លើ​ចិន​។ តុលាការ បាន​បកស្រាយ​ថា សំអាង​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​នោះទេ​។ ជាងនេះទៅទៀត​នោះ តុលាការ ក៏បាន​ចាត់ទុក​សកម្ម​ភាព​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ទាំង​ការបង្កើត​កោះ​សិប្បនិម្មិត​សុទ្ធសឹងតែ​ខុសច្បាប់​ទៀត​។ យ៉ាងណាក៏ដោយ ចិន ប្រកាស​យ៉ាង​ដាច់ខាត​ថា មិន​ទ​ទូល​ស្គាល់ សាលក្រម​នោះទេ​។ សម្រាប់​ចិន សាលក្រម​នោះ ប្រៀបប្រដូច​នឹង​ក្រដាស​សម្រាម​យ៉ាង​ដូច្នេះ​ឯង​៕
Tag:
 ចិន​
  ហ្វីលីពីន​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12next