ជាតិ
តំបន់​អង្គរ​នឹងមាន​សេវា​អ៊ីនធឺណិត​ពេញលេញ​នៅពេល​ដ៏​ខ្លី​ខាងមុខ​
11, Jan 2017 , 7:19 pm        
រូបភាព
​សៀមរាប​៖ ក្រុមហ៊ុន​ស្មា​ត បាន​ដំឡើង​ប្រព័ន្ធ​សេវា​ទូរ​សព្ទ និង​អ៊ីនធឺណិត 4G ដំបូង​គេ នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ តាម​គម្រោង ក្រុមហ៊ុន​សេវា​ទូរ​សព្ទ​មួយចំនួនទៀត ក៏​នឹងធ្វើ​ការដំឡើង​ប្រព័ន្ធ​សេវា​របស់ខ្លួន​ដូចគ្នានេះដែរ ក្នុង​បំណង​បម្រើសេវា​កម្ម​ដល់​អតិថិ​ជន​របស់ខ្លួន ក្នុង​តំបន់​អង្គរ ដែល​កន្លងមក​ពិបាក​ក្នុងការ​ប្រើប្រាស់​។​



​មិនយូរប៉ុន្មាន​ទេ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​មក​កម្សាន្ត​ក្នុង​រមណី​ដ្ឋា​ន​អង្គរ នឹង​អាច​ប្រើប្រាស់​សេវា​ទូរ​សព្ទ ឫ​ប្រព័ន្ធ​អ៊ីនធឺណិត និង​អាច​បង្ហោះ​រូបភាព ឫ​វីដេអូ​នានា អំឡុង​ពួកគេ​កំពុង​កម្សាន្ត​ក្នុង​តំបន់​អង្គរ​។ តំបន់​អង្គរ ដែល​កន្លងមក មានការ​ពិបាក​ក្នុងការ​ប្រើប្រាស់​សេវា​ទូរ​សព្ទ​ក្នុងការ​ទំនាក់ទំនង​គ្នា​នោះ​។​

​តាម​ខ្លឹមសារ​ក្នុង​អត្ថបទ​ដែល​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្រុមហ៊ុន​ម៉ាឡេស៊ី​បាន​វិនិយោគ​សង់​បង្គោល​អង់​តែ​ន​សេវា​ទូរ​សព្ទ​ចំនួន​៦​ទីតាំង​ផ្សេងគ្នា​ក្នុង​តំបន់​អង្គរ​។ ទីតាំង​ទាំងនោះ​រួមមាន បង្គោល CTL1 នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក បង្គោល CTL2 នៅ​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ បង្គោល CTL3 នៅ​ភូមិ​រហាល សង្កាត់​នគរធំ បង្គោល CTL4 នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក បង្គោល CTL5 នៅ​ខ្លោងទ្វារ​តាកែវ និង​បង្គោល CTL6 មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​កូ​ម៉ៃ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​រំពឹងថា បន្ទាប់ពី​ដំណើរ​ការរៀបចំ​ប្រព័ន្ធ​ទូរ​សព្ទ និង​អ៊ីនធឺណិត​នេះ​រួច នឹងធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ ឫ​តំបន់​អង្គរ​កាន់​តែមាន​ភាពល្បីល្បាញ និង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​មួយកម្រិត​ទៀត​។ ភ្ញៀវទេសចរ​អាច​ថត​រូប និង​បង្ហោះ​រាល់​វីដេអូ​ដែល​បាន​ថត ពេល​ពួកគេ​កំពុង​ទស្សនា​ប្រាង្គ​ប្រាសាទ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​៕


Tag:
 អង្គរ​
  អង់​តែ​ន​ដើមឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com