ជាតិ
តំបន់អង្គរនឹងមានសេវាអ៊ីនធឺណិតពេញលេញនៅពេលដ៏ខ្លីខាងមុខ
× សៀមរាប៖ ក្រុមហ៊ុនស្មាត បានដំឡើងប្រព័ន្ធសេវាទូរសព្ទ និងអ៊ីនធឺណិត 4G ដំបូងគេ នៅក្នុងរមណីយដ្ឋានអង្គរ។ តាមគម្រោង ក្រុមហ៊ុនសេវាទូរសព្ទមួយចំនួនទៀត ក៏នឹងធ្វើការដំឡើងប្រព័ន្ធសេវារបស់ខ្លួនដូចគ្នានេះដែរ ក្នុងបំណងបម្រើសេវាកម្មដល់អតិថិជនរបស់ខ្លួន ក្នុងតំបន់អង្គរ ដែលកន្លងមកពិបាកក្នុងការប្រើប្រាស់។
មិនយូរប៉ុន្មានទេ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលមកកម្សាន្តក្នុងរមណីដ្ឋានអង្គរ នឹងអាចប្រើប្រាស់សេវាទូរសព្ទ ឫប្រព័ន្ធអ៊ីនធឺណិត និងអាចបង្ហោះរូបភាព ឫវីដេអូនានា អំឡុងពួកគេកំពុងកម្សាន្តក្នុងតំបន់អង្គរ។ តំបន់អង្គរ ដែលកន្លងមក មានការពិបាកក្នុងការប្រើប្រាស់សេវាទូរសព្ទក្នុងការទំនាក់ទំនងគ្នានោះ។
តាមខ្លឹមសារក្នុងអត្ថបទដែលចុះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ក្រុមហ៊ុនម៉ាឡេស៊ីបានវិនិយោគសង់បង្គោលអង់តែនសេវាទូរសព្ទចំនួន៦ទីតាំងផ្សេងគ្នាក្នុងតំបន់អង្គរ។ ទីតាំងទាំងនោះរួមមាន បង្គោល CTL1 នៅភូមិទក្សិណត្បូង សង្កាត់គោកចក បង្គោល CTL2 នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ បង្គោល CTL3 នៅភូមិរហាល សង្កាត់នគរធំ បង្គោល CTL4 នៅភូមិនគរក្រៅ សង្កាត់គោកចក បង្គោល CTL5 នៅខ្លោងទ្វារតាកែវ និងបង្គោល CTL6 មានទីតាំងនៅតាមបណ្តោយផ្លូវកូម៉ៃ។
អាជ្ញាធរជាតិអប្សរារំពឹងថា បន្ទាប់ពីដំណើរការរៀបចំប្រព័ន្ធទូរសព្ទ និងអ៊ីនធឺណិតនេះរួច នឹងធ្វើឲ្យរមណីយដ្ឋានអង្គរ ឫតំបន់អង្គរកាន់តែមានភាពល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមួយកម្រិតទៀត។ ភ្ញៀវទេសចរអាចថតរូប និងបង្ហោះរាល់វីដេអូដែលបានថត ពេលពួកគេកំពុងទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា៕
Tag:
អង្គរ
អង់តែនដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com