ជាតិ
ឥណ្ឌា​បើក​មហោស្រព​វប្បធម៌​នៅ​កម្ពុជា ផ្លូវការ​
11, Jan 2017 , 8:19 pm        
រូបភាព
រូបថតស្ថានទូតឥណ្ឌា
រូបថតស្ថានទូតឥណ្ឌា
ដោយ:
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​ឥណ្ឌា តាមរយៈ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​បើក​មហោស្រព​វប្បធម៌​ឥណ្ឌា ចាប់ពី​ថ្ងៃទី​១០ ខែមករា រហូតដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្នុង​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្តបាត់ដំបង​។​

​លោក Naveen Srivastava ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ប្រាប់​ហេតុផល​ដែល​ឥណ្ឌា រៀបចំ​មហោស្រព​វប្បធម៌​នៅ​កម្ពុជា ពីព្រោះ​ឥណ្ឌា​ចង់រឹត​ចំណងមិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ប្រទេស​ទាំងពីរ​ដែលមាន​ទំនាក់ទំនង​ជាង ២​ពាន់​រហូតមក​។

​លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បង្ហើប​ទៀតថា មហោស្រព​វប្បធម៌​ដែល​នឹង​ប្រព្រឹត្តឡើង​ក្នុង​ខេត្ត បាត់ដំបង​ជា​លើកទីមួយ​នេះ ស្របតាម​គោលនយោបាយ​ផ្សព្វផ្សាយ​វប្បធម៌​រវាង​រដ្ឋាភិបាល​ឥណ្ឌា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់ រួមទាំង​កម្ពុជា​ផង​។

​ដោយ​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ឯកអគ្គរដ្ឋទូត​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នៅ​អាស៊ី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ចង់​ឲ្យ ប្រជាជន​ប្រទេស​ទាំងពីរ ពិសេស​គឺ យុវជន​ជំនាន់​ក្រោយ យល់ដឹង​ពី​វប្បធម៌ អរិយធម៌​ដែល​យើង​បាន​ផ្សារភ្ជាប់​កន្លងមក ថែមទៀត​»​។​

​មហោស្រព​ដែល​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី រួមមាន ការសម្តែង​របាំ​បុរាណ​រាមាយណៈ របាំ​បុរាណ​កាតាក់​ឥណ្ឌា របាំ​ប្រពៃណី​ម៉ាន​ងារ ពិធីបុណ្យ​ព្រះពុទ្ធសាសនា និង​បុណ្យ​អាហារ ជាដើម​។ ពិធី​បើក​ព្រឹត្តិការណ៍​មហោស្រព​ឥណ្ឌា​បាន​ប្រព្រឹត្តឡើង កាលពី​ល្ងាច​ថ្ងៃទី​១០  ខែមករា ឆ្នាំ​២០១៧ នា​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ ដោយមាន​ការសម្តែង រាមាយណៈ (​រាមកេរ្តិ៍​) សម្តែង​ដោយ​ក្រុម​សិប្បៈ​ល្បីល្បាញ Kalakshetra និង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ​ជាង ៤០០​នាក់​ចូល​ទស្សនា នៅ​ថ្ងៃ​ដំបូង​។​

​ក្រៅ​គោលបំណង​រឹតចំណង​អរិយធម៌​ភាគី​ទាំងពីរ លោក Naveen Srivastava បន្ថែមថា ឥណ្ឌា​ចូលរួម​សាទរ​ខួប ២៥​ឆ្នាំ នៃ​ទំនាក់ទំនង ការទូត​ឥណ្ឌា និង​អាស៊ាន​ដែល​កម្ពុជា​ជា​សមាជិក​អាស៊ាន​មួយ តែង​ចូលរួម​ជួយ​ជ្រោមជ្រែង​បេស​សកម្ម​ការបរទេស​ឥណ្ឌា​ក្នុង​តំបន់​អាស៊ាន​។​

លោក​ឯកអគ្គរដ្ឋទូត​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ ពិសេស​គឺ យុវជន​ចាប់អារម្មណ៍​ស្វែងយល់​ពី​មហោស្រព​វប្បធម៌​ដែលមាន​ស្រាប់​ថែមទៀត​។ តាម​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ទេសចរ​ឥណ្ឌា​ជាង ១៨​លាន​នាក់​បានធ្វើ​ដំណើរ​ក្រៅប្រទេស ក្នុងនោះ ឥណ្ឌា​ជាង ៣​លាន​នាក់មក​តំបន់​អាស៊ាន និង​ជាង ៣​ម៉ឺន​នាក់មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ ។ កន្លងទៅ រដ្ឋមន្ត្រី​ទេសចរណ៍​លោក ថោង ខុន រំពឹងថា កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ជាង ៧​លាន​នាក់ ក្នុង​ឆ្នាំ ២០២០ ក្នុងនោះ ទេសចរ​ឥណ្ឌា​ជាង ១​សែន​នាក់​៕















Tag:
 Naveen Srivastava
  វប្បធម៌​
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com