អន្តរជាតិ
Duterte ជិះ​យន្តហោះ​កៅអី​ប្រភេទ Economic
13, Jan 2017 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានបង្ហាញ​ភាពសាមញ្ញ​របស់លោក តាមរយៈ​យន្តហោះ​ធម្មតា​ដូច​ប្រជាជន​ស៊ីវិល​ទូទៅ​។ មិន​ត្រឹមតែ​ជិះ​យន្តហោះ​ជាមួយ​ប្រជាជន​ឡើយ លោក​ថែមទាំង​អង្គុយ​កៅអី​ប្រភេទ Economic ដែលជា​កៅអី​ប្រភេទ​ធម្មតា​ផងដែរ ហើយ​លោក​ក៏បាន​ឈរ​តម្រង់​ជួរ និង​ចូល​កន្លែង​ត្រួតពិនិត្យ​ដូច​អ្នកដំណើរ​ដទៃទៀត​ដែរ​។​

 
​បើទោះជា​មាន​យន្តហោះ​ពិសេស​សម្រាប់​ប្រធានាធិបតី​ក៏ដោយ បុរស​ខ្លាំង Rodrigo Duterte បែរជា​សម្រេចចិត្ត​ជិះ​យន្តហោះ​ដូច​ប្រជាជន​ធម្មតា​ទៅវិញ​។ លោក Duterte បាន​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​កាលពី​ថ្ងៃទី​៥ ខែមករា ក្នុង​ដំណើរ​ពី​ទីក្រុង Davao ឆ្ពោះទៅកាន់​រដ្ឋធានី​ម៉ានីល​។ បើតាម​រូបថត​ដែល​ផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី Malacañang លោក​អង្គុយ​កៅអី​ប្រភេទ Economic ដែល​អមដោយ​ទីប្រឹក្សា​ពិសេស Christopher Bong Go ។​
 
​បើតាម​សារព័ត៌មាន Inquirer.net មន្ត្រី​វិមាន​ប្រធានាធិបតី​និយាយថា ប្រមុខរដ្ឋ​ហ្វីលីពីន បាន​ចំណាយពេល​សម្រាក​ចូលឆ្នាំថ្មី​ក្នុង​ទីក្រុង Davao ដែលជា​ស្រុកកំណើត​របស់លោក​។ យ៉ាងណាក្ដី ដំណើរ​លើ​យន្តហោះ​ថ្ងៃទី​៥ ខែមករា មិនមែនជា​លើកទីមួយ ដែល​លោក Duterte ជិះ​យន្តហោះ​ជាមួយ​ប្រជាជន​សាមញ្ញ​ឡើយ​។ 
 
​កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ពោលគឺ​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ការស្បថ​ចូលកាន់​តំណែង លោក Duterte ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​លោក​បាន​ជិះ​យន្តហោះ​អាកាសចរណ៍​ហ្វីលីពីន ត្រឡប់​ទៅកាន់​ក្រុង Davao នេះដែរ​។ ដូច​អ្នកដំណើរ​ផ្សេងទៀត លោក​ប្រធានាធិបតី បាន​ឆ្លងកាត់​កន្លែង​សុវត្ថិភាព និង​ឈរ​ជា​ជួរ​ក្នុងចំណោម​អ្នកដំណើរ​ជាច្រើន​ទៀត​។ លោក Duterte ធ្លាប់​អះអាងថា លោក​មាន​គម្រោង​ជិះ​យន្តហោះ​ពី​ក្រុង​ម៉ានីល ទៅកាន់​ក្រុង Davao ផងដែរ​។ 
 
​គេ​អាច​ចាំបាន​ថា អំឡុងពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង លោក​បាន​ប្រាប់​មន្ត្រី​របស់លោក​ឲ្យ​បោះបង់​ការ​បុព្វសិទ្ធិ​របៀប​ចោល​ទៅ​។ លោក​សង្កត់ធ្ងន់ថា​៖ «​យើង​ត្រូវបាន​ចាត់ទុក​ខ្លួន​យើង​ដូចជា​អ្នកដំណើរ​ហ្វីលីពីន​ផ្សេងទៀត​ដែរ​»​។ 
 
​តាមពិតទៅ ក្នុងនាម​ជា​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ក៏មាន​យានជំនិះ​ធ្វើដំណើរ​របស់​រដ្ឋ​ដែរ មិន​ថា​យន្តហោះ រថយន្ត អ្វី​ឡើយ​។ ប៉ុន្តែ​លោក​ជា​ប្រធានាធិបតី​មួយរូប​ដែល​មិន​ចូលចិត្ត​ការទទួលបាន​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​ជាច្រើន​នោះទេ​។ កាលពី​ធ្វើជា​អភិបាលក្រុង Davao នៅឡើយ លោក​ថែមទាំង​ជិះ​ម៉ូតូ​ល្បាត​ក្នុង​ទីក្រុង​ដោយ​ខ្លួនឯង​ទៀតផង​៕

Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com