អន្តរជាតិ
រុស្ស៊ី​ប្រាប់​អាមេរិក​ថា ខ្លួន​ជួយ​អស់​លទ្ធភាព​ហើយ​ក្នុងការ​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​
11, Jan 2017 , 8:59 pm        
រូបភាព
​ប្រមុខ​ការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការអធិប្បាយ​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក Ashton Carter លើកឡើងថា យុទ្ធនាការ​ប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​របស់​រុស្ស៊ី​នៅ​ស៊ី​រី សឹងតែ​មិន​ទទួលបាន​លទ្ធផល​អ្វី​ទាំងអស់ និង​ទុក​ឲ្យ​អាមេរិក​ជា​អ្នកដោះស្រាយ​តែម្នាក់ឯង​។ លើសពីនោះ ប្រមុខ​ការពារជាតិ​រុស្ស៊ី ក៏​ប្រាប់​ឲ្យ​លោក Carter ត្រូវ​ចេះ​ប្រយ័ត្ន ពេលធ្វើការ​វាយតម្លៃ​ស្ថានការណ៍​ផងដែរ​។



​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​រិះគន់​សម​ភាគី​អាមេរិក Ashton Carter ដែល​ចាត់ទុក​យុទ្ធនាការ​ប្រឆាំង​ភេ​វ​កម្ម​របស់​រុស្ស៊ី​នៅ​ស៊ី​រី ថា​មិន​ទទួលបាន​អ្វី​សោះ​។ ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃទី​១០ ខែមករា លោក Shoigu និយាយថា លោក Carter ច្រឡំ​ប្រទេស​ហើយ ដែល​ចាត់ទុក​រុស្ស៊ី​មិន​ជួយ​អ្វី​សោះ​នោះ ហើយ​លោក Carter ផ្ទាល់​ត្រូវ​ប្រយ័ត្នប្រយែង​ពេល​និយាយ​លើក​ក្រោយៗ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ NBC នៅ​ថ្ងៃទី​៨ ខែមករា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​អះអាងថា រុស្ស៊ី មិនបាន​ជួយ​អ្វី​ឡើយ​។ ពោល គឺ​រុស្ស៊ី ចូលមក​ស៊ី​រី និង​និយាយថា ពួកគេ​នឹង​ប្រយុទ្ធ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម និង​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​ស៊ី​រី​។ ប៉ុន្តែ​រុស្ស៊ី មិនបាន​ធ្វើ​អ្វី​ទេ ហើយ​ចុងក្រោយ​នោះ អាមេរិក​ត្រូវ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​តែម្នាក់ឯង​។ ហើយ​រុស្ស៊ី វាយប្រហារ​តែ​គោលដៅ​ក្រុម​ឧទ្ទាម​ប្រឆាំង​មួយចំនួន ដែល​រុស្ស៊ី​ចាត់ទុកជា​ក្រុម​រដ្ឋ​ឥស្លាម ឬ​ជាប់​ពាក់ព័ន្ធ​ក្រុម​នេះ​ប៉ុណ្ណោះ​។​

​ប្រមុខ​ការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​ទាត់ចោល​ការលើកឡើង​ខាងលើនេះ និង​បាន​គូសបញ្ជាក់ថា កងទ័ពអាកាស​រុស្ស៊ី បាន​បំពេញ​តាម​បទបញ្ជា​ដែល​ទទួលបាន ខណៈដែល​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​មុខ​ដោយ​អាមេរិក បាន​ត្រឹម​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ប៉ុណ្ណោះ​។ ទន្ទឹមគ្នានេះ លោក ក៏បាន​លើកឡើង​ពី​ការប្រឹងប្រែង​របស់​កង​ទ័ព​រុស្ស៊ី​ទាំងអស់ ដែល​ព្យាយាម​កម្ចាត់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។​

«​យើង​សម្រេចបាន​គោលដៅ ដែល​អគ្គមេបញ្ជាការ​កំ​ពូ​ល​កំណត់​កាលពី​ឆ្នាំមុន​។ បើទោះជា​នេះ​ជា​រឿង​លំបាក​សម្រាប់​យើង ហើយ​យើង​ត្រូវការ​ជំនួយ​ពី​អន្តរជាតិ​ក៏ដោយ យើង​មិនដែល​ទទួល​ជំនួយ​ឡើយ​។ ម្យ៉ាងទៀត ប្រតិបត្តិការ​នេះ តម្រូវ​ឲ្យ​យើង​បញ្ចេញ​គ្រប់​កម្លាំង​ទាំងអស់​រួមទាំង​ការបញ្ជូន​នាវា​មួយក្រុម​ធំ​ទៅកាន់​ស៊ី​រី ពង្រាយ​កងកម្លាំង​អាកាស និង​មន្ត្រីប៉ូលិស​យោធា​ទៀតផង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Shoigu ទាក់ទង​នឹង​ការព្យាយាម​របស់​រុស្ស៊ី​ដែល​ចេញផ្សាយ​ក្នុង​សារព័ត៌មាន RT ។​

​តាំងពី​ដើមទី​មក ក្រុង​មូ​ស្គូ និង​ក្រុង​វ៉ាស៊ីនតោន មាន​ទស្សនៈ និង​គោលដៅ​ផ្ទុយគ្នា​លើ​ទាំង​ជម្លោះ​នៅ​ស៊ី​រី និង​ការប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ អាមេរិក ចោទ​រុស្ស៊ី​ថា គិតតែ​ជួយ​ការពារ​របប​ប្រធានាធិបតី​អាសាដ និង​វាយប្រហារ​តែ​គោលដៅ​ក្រុម​ឧទ្ទាម​ប្រឆាំង​។ ឯ​រុស្ស៊ី​ឆ្លើយ​វិញ​ថា អាមេរិក​មិន​ជួយ​សហការ​ដើម្បី​កំណត់​មុខសញ្ញា​ក្រុម​ឧទ្ទាម ឬ​ក្រុម​ជ្រុលនិយម​ឲ្យ​ច្បាស់​ឡើយ គឺ​គិតតែ​រឿង​ទម្លាក់​លោក អាសាដ ពី​តំណែង​ប្រធានាធិបតី​ប៉ុណ្ណោះ​៕ 


Tag:
 ​អាមេរិក​
  រុស្ស៊ី​
  ក្រុម​រដ្ឋ​ឥស្លាម​
© រក្សាសិទ្ធិដោយ thmeythmey.com