ជាតិ
នយោបាយជាតិ
ជំនួបរវាងបក្សទាំងពីរ នៅតែមានភាពស្រពិចស្រពិល
× ភ្នំពេញ៖ បក្សកាន់អំណាចនិងបក្សប្រឆាំង បានស្រុះស្រួលគ្នារួចហើយ ថា អាចនឹងមានជំនួបចរចា នៅក្រោយថ្ងៃទី១១ មករា ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមានភាពស្រពិចស្រពិលនៅឡើយជុំវិញកាលកំណត់សម្រាប់ការជួបគ្នានេះ ដដែល។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយថា សម្តេច ស ខេង ដែលជាតួអង្គដ៏សំខាន់ក្នុងការចរចានោះ កំពុងតែរវល់យ៉ាងខ្លាំងក្នុងការងាររបស់លោក ដូច្នេះ ទើបដំណឹងនៃការចរចា នៅតែរក្សាភាពស្ងៀមស្ងាត់បែបនេះ។ លោកសុខ ឥសាន និយាយ ដូច្នេះថា៖«ការងារលោក (ស ខេង) មិនទាន់ស្រាកស្រាន្តទេឥឡូវហ្នឹង។ តាមមើលទៅ ប្រហែលជាមិនងាយទេ ព្រោះសម្តេច ស ខេង រវល់ណាស់»។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ មិនទាន់ហ៊ានសន្និដ្ឋាថា កាលបរិច្ឆេទសម្រាប់ការចរចា នឹងត្រូវប្រកាសឲ្យជាក់លាក់ នៅពេលនោះទេ ដរាបណាមិនទាន់មានតម្រុយពីសម្តេច ស ខេង។
ចំណែកខាងគណបក្សសង្គ្រោះជាតិវិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស ប្រាប់សារព័ត៌មានថ្មីៗថា គណបក្សសង្គ្រោះជាតិ មិនទាន់ទទួលបានដំណឹងអ្វី ពីគណបក្សប្រជាជនកម្ពុជានៅឡើយទេ ទាក់ទងនឹងការចរចា។ យ៉ាងណាក្តី លោក សុវណ្ណ និយាយថាខាងលោកត្រៀមខ្លួនជាស្រេចហើយសម្រាប់កិច្ចប្រជុំនៅពេលណាដែលមានការបញ្ជាក់ពីគណបក្សប្រជាជន។
ក្រុមសង្គមស៊ីវិលមួយចំនួន រួមទាំងអ្នកតាមដានស្ថានការណ៍នយោបាយផងរំពឹងទុកថា ការចរចារវាងបក្សទាំងពីរ នឹងអាចនាំទៅរកការដោះលែងឲ្យមានសេរីភាពនូវមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនដីធ្លី រួមទាំងសកម្មជនបក្សប្រឆាំងផ្សេងទៀត ដែលកំពុងជាប់ក្នុងពន្ធនាគារក្រោមអ្វីដែលអ្នកសង្កេតការណ៍ជាច្រើនចាត់ទុកថាជារឿងក្តីក្តាំនយោបាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com