ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជំនួប​រវាង​បក្ស​ទាំងពីរ នៅតែមាន​ភាពស្រពិចស្រពិល
11, Jan 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បក្ស​កាន់អំណាច​និង​បក្សប្រឆាំង បាន​ស្រុះស្រួល​គ្នា​រួចហើយ ថា អាច​នឹងមាន​ជំនួប​ចរចា នៅក្រោយ​ថ្ងៃទី​១១ មករា ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅតែមាន​ភាពស្រពិចស្រពិល​នៅឡើយ​ជុំវិញ​កាលកំណត់​សម្រាប់​ការជួបគ្នា​នេះ ដដែល​។



​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និយាយថា សម្តេច ស ខេង ដែលជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​ចរចា​នោះ កំពុងតែ​រវល់​យ៉ាងខ្លាំង​ក្នុង​ការងារ​របស់លោក ដូច្នេះ ទើប​ដំណឹង​នៃ​ការចរចា នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​បែបនេះ​។ លោក​សុខ ឥសាន និយាយ ដូច្នេះ​ថា​៖«​ការងារ​លោក (​ស ខេង​) មិនទាន់​ស្រាកស្រាន្ត​ទេ​ឥឡូវ​ហ្នឹង​។ តាមមើលទៅ ប្រហែលជា​មិន​ងាយ​ទេ ព្រោះ​សម្តេច ស ខេង រវល់​ណាស់​»​។​

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ មិនទាន់​ហ៊ាន​ស​ន្និ​ដ្ឋា​ថា កាលបរិច្ឆេទ​សម្រាប់​ការចរចា នឹងត្រូវ​ប្រកាស​ឲ្យ​ជាក់លាក់ នៅពេល​នោះទេ ដរាបណា​មិនទាន់មាន​តម្រុយ​ពីស​ម្តេច ស ខេង​។​

​ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ  លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ទទួលបាន​ដំណឹង​អ្វី ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ ទាក់ទង​នឹង​ការចរចា​។ យ៉ាងណាក្តី លោក សុវណ្ណ និយាយថា​ខាង​លោក​ត្រៀមខ្លួន​ជាស្រេច​ហើយ​សម្រាប់​កិច្ចប្រជុំ​នៅពេលណា​ដែលមាន​ការបញ្ជាក់​ពី​គណបក្ស​ប្រជាជន​។ 

​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន រួមទាំង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ផង​រំពឹងទុក​ថា ការចរចា​រវាង​បក្ស​ទាំងពីរ នឹង​អាច​នាំទៅរក​ការដោះលែង​ឲ្យ​មាន​សេរីភាព​នូវ​មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី រួមទាំង​សកម្មជន​បក្សប្រឆាំង​ផ្សេងទៀត ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ក្រោម​អ្វីដែល​អ្នកសង្កេតការណ៍​ជាច្រើន​ចាត់ទុកថា​ជា​រឿង​ក្តីក្តាំ​នយោបាយ​៕


Tag:
 CNRP
  CPP
  ចរចា​
© រក្សាសិទ្ធិដោយ thmeythmey.com