ជាតិ
សេដ្ឋកិច្ច
គយ ប្រមូល​ពន្ធ​បាន​ជាង ១៧០០ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦
12, Jan 2017 , 8:59 am        
រូបភាព
រូបភាពពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
រូបភាពពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បញ្ជាក់ថា ចំណូល​ពន្ធគយ ក្នុង​ឆ្នាំ​២០១៦ ប្រមូលបាន​ជាង ៧,០៧៦ ប៊ី​លាន​រៀល​សមមូល​នឹង​១,៧៤៥ លាន​ដុល្លារ​អាមេរិក​។ ចំណូល​នេះ កើន​ប្រមាណ​១០.៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥ ។

 
 
​ក្នុង​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​ពន្ធ បាន​ជាង ៧,០៧៦ ប៊ី​លាន​រៀល​សមមូល​នឹង​១,៧៤៥ លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​គេហទំព័រ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដែល​បញ្ជាក់​បន្តថា ចំណូល​នេះ​កើន​ប្រមាណ​១០.៥​ភាគរយ ធៀប​នឹង​ចំណូល​ពន្ធគយ​ឆ្នាំ​២០១៥ ។ 
 
​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ​និង​រដ្ឋាករ​ប្រចាំ​ខែធ្នូ និង​លទ្ធផល​បូកសរុប​ប្រចាំឆ្នាំ ២០១៦ ថា​លទ្ធផល​ចំណូល​នេះ ត្រូវជា ១០៦.២៥​ភាគរយ ធៀប​នឹង​ផែនការ​កំណត់ដោយ​ច្បាប់​ថវិកា​ឆ្នាំ​២០១៦ ។ ជាមួយនឹង​លទ្ធផល​លើស​ផែនការ​កំណត់​នេះ លោក គុណ ញឹម បាន​លើកសរសើរ​និ ង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដោយ​ទទួលខុសត្រូវ និង​ការលះបង់ របស់​មន្ត្រី​គយ​និង​រដ្ឋាករ​គ្រប់រូប​។ 
 
​ទន្ទឹមនឹងនេះ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏​ណែនាំ​មន្ត្រី​របស់ខ្លួន​អំពី​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​មួយចំនួន ៧ ចំណុច​រួមមាន​៖ ទី​១. បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​អង្គភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។ ទី​២. ពង្រឹង​ប្រសិទ្ធ​ភា​ការងារ​។ ៣.​ស្វះ​ស្វែងរក​ប្រភព​ចំណូល ឬ​សក្តានុពល​ដែល​នៅ​សេសសល់ ដើម្បី​កៀរគរ​ចំណូល​ចូល​ថវិកាជាតិ​បន្ថែមទៀត​។ ទី ៤.​បន្ត​ការអនុវត្ត​ឲ្យ​បាន ក្នុងការ​គ្រប់គ្រង​ការ​នាំចូល​ផលិតផល​តេ​ល​សិលា ដោយបាន​លុបចោល​ទាំងស្រុង​ការនាំ​ចូល​តាម​ផ្លូវគោក​។ ទី​៥. ការបន្ត​អនុវត្ត​ជាប្រចាំ​លើ​ការងារ​ពង្រឹង​រដ្ឋបាល​គយ គោលនយោបាយ​គយ​ពាក់ព័ន្ធ​នឹង​ពន្ធអាករ កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការងារ​បច្ចេកទេស​គយ​ពាក់ព័ន្ធ​នឹង​តម្លៃ​គិត​ពន្ធគយ យ​ថា​ប្រភេទ ដើមកំណើត​និង​បរិមាណ​ទំនិញ​ជាដើម​។ ទី​៦.​បន្ត​ពង្រឹង​កិច្ចសហការ​ផ្ទៃក្នុង​អង្គភាព​គយ និង​រដ្ឋាករ និង​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ និង​ទី​៧.​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បង្ការ ទប់ស្កាត់ និង    បង្ក្រាប​អំពើ​រត់គេច​ពន្ធ ដែលជា​ការងារ​គន្លឹះ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​អនុលោមភាព​សារពើពន្ធ​៕

Tag:
 ពន្ធគយ​
 ​ គុន ញឺ​ម​
© រក្សាសិទ្ធិដោយ thmeythmey.com