ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម និង​អ្នកជំនាញ បារម្ភ​ពី​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ស្របពេល​ការនាំចេញ​អង្ករ​កើនឡើង​តិចតួច​
13, Jan 2017 , 2:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ  ឆ្នាំ ២០១៦ កើនឡើង​ត្រឹមតែ ០,៧ ភាគរយ ដែលមាន​ចំនួន ៥៤,២ ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​បរិមាណ ៥៣,៨​ម៉ឺន​តោន ដែលជា​តួលេខ​មួយ​នៅ​ឆ្ងាយ​ពី​ទិសដៅ​នាំចេញ​អង្ករ ១​លាន​តោន​របស់​រដ្ឋាភិបាល ដែល​បរាជ័យ​រួចមកហើយ​នៅ​ឆ្នាំ​២០១៥ ។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អ្នក​នៅក្នុង​វិស័យនេះ បារម្ភ​ពី​វិស័យ​មួយ​នេះ ដែល​ចាំបាច់​ត្រូវមាន​ដំណោះស្រាយ​។


​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី ៩​ខែមករា បាន​សរសេរ​លិខិត​មួយច្បាប់​ជូន​ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន អំពី​ស្ថានភាព​នាំចេញ​អង្ករ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៦ ។ លោក បាន​វាយតម្លៃ​ស្ថានភាព​នាំចេញ​អង្ករ​នៅ​ឆ្នាំ ២០១៦ កន្លង ទៅ​ថា មាន​កំណើន​តិចតួច ដែល​បណ្ដាល​ពី​ការថយចុះ​យ៉ាងខ្លាំង​រយៈពេល​ចំនួន ៧ ខែ​ឆ្នាំ​២០១៦ ធៀប​នឹង​រយៈពេល​ក្នុង​ឆ្នាំ ២០១៥ ពិសេស​ក្នុង​ចន្លោះ​ពី​ខែមីនា​ដល់​ខែសីហា និង​ក្នុង​ខែធ្នូ  ដោយ​ថយចុះ ៣០,៥០​ភាគរយ​។  លោក វេ​ង សាខុន ចាត់ទុក​កំណើត​ដ៏​តិច​នេះ ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​។​
 
​លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួងកសិកម្ម​បារម្ភ​ទៅលើ​លទ្ធផល​នាំចេញ​អង្ករ ដែល​នៅ​ឆ្ងាយ​ពី​គោលនយោបាយ​នាំចេញ​អង្ករ​១​លាន​តោន​។ លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ក្រសួង​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​លើក​បញ្ហា​ជា​ក្ដីបារម្ភ​នេះ  ក្នុងន័យ​ថា ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​បន្ថែម ដើម្បី​ឲ្យ​បាន​ជោគជ័យ​»​។ លោក​បន្តថា​៖« នេះ​ជាការ​ងារ​ជំរុញ​គោលនយោបាយ ដែលមាន​ទិសដៅ​កំណត់ថា យ៉ាងតិច​១​លាន​តោន​ក្នុង​១​ឆ្នាំៗ  ហើយ​យើង​នៅ​ឆ្ងាយ គឺ​បារម្ភ​ថា មិនអាច​សម្រេច​ជោគជ័យ​នូវ​គោលនយោបាយ​»​។​
 
​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន  Amru Rice ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​ធំ​លំដាប់​ទី​៥  បានចាត់ទុក​តួលេខ​នាំចេញ​អង្ករ​ដែល​ស្ទើរនឹង​គ្មាន​កំណើន​នេះ​ថា មិន​សមស្រប​នឹង​កំណើន​វិនិយោគ​នៅក្នុង​វិស័យនេះ​។ លោក​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ការកើនឡើង​តិចតួច គឺ​មិន​សមស្រប​នឹង​ការវិនិយោគ​របស់​យើង​ទេ បើ​ប្រៀបធៀប​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការវិនិយោគ​លើ​ការផលិត កែច្នៃ មានការ​កើនឡើង​»​។ លោក​លើកឡើង​ទៀតថា​៖«​បច្ចុប្បន្ន​យើង​មាន​សមត្ថភាព​កែច្នៃ​នាំចេញ ១,២​លាន ទៅ​២​លាន​តោន ប៉ុន្តែ​យើង​នាំចេញ​បាន​ប៉ុណ្ណឹង (៥៤​ម៉ឺន​តោន​) គឺ​មិន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​សមត្ថភាព​របស់​យើង​ទេ​»​។ លោក សុង សារ៉ន អះអាងថា តម្លៃ​នាំចេញ​អង្ករ​ឆ្នាំ​២០១៦ បាន​ថយចុះ បើ​ទោះ​បរិមាណ​នាំចេញ​កើនឡើង​តិចតួច​ក្ដី​។​
 
​បើតាម លោក សុង សារ៉ន ការនាំចេញ​អង្ករ​របស់​កម្ពុជា​ជួប​បញ្ហា មិនអាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ​។ «​យើង​ប្រកួត​អត់​ឈ្នះ​គេ ទីផ្សារ​មាន តែ​យើង​វាយ​ចូល​អត់​រួច​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សារ៉ន ដែល​ឲ្យ​ដឹង​បន្ថែមទៀតថា ទីផ្សារ​អង្ករ​របស់​កម្ពុជា​នៅ​ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​ចិន គឺ​ល្អ​ព្រោះ​មានការ​លើកលែង​ពន្ធ និង​ឆន្ទៈ​នយោបាយ ខណៈ​ទីផ្សារ​ផ្សេង​មួយចំនួនទៀត​បាន​ធ្លាក់ចុះ​។​
 
«​យើង​មិនអាច​បន្ត​ជាមួយ​បញ្ហា​ដែល​គ្មាន​ដំណោះស្រាយ​ទេ បើ​អត់​ដំណោះស្រាយ គេ​យក​ទីផ្សារ​យើង​អស់ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សុង សារ៉ន ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​និង​អ្នកពាក់ព័ន្ធ​ត្រូវ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ​។ លោ​កថា​បញ្ហា​ថ្លៃដើម​ផលិត​ខ្ពស់​ទៅលើ​ការដាំដុះ​ស្រូវ ការកែច្នៃ​អង្ករ និង​អត្រា​ការប្រាក់​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ជា​ចំណុច​ដែល​ត្រូវតែ​ដោះស្រាយ​។ 
 
​អគ្គនាយក​ក្រុមហ៊ុន Amru rice រូបនេះ បានកត់សម្គាល់​ពី​បញ្ហា​ក្រៅ​ស្រុក ដែល​ប៉ះពាល់​ទីផ្សារ​អង្ករ​អន្តរជាតិ និង​ជះឥទ្ធិពល​ដល់​កម្ពុជា​នៅ​ឆ្នាំ​២០១៦ និង​បន្ត​ដល់​ឆ្នាំ​២០១៧ ។ លោក​បញ្ជាក់ថា ប្រទេស​មួយចំនួន ដែល​ធ្លាប់តែ​បញ្ជា​ទិញ តែ​បែរមក​ផលិត​ដើម្បី​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង ដែល​នាំ​ឲ្យ​បរិមាណ​ផលិត​លើស​តម្រូវការ​។ តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ​, អត្រា​ប្តូរប្រាក់​អាមេរិក និង​ការឡើង​កាន់តំណែង​ថ្មី​របស់​ប្រ​ធា​ធិបតី​សហរដ្ឋអាមេរិក ក៏ត្រូវ​បាន លោក សុង សារ៉ន មើលឃើញថា​ជា​បញ្ហា​ចោត​ដល់​វិស័យ​ស្រូវ​អង្ករ​ផងដែរ​។ 
​សូមបញ្ជាក់ថា ទិន្នន័យ​នៃ​ការនាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​កាលពី​ឆ្នាំ ២០១៥  កើនឡើង​ប្រមាណ ៣៩ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៤ ។​
 
​បើតាម​លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាណ និង​នេសាទ តួលេខ​បឋម​នៃ​ការប្រមូល​ផល​ស្រូវ​រដូវវស្សា​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៧​លាន​តោន ហើយ​បើ​បូកសរុប​ទិន្នផល​ទាំង​ស្រូវ​រដូវវស្សា និង​រដូវប្រាំង ដែល​ប្រមូល​ផល​នៅ​ខែមករា​ឆ្នាំ​២០១៧ នឹងមាន​ចំនួន​សរុប​ប្រមាណ ១០​លាន​តោន​។ លោក​បញ្ជាក់ថា កម្ពុ​ជាមាន​តម្រូវការ​ស្បៀង​ក្នុងស្រុក​ប្រមាណ ៥​លាន​តោន​ស្រូវ និង​គិត​ជា​អង្ករ​ជាង ២​លាន​តោន​៕ 

Tag:
 អង្ករ​
  សុង សារ៉ន​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com