អន្តរជាតិ
ប្រធាន​អាស៊ាន​រំពឹង​សម្រេចបាន​«​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​»​នៅ​ឆ្នាំនេះ ស្របពេល​ចិន ក៏មាន​កិច្ចសហការ​ល្អ
11, Jan 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធាន​វិលជុំ​អាស៊ាន ហ្វីលីពីន មាន​សង្ឃឹមថា ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (CoC) ដែលមាន​ភាគី​ពាក់ព័ន្ធ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អា​គ្នេ​យ័៍ និង​ចិន អាច​នឹង​បញ្ចប់​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ​។ ការ​ហ៊ាន​អះអាង​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បែបនេះ ក៏ដោយ​សារ បច្ចុប្បន្ន​ក្រុមការងារ​តាក់តែង កំពុងតែបន្ត​ការងារ​នេះ​ទាំងគ្រប់​លំដាប់ថ្នាក់ ខណៈ​ក្រុង​ប៉េកាំង ក៏មាន​កិច្ចសហការ​ល្អជា​មួយ​ផងដែរ​នោះ​។



​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay នៅ​ថ្ងៃទី​១១ មករា បាន​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖« ក្នុងពេលដែល​យើង កំពុងតែ​និយាយ យើង ក៏​កំពុងតែ​បន្តការងារ​ក្នុងការ​ពិភាក្សា​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​របស់​យើង មន្ត្រី​ថ្នាក់ក្រោម ហើយ​កិច្ចពិភាក្សា​នេះ ក៏​កំពុងតែ​ទៅមុខ​ផងដែរ​។ កត្តា​នេះហើយ ដែល​យើង មាន​សង្ឃឹមថា យើង​អាច​ទទួលបាន​ក្រម​ប្រតិបត្តិ​មួយ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៧​។​» នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters​។

​នាឱកាស​ដដែល​នោះ លោក​ប្រមុខ​ការទូត ក៏បាន​សង្កត់ធ្ងន់​ទៀតថា ចិន បាន​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ក្នុង​ការជួយ​ជំរុញ​ការងារ​ក្នុងការ​សម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​នេះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។​

​សូម​ជម្រាប​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ កន្លងមក លិ​ខិ​តូ​បក​រណ៍​ដែល​បញ្ញត្តិ​ពី​យន្តការ និង​ដំណោះស្រាយ​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើឡើង​ដោយ​អាស៊ាន និង​ចិន គឺមាន​តែមួយ​ប៉ុណ្ណោះ​។ នោះ​គឺ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DoC) ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​អាស៊ាន និង​ចិន នៅ​ឆ្នាំ​២០០២ ក្នុងពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។

​ក្នុងពេល​នៃ​ការចុះហត្ថលេខា​លើ​សេច​ក្ត​ថ្លែងការណ៍ DoC មេដឹកនាំ​អាស៊ាន ក៏​ព្រមព្រៀង​ក្នុង​ការបន្ត​កិច្ចប្រឹងប្រែង​ការចរចា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ (CoC) ផងដែរ​។ ក្រម​ប្រតិបត្តិការ​នេះ ត្រូវបាន​ផ្អាក​ចរចា​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ដ្បិត ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ មិនមាន​ការឯកភាព​គ្នា ជាពិសេស​នោះ ការជំទាស់​ពី​ចិន​។ បើ​ក្រម​ប្រតិបត្តិ ពិតជា​អាច​សម្រេចបាន​មែន​នោះ វា ក្លាយជា​លិ​ខិ​តូ​បក​រណ៍​លក្ខណៈ​ចាប់បង្ខំ​មួយ​រវាង​អាស៊ាន និង​ចិន ដែល​បញ្ញត្តិ​ពី​យន្តការ និង​ដំណោះស្រាយ​សមុទ្រ​ចិន​ខាង​ត្បួ​ង​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។

​នៅ​ថ្ងៃទី​៥ មករា កន្លងទៅ អនុរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Enrique Manalo ក៏បាន​អះអាង​ដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មាននៅ​ក្នុង​របៀបវារៈ​របស់​អាស៊ាន ហើយ អាស៊ាន នឹង​បន្ត​ធ្វើការ​ជាមួយនឹង​គ្នា​នៅក្នុង​ឆ្នាំនេះ​ដោយ​ផ្តោត​សំខាន់​លើ ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​មិនទាន់​បញ្ចប់​នៅឡើយ​នោះ និង​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង និង​គោលការណ៍​នៃ​ក្រម​ប្រតិបត្តិ​៕


Tag:
 ​ហ្វីលីពីន​
  ចិន​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com