ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានស្នើរដ្ឋាភិបាល តាមរយៈលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាឲ្យផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ព្រះសង្ឃ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ និង ជ្រើសរើសអ្នកតំណាងរាស្ត្រ នាពេលខាងមុខ។
លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិនៅតែទទួចឲ្យរដ្ឋាភិបាល ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ព្រះសង្ឃ ទោះបីជាការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ត្រូវបានបិទបញ្ចប់ក្តី។
ដោយច្បាប់បោះឆ្នោតរារាំងមិនឲ្យបុព្វជិតប្រឡូកចូលនយោបាយ មន្ត្រីគណបក្សប្រឆាំងដែលចង់ឲ្យអ្នកបួសចូលរួមប្រឡូកក្នុងនយោបាយរូបនេះ ចាត់ទុកការមិនអនុញ្ញាតឲ្យព្រះសង្ឃមានសិទ្ធិបោះឆ្នោតជាការបំបិទសិទ្ធិពលរដ្ឋក្នុងការជ្រើសរើសមេឃុំ សង្កាត់ និងអ្នកតំណាងរាស្ត្រដែរ។
លោក យ៉ែម ប៉ុញ្ញាឫទ្ធិ បានប្រាប់អ្នកសារព័ត៌មានក្រោយស្តាប់ការបំភ្លឺរបស់លោក ហ៊ឹម ឆែម កាលពីថ្ងៃទី១០ មករានេះដូច្នេះថា៖«ព្រះសង្ឃមានសិទ្ធិជ្រើសរើសអ្នកដឹកនាំនយោបាយមិនខុសទេ ព្រោះព្រះសង្ឃក៏ជាពលរដ្ឋខ្មែរម្នាក់ដែរ គឺមិនប៉ះពាល់តម្លៃសាសនាទេ»។
លោកបានជម្រាបប្រាប់រដ្ឋមន្ត្រីធម្មការឲ្យស្នើរដ្ឋាភិបាលអនុញ្ញាតឲ្យព្រះសង្ឃមានរូបថតលើអត្តសញ្ញាណខ្មែរ ក្នុងនាមជាអ្នកបួស បន្ថែមលើព្រះឆាយាសង្ឃ (បណ្ណសម្គាល់សង្ឃ) ដែលមានស្រាប់ បច្ចុប្បន្ន ដើម្បីឲ្យលោកអាចបំពេញសិទ្ធិបោះឆ្នោតដូចពលរដ្ឋធម្មតាដែរ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានទទួលយកសំណើរលោក យ៉ែម ប៉ុញ្ញាឫទ្ធិ ទៅពិនិត្យពិចារណាបន្តទៀត។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ឆ្នាំ២០១២ និងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ ២០១៣ កន្លងទៅ មានការប្រទាំងប្រទាស់ នឹងលទ្ធផលបោះឆ្នោតរវាងគណបក្សប្រជាប្រិយភាពទាំងពីរ ដោយហេតុថា គណបក្សសង្គ្រោះជាតិដែលទទួលបានសំឡេង ៥៥កៅអី ចំណោមកៅអី ១២៣ ក្នុងរដ្ឋសភាមិនពេញចិត្តនឹងលទ្ធផលឆ្នោត។ ហេតុនាំឲ្យមានការតវ៉ាទាមទារកក្រើកក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយព្រះសង្ឃចូលរួមសកម្មភាពតវ៉ាផង។ ក្រោយការចរចា គណបក្សប្រជាជន និង គណបក្សសង្គ្រោះជាតិ បានឯកភាពសម្រេចបង្កើតសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី រួមគ្នា ក្នុងនោះ មាន ទាំងតំណាងអង្គការក្រៅរដ្ឋាភិបាលដែលឯករាជ្យមួយរូបផង។
ការបង្កើតសមាសភាព គ.ជ.ប រួមគ្នាថ្មីរួម ឈានដល់ការតាក់តែងច្បាប់បោះឆ្នោតថ្មី ដែលបានរារាំងព្រះសង្ឃដែលស្ថិតក្នុងបាវចនាកំពូលជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ មិនប្រើប្រាស់ឆាយសង្ឃសម្រាប់បោះឆ្នោត ដូចមុន។ មាត្រា ១២ ក្នុងជំពូកទី ៣ ស្តីពី ការចុះឈ្មោះឆ្នោត និងបញ្ជីបោះឆ្នោត នៃ ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី បានចែងថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ដូចគ្នាដែរ មាត្រា ៤៦ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ បានចែងបញ្ជាក់ថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ច្បាប់ទាំងពីរខាងលើ ពុំបានចែងបញ្ជាក់ថា ព្រះសង្ឃអាចប្រើឆាយាសង្ឃ ឬអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរសម្រាប់បោះឆ្នោតឡើយ។
ប៉ុន្តែ បណ្តាញព្រះសង្ឃឯករាជ្យបានប្រកាសប្រឆាំងការបង្កើតច្បាប់រារាំងសិទ្ធិព្រះសង្ឃបោះឆ្នោតជាបន្តបន្ទាប់។ ព្រះតេជគុណ លួន សាវ៉ាត ដែលតែងចេញមុខដឹកនាំការតវ៉ាខ្លាំង ចាត់ទុកច្បាប់ខាងលើ ជាគោលបំណងរបស់គណបក្សកាន់អំណាចរារាំងបុព្វជិត ដែលយល់ដឹងជ្រៅជ្រះបញ្ហា បញ្ចេញសិទ្ធិជំទាស់នឹងទង្វើអយុត្តិធម៌ក្នុងសង្គមរបស់រដ្ឋាភិបាល។
«អតីតកាលនៃបញ្ហា គឺជាការចង់បានផលប្រយោជន៍នយោបាយ និងសំឡេងឆ្នោត។ មិនមែនធ្វើច្បាប់ ដើម្បីលើកតម្លៃ និងការពារផលប្រយោជន៍ពុទ្ធសាសនាទេ។ នេះយើងមើលឃើញ ថា ផុសនៅលើគោកសុទ្ធសាធ»។ ព្រះអង្គ លួន សាវ៉ាត ធ្លាប់មានដីកាបញ្ជាក់។
តាមលោក យ៉ែម បុញ្ញឫទ្ធិ បច្ចុប្បន្ន កម្ពុជាមានព្រះសង្ឃជាង ៦ម៉ឺនអង្គ ចំណោមពលរដ្ឋប្រមាណ ១៥លាននាក់៕