អន្តរជាតិ
នយោបាយអន្តរជាតិ
ព្រោះរវល់ប្រលង កូនស្រីពៅលោកអូបាម៉ាអវត្តមានក្នុងសុន្ទរកថាចុងក្រោយរបស់ឪពុក
× ក្នុងពេលថ្លែងសុន្ទរកថាចុងក្រោយមុនចាកចេញពីតំណែងរបស់លោក បារ៉ាក់ អូបាម៉ា គេឃើញមានវត្តមានអនុប្រធានាធិបតី Joe Biden និងភរិយា រួមជាមួយស្ត្រីទីមួយ និងកូនស្ត្រីច្បងរបស់លោក Malia។ គ្មានឡើយវត្តមានកូនស្រីពៅរបស់លោក Sasha ព្រោះនាងរវល់ប្រលង។
លោក បារ៉ាក់ អូបាម៉ា បានកោតសរសើរកូនស្រីរបស់លោកទាំងពីរក្នុងពេលលោកផ្តល់សុន្ទរកថាចុងក្រោយក្នុងនាមជាប្រធានាធិបតី ។ ប្រធានាធិបតីជិតផុតអាណត្តិរូបនេះបានលោកបានអះអាងថាលោក មានមោទនភាពដែលមានកូនស្រីទាំងពីរ។
យ៉ាងណាក៏ដោយ អ្វីដែលគេឆ្ងល់នោះគឺក្នុងពិធីដ៏សំខាន់នេះមានតែកូនស្រីច្បងរបស់លោកនាង Malia ប៉ុណ្ណោះដែលចូលរួម។ កូនស្រីពៅនាង Sasha មិនមានវត្តមានក្នុងកម្មវិធីនេះឡើយ។
បើតាមមន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិក ដែលស្រង់សម្តីដោយសារព័ត៌មាន CNN កូនស្រីពៅ Sasha មិនអាចមកស្តាប់សុន្ទរកថាចុងក្រោយរបស់ឪពុករបស់ខ្លួនមកពីនាងជាប់រវល់ប្រលងនៅពេលព្រឹក។ បច្ចុប្បន្ននេះ Sasha មានវ័យ ១៥ឆ្នាំហើយ។ នាងជាសិស្សដែលរៀននៅសាលាឯកជនមួយក្រុង វ៉ាស៊ីនតោន «Sidwell Friends»។
ត្រឡប់មកវិញ លោកបានថ្លែងកោតសរសើរកូនស្រីរបស់លោក ដូច្នេះថា៖ «Malia និង Sasha ពេលរស់នៅក្រោមស្ថានភាពពិសេសនេះ អ្នកនឹងក្លាយជាស្ត្រីវ័យក្មេងដ៏អស្ចារ្យនៅពេលខាងមុខ។ អ្នកឆ្លាតហើយស្អាត ប៉ុន្តែអ្វីដែលសំខាន់អ្នកមានសណ្តានចិត្តនិងគិតបានជ្រៅជ្រះ។ ក្នុងចំណោមអ្វីដែលខ្ញុំសម្រេចបានក្នុងជីវិត គឺខ្ញុំមានមោទនភាព ដែលមានធ្វើជាឪពុករបស់អ្នក»។
ក្រៅពីសរសើរកូនស្រី ក្នុងសុន្ទរកថាចុងក្រោយ លោក បារ៉ាក់ អូបាម៉ា បានអរគុណមិត្តរួមការងារ និងភរិយារបស់លោកដែលជួយគាំទ្រនិងជ្រោមជ្រែងលោកគ្រប់កាលៈទេសៈកន្លងមក។ ហើយលោកក៏ឆ្លៀតឱកាសលាប្រជាជនអាមេរិកទាំងអស់គ្នាផងដែរ មុនពេលលោកផ្ទេរអំណាចឲ្យប្រធានាធិបតី ដូណាល់ ត្រាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com