ពីនេះ ពីនោះ
តើសារព័ត៌មាន មានប៉ុន្មានប្រភេទ? រូបភាព៖ ឧត្តម
× ទស្សនៈមួយចំនួនគិតថា ឲ្យតែសារព័ត៌មាន គឺត្រូវតែធ្វើដូចគ្នាទាំងអស់ ហើយសរសេរប្រធានបទដូចគ្នា ឬត្រូវមានជំហរស្រដៀងគ្នា ឬដូចគ្នា។ល។ តាមពិត ផ្អែកលើទ្រឹស្តីសារព័ត៌មាន សារព័ត៌មានត្រូវបានគេបែងចែកជាច្រើនជំនាញ ហើយជាក្រឹត្យក្រមសន្យានុម័ត គ្រប់សារព័ត៌មានទាំងអស់មិនអាចមានជំហរដូចគ្នាឡើយ បើទោះបីជាសារព័ត៌មាននោះ មានទំនោរស្រដៀងគ្នាក៏ដោយ។
រាល់ការបង្កើតសារព័ត៌មាននីមួយៗ អ្នកបង្កើតតែងតែមានទិសដៅ និងបេសកកម្មផ្សេងៗគ្នា។ ដូច្នេះហើយ ទើបសារព័ត៌មានខ្លះ ជាសារព័ត៌មានសុខភាព សារព័ត៌មានសេដ្ឋកិច្ច សារព័ត៌មានបច្ចេកវិទ្យាព័ត៌មាន សារព័ត៌មានផ្សារភាគហ៊ុន សារព័ត៌មានកម្សាន្ត-សិល្បៈ សារព័ត៌មានកីឡា សារព័ត៌មានបុរស-ស្ត្រី សារព័ត៌មានការពារសិទ្ធិមនុស្ស សារព័ត៌មាននយោបាយ សារព័ត៌មានបញ្ចេញមតិ សារព័ត៌មានទូទៅ។ល។ ក្នុងន័យនេះ គេចង់បញ្ជាក់ថា សារព័ត៌មានសុខភាព មិនអាចសរសេររឿងនយោបាយច្រើនទេ។ ប្រសិនបើសរសេររឿងនយោបាយ សារព័ត៌មាននោះ នឹងបាត់បង់អត្តសញ្ញាណរបស់ខ្លួន។ រីឯ សារព័ត៌មានបញ្ចេញមតិវិញ ក៏មិនអាចសរសេររឿងកម្សាន្ត ឬរឿងស៊ិចច្រើនពេកនោះដែរ។
សរុបសេចក្តីមក ជាធម្មតា សារព័ត៌មានបានកំណត់គោលដៅអ្នកអានរបស់គេរៀងៗខ្លួនរួចហើយ។ បើនិយាយពីផលិត និងអតិថិជនវិញ សារព័ត៌មានបានកំណត់អតិថិជនគោលដៅរបស់គេរួចហើយ។ ក្មេង? ចាស់? ស្ត្រី? បុរស? អ្នកចេះដឹង? អ្នកស្រាវជ្រាវ? អ្នកសេដ្ឋកិច្ច? អ្នកជំនួញ? ឬក៏អតិថិជនទូទៅ?
ដូច្នេះ អ្នកអានទាំងឡាយគួរអានសារព័ត៌មានណាដែលខ្លួនគិតថា វាត្រូវនឹងចំណាប់អារម្មណ៍របស់ខ្លួន ហើយក៏មិនគួរស្តីបន្ទោសសារព័ត៌មានសុខភាពថា ម៉េចក៏មិនសរសេររឿងសិទ្ធិមនុស្ស ឬរឿងនយោបាយនោះដែរ។ ម្យ៉ាងទៀត គ្រប់សារព័ត៌មាននៅលើពិភពលោកតែងតែមានជំហររបស់គេ ស្តាំនិយម ឆ្វេងនិយម ឬនិយមកណ្តាល?
© រក្សាសិទ្ធិដោយ thmeythmey.com