​​​ន​យោ​បាយ​ជាតិ​
ក្នុង​ការគិត​របស់​អ្នក តើ​អ្វី​ជា «​នយោបាយ​»?
09, Jun 2018 , 8:39 am        
រូបភាព
​នយោបាយ គឺជា​ពាក្យ​តែមួយ​ម៉ាត់​តែមាន​ទស្សនៈ និង​និយមន័យ​ច្រើន​រាប់មិនអស់​ទៅតាម កម្រិត​នៃ​ការយល់ដឹង និង​បទពិសោធន៍​ជីវិត​ឆ្លងកាត់​ក្នុងសង្គម ព្រមទាំង​អារម្មណ៍​ពី​ធម្មជាតិ របស់​មនុស្ស​គ្រប់រូប ។ ទ​ស្សទ​នយោបាយ​កើតចេញពី​ប្រភេទ​មនុស្ស​ផ្សេងៗ​គ្នា ដូចជា​៖​អ្នកនយោបាយ ទស្សនវិទូ​នយោបាយ អ្នកវិទ្យាសាស្ត្រ​នយោបាយ អ្នកវិភាគ​នយោបាយ  សាស្ត្រាចារ្យ​នយោបាយ អ្នកសិក្សា​វិទ្យា​នយោបាយ អ្នកគាំទ្រ​នយោបាយ អ្នកដើរ​តាម​នយោបាយ អ្នកបម្រើ​នយោបាយ អ្នក​មិន​ខ្វល់​ពី​នយោបាយ ។​

 
​ថ្ងៃនេះ​សារព័ត៌​ថ្មីៗ​សូម​លើកយក​ជ្រុង​នៃ​គំនិត​ដ៏​តូច​មួយ ក្នុងចំណោម​ទស្សនៈ​នយោបាយ​រាប់មិនអស់ ទាំងនោះ មក​ចែកជូន​ដល់​ប្រិយមិត្ត​ជាទី​រាបអាន ទុកជា​មាគ៌ា​មួយ​ក្នុង​ការវិភាគ​និង​ការ​គិតពី​នយោបាយ​ក្នុ​សង្គម​កម្ពុជា​យើង​។​
 
​នយោបាយ​ក្នុង​ទីនេះ មិន​និយាយ​ពី​ទម្រង់​ដែនដី​នៃ​រដ្ឋ (​រដ្ឋ​ឯក​ភូត រដ្ឋ​សហ​ព័​ន្ឋ រដ្ឋ​សហស​ម្ព័​ន្ឋ​) មិន​និយាយ​ពី​ទម្រង់​នៃ​ការដឹកនាំ​រដ្ឋ (​រាជានិយម ឬ​សាធារណរដ្ឋ​) មិន​និយាយ​ពី​របប​នយោបាយ (​ប្រជាធិបតេយ្យ ឬ​កុម្មុយនីស្ត​) តែ​នយោបាយ​«​គឺជា​សិល្បៈ​នៃ​ការដឹកនាំ​រដ្ឋ​ប្រកបដោយ​ភាពភ្លឺស្វាង​»​ដើម្បី​ឈានទៅដល់​គោលដៅ​នៃ​ភាព​រីកចម្រើន ទាំង​ផ្នែក​លោក​សម្ភារ និង​សីលធម៌​របស់​មនុស្ស ដែលជា​ផល​នាំមក​នូវ​សុភមង្គល​ដល់​ប្រជាជន​ទាំងអស់​ក្នុងសង្គម​។​
 
​ចុះ​ដូចម្តេច​ដែល​ហៅថា សិល្បៈ​នៃ​ការដឹកនាំ​រដ្ឋ​ប្រកបដោយ​ភាពភ្លឺស្វាង ? ហើយ​កត្តា​អ្វីខ្លះ​ដែល​អាច​នាំ​ឲ្យ​មាន​«​ការដឹកនាំ​រដ្ឋ​ប្រកបដោយ​ភាពភ្លឺស្វាង​» ?
​សិល្បៈ​នៃ​ការដឹកនាំ​រដ្ឋ​ប្រកបដោយ​ភាពភ្លឺស្វាង​គឺជា​របៀប​នៃ​ការដឹកនាំ​ប្រទេស​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ​ប្រកបទៅដោយ​បញ្ញាញាណ​ដ៏​ខ្ពង់ខ្ពស់​និង​ទស្សនវិស័យ​ដ៏​ភ្លឺ​ថ្លា ដែល​ក្នុងនាម​ជា​អ្នកដឹកនាំ​ដឹង​យ៉ាងច្បាស់​ថា ផ្ទៃដី​ប្រទេស​មាន​ទំហំ​ប៉ុណ្ណឹង ប្រជាជនមាន​ចំនួន​ប៉ុណ្ណឹង តើ​ត្រូវ​រៀបចំ​ការអភិវឌ្ឍ​យ៉ាងដូចម្តេច​?​តើ​អ្វី​ជា​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​ដើម្បី​អភិវឌ្ឍ​ប្រទេស​? សង្គម​បច្ចុប្បន្ន​មាន​ស្ថានភាព​បែបនេះ អត្តចរិត​និង​វប្បធម៌​នៃ​ការគិត​ក្នុង​រឿង​នយោបាយ​របស់​ប្រជាពលរដ្ឋ​បែបនេះ ហើយ​កម្រិត​នៃ​ការអប់រំ​របស់​ប្រជាជន​ប៉ុណ្ណឹង តើ​ត្រូវ​រៀបចំ​ប្រ​ព័​ន្ឋ​ច្បាប់​និង​គោលនយោបាយ​យ៉ាងដូចម្តេច​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទៅរក​ភាព​រី​ចម្រើន​?
 
​ដើម្បី​ឲ្យ​មាន «​ការដឹកនាំ​រដ្ឋ​ប្រកបដោយ​ភាពភ្លឺស្វាង​»​គឺ​ត្រូវ​ទាមទារ​ធាតុ​មួយចំនួន​ដូចជា​៖
•    អ្នកដឹកនាំ​ត្រូវតែ​ជា​មនុស្ស​មាន​ភាពស្មោះត្រង់​ចំពោះ​ប្រជាពលរដ្ឋ​ខ្លួន ហ៊ាន​លះបង់​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ ជា​បុគ្គល​មានចំណេះដឹង​ខ្ពស់​ខ្ពស់ មាន​អត្តចរិត​បែប​ទស្សនវិទូ​។​
 
•    ប្រជាពលរដ្ឋ​មានការ​អប់រំ​ខ្ពស់ ចេះ​ខ្វល់ខ្វាយ និង​ចូលរួម​គិតគូរ​យ៉ាងសកម្ម​ក្នុង​រឿង​នយោបាយ​។​
 
•    រៀបចំ​ប្រ​ព័​ន្ឋ​ច្បាប់​ឲ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព​ដើម្បី​ឲ្យ​មាន​នីតិរដ្ឋ ដែលជា​ហេតុ​នាំ​ឲ្យ​មនុស្ស​គ្រប់​វណ្ណៈ​ក្នុងសង្គម​រស់នៅ​ក្រោម​ច្បាប់​ទាំងអស់គ្នា មាន​ភាពស្មើគ្នា​ក្នុងនាម​ជា​មនុស្សជាតិ រស់​នៅមាន​សេរីភាព និង​ទទួលបាន​យុត្តិធម៌​ទាំងអស់គ្នា​។​
 
•    រៀបចំ​ស្ថាប័ន​នយោបាយ​កំពូលៗ (​ស្ថាប័ន​នីតិបញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ ស្ថាប័ន​នីតិ​វិនិច្ឆ័យ​) ឲ្យ​មាន​តុល្យភាព​អំណាច​នយោបាយ ដើម្បី​ឲ្យ​មានការ​គោរព និង​ការ​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​រវាង​អ្នកនយោបាយ និង​មាន​សិទ្ធិ​ក្នុងការ​ត្រួតពិនិត្យ​គ្នា​ទៅវិញទៅមក​រវាង​ស្ថាប័ន​ទាំងនេះ ដែល​នាំ​ឲ្យ​ការងារ​នយោបាយ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
 
•    ការរៀបចំ​គោលនយោបាយ ប្រព័ន្ធ​នយោបាយ និង​ការបែងចែក​តួនាទី​នយោបាយ ក្នុង​ស្ថាប័នរដ្ឋ​ឲ្យ​មាន​សមធម៌​ទៅតាម​វិធាន​នៃ​ច្បាប់​ដើម្បី​ឲ្យ​បុគ្គល​គ្រប់រូប​ដឹង​តួនាទី​របស់ខ្លួន​យ៉ាងច្បាស់ ហើយ​អនុវត្តតាម​គោ​លក​រណ៍​របស់ខ្លួន​យ៉ាង​ត្រឹមត្រូវ ។​
 
​នយោបាយ​គឺជា​រឿង​របស់​អ្នក ហើយ​និង​ខ្ញុំ ។ ដើម្បី​ឲ្យ​ប្រទេសជាតិ​មាន «​ការដឹកនាំ ប្រកបដោយ​ភាពភ្លឺស្វាង​»​ជាហេតុ​នាំ​ឲ្យ​មានការ​រីកចម្រើន យើង​ត្រូវតែ​ចូលរួម​គិតគូរ​រឿង​នយោបាយ និង​បញ្ហា​សង្គម ដោយ​ការយល់ដឹង​ទាំងអស់គ្នា ។​កុំ​ស្រែ​ករក​ការរីកចម្រើន ប្រសិនបើ​អ្នក​មិន​ចូលរួម​!

© រក្សាសិទ្ធិដោយ thmeythmey.com