ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP និង CPP ដាក់​របៀបវារៈ​ចរចា​គ្នា​ចំនួន៤ តែ​គ្មាន​ករណី​ដោះលែង​មន្ត្រី​អាដហុក និង​គជប
15, Jan 2017 , 4:30 pm        
រូបភាព
ភ្នំពេញ៖ ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន និង​ប្រធាន​មតិ​ភាគតិច​ក្នុង​រដ្ឋសភា បាន​ផ្ញើលិខិត​ឆ្លើយឆ្លង​គ្នា​ដោយ​កំណត់​របៀបវារៈ​ចំនួន៤ ដើម្បី​លើកយក​មក​ពិភាក្សា​នៅពេល​ខាងមុខនេះ។ ប៉ុន្តែ​របៀបវារៈ​ទាំងនេះ មិនបាន​និយាយ​ពី​ការដោះលែង​មន្ត្រី​អាដហុក និង​គជប​ឡើយ។


 
អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ប្រាប់​សារព័ត៌មានថ្មីៗថា របៀបវារៈ​ចំនួន៤ ដែល​គណបក្ស​ទាំងពីរ​ឆ្លើយ​ឆ្លងតាម​លិខិត​នោះ គឺ​បានកំណត់​របៀបវារៈ​នៃ​ការចរចា និយាយ​ពី​តួនាទី ការងារ និង​សិទ្ធិអំណាច​របស់​ប្រធាន​ក្រុម​ភាគតិច និង​ប្រធាន​ក្រុម​ភាគច្រើន​នៅក្នុង​សភា។ ចំណុច​ទាំងពីរ​នេះ​ត្រូវ​បានលើកឡើង​ដោយ​សម្ដេច ស ខេង ។
 
ចំណែក​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម កឹម សុខា គឺ​ការស្នើ​ចរចា​និយាយ​បន្ថែម​ពីរ​ចំណុច​ទៀត លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ និង​ការស្នើសុំ​ជជែក​ទាក់ទង​នឹង​សភាពការណ៍​មុន​ការបោះឆ្នោត។
 
តែ​យ៉ាងណា​គណបក្ស​ទាំងពីរ​មិនទាន់​កំណត់​ពេលវេលា​ច្បាស់លាស់ ក្នុងការ​ជួបចរចា​គ្នា​នៅឡើយ​ទេ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​មានការ​ចរចា​គ្នា​ក្នុងអំឡុង​ខែមករា​នេះ។ នេះ​បើតាម​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា។
 
កាលពីដើម​ខែធ្នូ ឆ្នាំ២០១៦ សម្ដេច ស ខេង ធ្លាប់បាន​លើកឡើងថា ករណី​ដម​ន្ត្រី​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប នោះ​គឺ​នឹងត្រូវ​លើកយក​មក​ពិភាក្សាគ្នា ដើម្បី​ដោះលែង​ពួកគេ​មុន​ដំណាច់ឆ្នាំ២០១៦ ។ប៉ុន្តែ​ជំនួប​នោះ​ត្រូវ​ខកខាន។ តែ​យ៉ាងណា​របៀបវារៈ​ក្នុងជំនួប​នាពេលខាងមុខ​នេះ ក៏​មិនបាន​លើកឡើង​ពី​ការដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី គជប ដែរ។ 
 
ពាក់ព័ន្ធ​នឹង​ករណី​មន្ត្រី​អាដហុក និង​គជប​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ដែល​ត្រូវបាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​នោះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​កាលពី​ថ្ងៃទី១៤ មករា ដូច្នេះ​ថា៖«អ្នកខ្លះ​បានលើកឡើង​ថា ការអត្ថាធិប្បាយ​របស់​ខ្ញុំខ្លះៗ ដែល​ប៉ះពាល់​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា ដើម្បី​ដោះលែង​មន្ត្រី ឬ​អតីតមន្ត្រី ៥ រូប មកពី​អង្គការសិទ្ធិមនុស្ស អាដហុក (ADHOC)។ ការលើកឡើង​បែបនេះ គឺជា​ការ​ទទួលស្គាល់ថា អ្នក​ទាំង ៥ រូបនោះ គឺជា​អ្នកទោសនយោបាយ​ពិតប្រាកដ ដែល​គ្រាន់តែ​ជា​ចំណាប់ខ្មាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​យក​ជនរងគ្រោះ​ទាំងនោះ ទៅប្រើ​ប្រាស់​ជា​ថ្នូរ ដើម្បី​គំរាមកំហែង គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បម្រើ​ផលប្រយោជន៍​នយោបាយរ​បស់​ពួកគេ»។
 
សារព័ត៌មានថ្មីៗ មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​នេះ​នៅឡើយ​ទេ៕
 

Tag:
 CPP
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com