កីឡាជាតិ
អត្ត​ព​លិ​ក​កម្ពុជា​នឹងមាន​ឱកាស​ក្លាយជា​តារា​សម្តែង​ឲ្យ​ផលិតកម្ម​ឥណ្ឌា​
16, Jan 2017 , 8:19 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ផលិតកម្ម​ឥណ្ឌា​(Two Bro Production) ដើម្បី​បង្កើត​ខ្សែភាពយន្ត​កីឡា​(Sport Movies)​នៅ​កម្ពុជា​។ ខ្សែភាពយន្ត​ដែល​ឆ្លុះបញ្ចាំង​ពី​ភាពជោគជ័យ និង​ការតស៊ូ​របស់​កីឡាករ​នេះ នឹង​លេចចេញ​ជា​រូបរាង​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខ​។ តាមរយៈ MOU សរ​បញ្ជាក់​ឲ្យ​ឃើញថា កីឡាករ​ឆ្នើមៗ​របស់​កម្ពុជា​នឹងមាន​ឱកាស​ក្លាយជា​តារា​សម្តែង​មួយរូប​ក្រៅពី​អាជីព​កីឡា​។



​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) សហការ​ជាមួយ​ផលិតករ​មកពី​ឥណ្ឌា បង្កើត​ខ្សែភាពយន្ត​កីឡា (Sport Movies) ដែល​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិត​របស់​កីឡាករ​នៅ​កម្ពុជា​។ ភាពយន្ត​នេះ​វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​ឆ្នើម​របស់​កម្ពុជា​ក្នុងការ​ក្លាយជា​តារា​សម្តែង​មួយរូប​ក្រៅពី​អាជីព​ជា​អ្នកកីឡា​។ លើសពីនេះ​អាចជួយ​រក​ចំណូល​បន្ថែម ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​កីឡាករ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀតផង​។

«​ខ្សែភាពយន្ត​ដែល​យើង​គ្រោង​ថត​លើកដំបូង​នៅ​កម្ពុជា​អាច​នឹង​ជ្រើស​រើសយក​កីឡាការិនី ស៊ន សៀវ​ម៉ី ឬ​កីឡាករ​បាល់ទាត់​ល្បីៗ​របស់​កម្ពុជា​ម្នាក់​ពីរ​នាក់ ដើម្បី​បង្កើតជា​ទស្សនីយភាព​នៃ​ជីវិត​ដែល​ឆ្លុះ​បញ្ចាំ​ពី​ភាពជោគជ័យ ថា​តើ​មានការ​តស៊ូ​យ៉ាងណា​? ប៉ុន្តែ​របៀប​ធ្វើ​ភាពយន្ត​របស់គេ​មាន​ពីរ​គឺ​ទី​១​ឲ្យ​កីឡាករ​ឆ្នើម​ដែល​ត្រូវ​ថត​ដើរតួ​ដោយ​ខ្លួនឯង ទី​២​គឺ​យក​សាច់រឿង​របស់​កីឡាករ​ទាំងនោះ ឲ្យ​គេ​ដើរតួ​ជំនួស​»​។ នេះ​ជា​ប្រសាសន៍​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។​

​ការបង្កើត​ខ្សែ​យន្ត​កីឡា​នេះ​ក្នុង​គោលបំណង​ជួយ​លើកស្ទួយ​វិស័យ​កីឡា​ជាតិ​ក៏ដូចជា​កីឡាករ​ឆ្នើមៗ​របស់​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។ ខ្សែភាពយន្ត​ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​ជីវិត​ពិត​នៃ​ការតស៊ូ និង​ភាពជោគជ័យ​របស់​កីឡាករ​នេះ ដោយ​ផ្តោត​សំខាន់​ទៅលើ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

​ទោះបី​វា​ជា​លើកទីមួយ​សម្រាប់​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​លោក Dayanand Bhardwaj ដែលជា​ចាងហ្វាង​ផលិតកម្ម Two Bro Production រូបនេះ​បាន​បញ្ជាក់ថា លោក​ធ្លាប់​ផលិត​ខ្សែភាពយន្ត​កីឡា​នេះ​ជាច្រើនលើក​រួចមកហើយ​ជាមួយ​ជោគជ័យ​ដ៏​ល្អប្រសើរ ដោយ​អាច​រក​ចំណូល​ពី​ខ្សែភាពយន្ត​នេះ​បាន​រហូត​រាប់លាន​ដុល្លារ​។ ខ្សែភាពយន្ត​កីឡា​(Sport Movies) ដែល​គ្រោង​នឹង​ថត​នៅ​កម្ពុជា​ជា​លើកដំបូង ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ពី​១០​ម៉ឺន​ដុល្លារ​រហូតដល់​១៥​ម៉ឺន​ដុល្លារ​។

​ទោះបីជា​យ៉ាងនេះ​ក្តី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​រំពឹងថា ខ្សែភាពយន្ត​កីឡា​ដែល​គ្រោង​នឹង​បង្កើតជា​លើកដំបូង​នៅ​កម្ពុ​ជាមួយនេះ នឹង​ក្លាយជា​ចលករ​ជួយ​ជំរុញ​ទឹកចិត្ត​កីឡាករ​កីឡាការិនី​កម្ពុជា​ឲ្យ​ហ្វឹកហាត់​កាន់តែខ្លាំង និង​ជួយ​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​ហ្វឹកហាត់​កីឡា​កាន់តែច្រើន​។ ហើយ​លោក​រំពឹងថា គម្រោង​ថ្មី​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ជាតិ និង​អន្តរជាតិ​។​

​បើ​យោងតាម​អនុស្សារណៈ​យោគយល់​គ្នា​(MOU) ដែល​ចុះហត្ថលេខា​ដោយ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈ​ក​ម្មា​ធិ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក Dayanand Bhardwaj ចាងហ្វាង​ផលិតកម្ម Two Bro Production កាលពី​ថ្ងៃទី​១៥ ខែមករា នៅ​ទីស្នាក់ការ NOCC កាលពី​ម្សិលមិញ​។ ខ្សែភាពយន្ត​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខនេះ​៕





Tag:
 វ៉ា​ត់ ចំរើន​
  កុន​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com