ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប បើកសវនាការ​លើ​បណ្ដឹង CNRP ពាក់ព័ន្ធ​នឹង​ឈ្មោះ​ជនជាតិ​វៀតណាម​ក្នុង​បញ្ជី​បោះឆ្នោត​
17, Jan 2017 , 9:46 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កំពុង​បន្ត​បើកសវនាការ​លើ​ពាក្យបណ្ដឹង​ចំនួន​១៦ បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃទី​១៧ មករា​នេះ​។ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​និង​អនុប្រធាន គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នេះ​។​


​មុន​ចូល​បន្ទប់​បើកសវនាការ​លើ​ពាក្យបណ្ដឹង​ទាំងនេះ អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹងថា សំណុំរឿង​ទាំង​១៦ ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ​គ​.​ជ​.​ប លើក​យកមក​ពិភាក្សា​ដោះស្រាយ​នោះ ភាគច្រើន​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការចុះឈ្មោះ​ជនបរទេស និង​ការទាមទារ​ឲ្យ​លុបឈ្មោះ​ជនជាតិ​វៀតណាម​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រោយ​កិច្ច​ជំនុំជម្រះ​រួចរាល់ គ​.​ជ​.​ប នឹង​ប្រកាស​សេចក្ដីសម្រេច​ថា គួរ​លុប​ឬ​មិន​លុបឈ្មោះ​ជនបរទេស​ទាំងនេះ​។​
 
​កន្លងមក​លោកស្រី ម៉េង សុភា​រី ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រកឃើញ​ជនជាតិ​វៀតណាម​ប្រមាណ ៥​ពាន់​នាក់ បាន​ចុះឈ្មោះ​ក្នុងអំឡុងពេល​យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់ ពី​ខែកញ្ញា ដល់​ចុងខែ​តុលា កន្លងទៅ ។ ក្នុងចំណោម​អ្នក​ទាំង ៥ ពាន់​នាក់​នោះ មានឈ្មោះ​ជាង ៣​ពាន់​នាក់ នៅ​រាជធានី​ភ្នំពេញ និង​ជិត ៩ រយ​នាក់​នៅក្នុង​ខេត្តស្វាយរៀង ព្រមទាំង​ប្រមាណ ១ ពាន់​នាក់​ទៀត រកឃើញ​នៅក្នុង​ខេត្ត​ចំនួន ២៣  ផ្សេងទៀត ។ លោកស្រី​បញ្ជាក់ថា ជនជាតិ​វៀតណាម  ដែល​គណបក្ស​ខ្លួន​រកឃើញ​នោះ  សុទ្ធ​តែមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។​
 
​មន្ត្រីជាន់ខ្ពស់​ប្រឆាំង​រូបនេះ បាន​ប្រាប់​ភស្តុតាង​ដែល​បក្ស​ខ្លួន​ចោទថា អ្នក​ទាំង ៥ ពាន់​នាក់​នោះ ជា​ជនជាតិ​វៀតណាម ដោយសារ​ការនិយាយ​សំនៀង​ភាសា​ខ្មែរ​មិន​ច្បាស់ និង​ផ្អែកលើ​ការរាយការណ៍​របស់​ស​កម្ម​ជន​បក្ស​នៅតាម​មូលដ្ឋាន​ទូទាំងប្រទេស​។ គណបក្សប្រឆាំង ដាក់​ការសង្ស័យថា តើ​ជនជាតិ វៀតណាម​ទាំងនោះ មាន​អត្តសញ្ញាណ​បណ្ណ​ខ្មែរ ដោយ​ការប្រកាស​សញ្ជាតូបនីយកម្ម តាមរយៈ​ព្រះរាជក្រឹត្យ​ស្របច្បាប់​ឬទេ​? 
 
​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៧,៨៧៣,១៩៤ ស្មើនឹង​៨១​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត​ចំនួន ៩,៦៦៤,២១៦ លាន​នាក់​។ ចំនួន​ដែល​ចុះឈ្មោះ​បាន​ក្នុង​បញ្ជី​ថ្មី​នេះ ថយចុះ​ជិត ២​លាន​នាក់ ធៀប​ទៅនឹង ៩​លាន ២ សែន​នាក់​ដែល គ​.​ជ​.​ប បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១២ ៕
 

Tag:
 គជប​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com