ជាតិ
នយោបាយជាតិ
CPP និង CNRP ជួបពិភាក្សាគ្នា នៅថ្ងៃទី២៥ មករា
×
ភ្នំពេញ៖ ប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើន និងប្រធានមតិភាគតិចក្នុងរដ្ឋសភា បានកំណត់ពេលជួបពិភាក្សាគ្នា នៅថ្ងៃទី២៥ មករា លើរបៀបវារៈចំនួន៤ ដែលគណបក្សទាំងពីរបានដាក់លិខិតឆ្លងឆ្លើយគ្នាទៅវិញទៅមក កាលពីថ្ងៃទី១៣ និង១៤ មករា។ នេះបើតាមលិខិតរបស់ខុទ្ធកាល័យសម្ដេច ស ខេង ចុះថ្ងៃទី១៦ មករា។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់សារព័ត៌មានថ្មីៗថា
របៀបវារៈចំនួន៤ ដែលគណបក្សទាំងពីរឆ្លើយឆ្លងតាមលិខិតនោះ គឺបានកំណត់របៀបវារៈនៃការចរចា និយាយពីតួនាទី ការងារ និងសិទ្ធិអំណាចរបស់ប្រធានក្រុមភាគតិច និងប្រធានក្រុមភាគច្រើននៅក្នុងសភា។ ចំណុចទាំងពីរនេះត្រូវបានលើកឡើងដោយសម្ដេច ស ខេង ។
ចំណែកលិខិតរបស់គណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាដោយឯកឧត្តម កឹម សុខា គឺការស្នើចរចានិយាយបន្ថែមពីរចំណុចទៀត លើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតតំណាងរាស្ត្រ និងការស្នើសុំជជែកទាក់ទងនឹងសភាពការណ៍មុនការបោះឆ្នោត។ ប៉ុន្តែរបៀបវារៈទាំងនេះ មិនបាននិយាយពីការដោះលែងមន្ត្រីអាដហុក និងគជបឡើយ។
សមាសភាពចូលរួមនៅក្នុងជំនួបពិភាក្សា ពីខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេច ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ។ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ចំណែកសមាសភាពពីខាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយឯកឧត្តម កឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្របក្សប្រឆាំងក្នុងរដ្ឋសភា។ លោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ ជាសមាជិក៕
© រក្សាសិទ្ធិដោយ thmeythmey.com