ភ្នំពេញ៖ ក្នុងឆ្នាំ ២០១៦ ពលករ-ពលការិនីខ្មែរ ចំនួន ៨១៦នាក់ ដែលរងគ្រោះនៅតាមបណ្តាប្រទេសផ្សេងៗ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្គ្រោះ និងរៀបចំបញ្ជូនមកកម្ពុជាវិញ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ។
សេចក្តីប្រកាសព័ត៌មានខាងលើ បានឲ្យដឹងថា ពលករ-ពលការិនីទាំង៨១៦នាក់ ដែលបានជួយសង្គ្រោះនិងបញ្ជូនមកកម្ពុជាវិញនោះ ត្រូវបានក្រសួង និងស្ថានទូតខ្មែរ ធ្វើអន្តរាគមន៍ពីប្រទេសចំនួន១២ ដោយក្នុងនោះរួមមាន ម៉ាឡេស៊ី ២៧២នាក់, វៀតណាម ២៣១នាក់, ថៃ ១៣៩នាក់, ឥណ្ឌូនេស៊ី ៧៨ នាក់, ចិន ៦៤ នាក់, ជប៉ុន ១៦នាក់ , សិង្ហបុរី ៦នាក់, រុស្ស៊ី ២នាក់, ឡាវ ២នាក់, អារ៉ាប៊ីសាវឌីត ១នាក់, និងអូស្ត្រាលី ១ នាក់ ។
ដោយឡែក ពលករខ្មែរចំនួន ៤រូបទៀត ដែលចោរសមុទ្រនៃប្រទេសសូម៉ាលី ចាប់ជំរិត កាលពីឆ្នាំ២០១៦ ត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយនឹងអាជ្ញាធរហ្វីលីពីន ជួយពួកគេ ឲ្យបានវិលមកកម្ពុជាវិញ។
ពលករ-ពលការិនីខ្មែរខាងលើ បានរងគ្រោះនៅតាមប្រទេសនានា ក្នុងទម្រង់ផ្សេងៗគ្នា។ទម្រង់នៃការរងគ្រោះទាំងនោះ រួមមាន ការបំពានពីនិយោជក, ការរងគ្រោះក្នុងអំពើជួញដូរមនុស្ស, ការរងគ្រោះក្នុងអំពើជួញដូរកម្លាំងពលកម្ម ទៅធ្វើជាកម្មករលើទូកនេសាទ, ការរងគ្រោះដោយការបោកបញ្ឆោតយកទៅរៀបការជាមួយជនបរទេស, ការរងគ្រោះក្នុងអំពើជួញដូរផ្លូវភេទ និង ការលំបាកក្នុងការងារ តាមហាង និងតាមផ្ទះ ជាដើម។ ក្រៅពីនេះ ពលករ-ពលការិនីខ្មែរខ្លះទៀត ក៏បានជួបការលំបាក ដោយសារតែទៅរស់នៅ និង ធ្វើការនៅក្រៅប្រទេស ដោយខុសច្បាប់ ផងដែរ។
កន្លងមក ជុំវិញបញ្ហាចំណាកស្រុករបស់ពលករនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការ បានអំពាវនាវម្តងហើយម្តងទៀតដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីដែលងាយរងគ្រោះ គួរស្វែងរកការងារដែលមានស្រាប់ក្នុងស្រុក ជាជាងការចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ ដើម្បីចៀសវាង ការឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងអាចជួបគ្រោះដោយការចាញ់បោកមេខ្យល់ ឬក្រុមហ៊ុន។
សូមរម្លឹកថា ពលករខ្មែរ ប្រមាណ៦០០នាក់ ដែលរងគ្រោះនៅតាមប្រទេសនានា ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជួយសង្គ្រោះ និងនាំមកកម្ពុជាវិញ ក្នុងឆ្នាំ២០១៥ ៕